ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យជាអ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀន៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយនគរបាលស្រុកសាមគ្គីមានជ័យ និង ស្រុកកំពង់ត្រឡាច ព័ទ្ធចាប់បានជាបន្តបន្ទាប់ កាលពីថ្ងៃទី៧ និង ថ្ងៃទី៨ខែសីហា ឆ្នាំ២០១៥ នៅស្រុកកំពង់ត្រឡាច និង ស្រុកសាមគ្គីមានជ័យ ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យនេះមានឈ្មោះ១.ឈុន រ៉ា ភេទប្រុស អាយុ២៦ឆ្នាំមានទីលំនៅក្នុងភូមិបឹងលាច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ជាមុខសញ្ញាចាស់អ្នកចែកចាយ ។២.ឈ្មោះស កាណុន ភេទប្រុស អាយុ២៣ឆ្នាំ ៣.ឈ្មោះមឿន ឌីណូរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ៤.ឈ្មោះឌួង សុឃុត ភេទប្រុស អាយុ១៦ឆ្នាំ និង ៥.ឈ្មោះ សាន់ គឹមឆាយ ភេទប្រុស អាយុ២៥ឆ្នាំ ជនសង្ស័យទាំង៤ខាងខាងក្រោមនេះរស់នៅស្រុកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចរកឃើញមានថ្នាំញៀនភេទម៉ាទឹកកកចំនួន១កញ្ចប់ធំ និង១កញ្ចប់តួច បានដកហូតវត្ថុតាងបន្ថែមទៀតមានម៉ូតូ១គ្រឿង ទូរស័ព្ទដៃ២គ្រឿង រួមនឹងឧបករណ៍ជក់មួយចំនួនទៀត ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យនេះគឺជាមុខសញ្ញាចាស់ម្នាក់ និង ៤នាក់ផ្សេងទៀតជាអ្នកប្រើប្រាស់ ដែលតែងតែបានធ្វើសកម្មភាពនៅក្នុងមូលដ្ឋានខាងលើ ហើយការចាប់នាពេលនេះដោយសារមានការរាយការណ៍ពីកម្លាំងសម្ងាត់ ស្តីពីសកម្មភាពចែកចាយគ្រឿងញៀននៅពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាម នីតិវីធី ៕
ដោយ៖ ចន្ថា