ប្រធានាធិបតីកូរ៉េខាងត្បូងស្នើឲ្យជំនួយការរបស់ខ្លួន១៤នាក់លាលែងពីតំណែងក្រោយពេលមានរឿងអាស្រូវ

ចែករំលែក៖

ឆាកនយោបាយនៅកូរ៉េខាងត្បូងកំពុងតែធ្លាក់ក្នុងសភាពវឹកវរក្រោយពេលមានរឿងអាស្រូវរបស់ប្រធានាធិបតី ផាក គឿន ហេ បានលាតត្រដាងជាសាធារណៈ។

វិបត្តិកំពុងតែគ្របដណ្តប់កូរ៉េខាងត្បូងទាំងមូលចាប់តាំងពីទំនាក់ទំនងរវាងប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីផាក គឿន ហេ នឹងមិត្តភក្តិជិតស្និទ្ធ Choi sun Sil ត្រូវបានលាតត្រដាងមក។ លោកស្រីផាក គឿនហេ បានអនុញ្ញាតឲ្យកូនស្រីរបស់លោកស្រី Choi ដែលជាមេដឹកនាំសាសនា អាចចូលរួមនៅក្នុងឆាកនយោបាយនិងការងារដ៏សំខាន់របស់ជាតិ ដោយមិនចាំបាច់កាន់តំណែងណាមួយនៅក្នុងជួររដ្ឋាភិបាល ។

ហេតុការណ៍ខាងលើបានធ្វើឲ្យគណបក្សប្រឆាំងថ្កោលទោសយ៉ាងខ្លាំងដោយចាត់ទុកថាជាការគ្រប់គ្រងព័ត៌មានជាតិទន់ខ្សោយ និងខ្វះតម្លាភាពក្នុងការគ្រប់គ្រង ។ ភ្លាមៗនោះលោកស្រីបានធ្វើការកែទម្រង់ប្រព័ន្ធដឹកនាំក្នុងនោះមានជំនួយការរបស់លោកស្រី ផ្ទាល់ដែលជាដើមហេតុបង្កឲ្យមានវិវាទ។

សារព័ត៌មាន Korea Times បានផ្សាយ ថា លោកស្រីផាក គឿនហេ បានស្នើឲ្យជំនួយការ១៤នាក់លាលែងចេញពី តំណែង។ ក្រុមជំនួយការទាំងនោះមានសារសំខាន់យ៉ាងខ្លាំងសម្រាប់លោកស្រី នៅក្នុងគោលនយោបាយសហការគ្នាដែលមានបញ្ហានយោបាយ,ស៊ីវិល,កិច្ចការបរ-ទេស,សេដ្ឋកិច្ច,សន្តិសុខជាតិ,ទំនាក់ទំនងមហាជន,យុទ្ធសាស្ត្រអនាគត,អបរំ,វប្បធម៌,ការងារជាដើម។

ហេតុការណ៍ខាងលើបានធ្វើឲ្យទំនុកចិត្តលោកស្រីផាក គឿនហេ ធ្លាក់ចុះយ៉ាង ខ្លាំង ។ នៅតាមដងផ្លូវក្នុងទីក្រុងសេអូ៊លមានពលរដ្ឋជាង៣មឺុននាក់នាំគ្នាដង្ហែក្បួនប្រឆាំងលោកស្រី។ នៅក្នុងការស្ទង់មតិថ្មីបំផុតរបស់បណ្តាញ Real Meter បង្ហាញ ឲ្យឃើញថា ពលរដ្ឋកូរ៉េខាងត្បូងមានតែ២១ភាគរយប៉ុណ្ណោះគាំទ្រឲ្យលោកស្រីបន្តតំណែង ចំណែក៤០ភាគរយទាមទារឲ្យ លោក ស្រីផាក គឿនហេចុះពីតំណែង។

សូមបញ្ជាក់ផងដែរថា លោកស្រី Choi Soon-Sil ត្រូវបានគេស្គាល់ថា ជាមិត្តស្និទ្ធស្នាលនឹងលោកស្រីផាក គឿនហេ ។ ការ ពិតបន្ថែមទៀតនោះគឺថា លោកស្រី Choi Soon-Sil ជាកូនស្រី របស់បុរសម្នាក់ឈ្មោះ Choi Tae-Min ដែលត្រូវបានគេស្គាល់ថាជាមនុស្សចេះមន្តអាគមអូមអាម។ បុរសនេះកាលនៅរស់បានមានទំនាក់ទំនងស្និទ្ធស្នាលជាមួយលោកស្រីផាក គឿនហេ ហើយតាមប្រភពពីឯកសារជាច្រើនបានបង្ហាញថា ឈ្មោះ Choi Tae-Min បានប្រើមន្តអាគមគ្រប់គ្រងរាល់សកម្មភាព និងស្មារតីរបស់លោកស្រីផាក គឿនហេ ទៀត ផង។ ពាក្យចចាមអារ៉ាមបានរីករាលដាលកាន់តែធំ ដែលថា លោកស្រី Choi Soon-Sil បានស្នងតំណែងមេធ្មប់បន្តពីឪពុករបស់ខ្លួនដើម្បីប្រើស្នេហ៍គ្របសង្កត់លើលោកស្រីផាក គឿនហេ។

លោកស្រីផាក គឿនហេ បានធ្វើការសុំទោសជាសាធារណៈកាលពីថ្ងៃសុក្រ ទី២៨ ខែតុលា ដោយបានទទួលស្គាល់ថា គាត់ពិតជាធ្លាប់បានប្រឹក្សាយោបល់ជាមួយលោកស្រី Choi Soon-Sil ពិតមែន។ ដោយឡែកលោកស្រី Choi Soon-Sil ដែលបានបាត់ខ្លួនជាមួយនឹងសាច់ប្រាក់សុទ្ធប្រមាណជា៣៦ម៉ឺនដុល្លារនោះ ទើបបានលេចមុខនៅប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី២៧ ខែតុលា។ មេធាវីរបស់ស្រ្តីនេះបានអះអាងថាកូនក្តីខ្លួនត្រៀមត្រឡប់ទៅកូរ៉េខាងត្បូងវិញដើម្បីឆ្លើយបំភ្លឺ។ ស្របពេលនេះដែរអាជ្ញាធរកូរ៉េខាងត្បូងកំពុងរឹបអូសឯកសារនានានៅការិយាល័យរបស់ជំនួយការផ្ទាល់របស់លោកស្រីផាក គឿនហេ ជាច្រើននាក់។

មិនត្រឹមតែប៉ុណ្ណោះទូរទស្សន៍ JTBC បានផ្សាយថា លោកស្រី Choi Soon-Sil គឺជាអ្នកត្រួតពិនិត្យនិងកែតម្រូវនូវរាល់សុន្ទរកថា របស់លោកស្រីផាក គឿនហេ។ ជាងនេះទៅទៀតក្នុងចំណោមកិច្ចការនយោបាយធំៗ មានទាំងកិច្ចការសន្តិសុខការពារជាតិគឺលោកស្រី ផាក គឿនហេ ត្រូវតែឆ្លងយោបល់លោកស្រី Choi Soon-Sil ជាមុនជានិច្ច៕

south-korea

...

ដោយ៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print