ភ្នំពេញ៖ ក្មេងទំនើង១ក្រុមមានគ្នា៧នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំខណៈពួកគេចេញពីផឹកសុីរួចក៏មានទំនាស់ពាក្យសម្ដីរឿងចេញលុយមិនស្មើគ្នាហើយបានបង្កហិង្សាតាមផ្លូវសាធារណៈ កាលពីវេលាម៉ោង១១និង២៥នាទីយប់ថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ២០១៦ នៅចំណុចក្បែរក្លោងទ្វារច្រកចូលវត្តសំរោងអណ្ដែត ស្ថិតតាមផ្លូវវត្តសំរោងអណ្ដែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្រុមក្មេងស្ទាវមួយក្រុមមានគ្នា៧នាក់ជិះម៉ូតូ៣គ្រឿងចេញពីហាងផឹកសុីមួយកន្លែងជិតវត្តសំរោងអណ្ដែត ហើយលុះមកដល់ចំណុចកើតហេតុស្រាប់តែឃើញអ្នកទាំងអស់នោះដោះខ្សែក្រវ៉ាត់វាយគ្នាពេញផ្លូវបង្កភាពអានាធិបតេយ្យពេញផ្លូវទើបប្រជាពលរដ្ឋនៅម្ដុំនោះបានទាក់ទងទៅកាន់សមត្ថកិច្ចខណ្ឌសែនសុខសហការជាមួយកម្លាំងអន្តរាគមន៍រាជធានីចុះមកធ្វើការឃាត់ទាន់ពេលវេលា ហើយយកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីតែម្តង។
ក្រុមក្មេងទំនើងបាននិយាយថា ពួកគេទើបតែចេញមកពីហាងផឹកសុីមួយកន្លែងយីហោ ចរណៃ នៅជិតរបងវត្តសំរោងអណ្ដែត ក្រោយមកពួកគេបានប្រកែកគ្នារឿងចេញលុយមិនស្មើគ្នាហើយនិងរឿងញ៉ែស្រីរបស់ពួកម៉ាកខ្លួនក៏ទើបមានទំនាស់គ្នាបង្កជាហិង្សាយកខ្សែក្រវ៉ាត់ដេញវាយគ្នាតាមផ្លូវដូច្នោះទៅ។
បច្ចុប្បន្នក្មេងទំនើងទាំង៧នាក់កំពុងតែធ្វើការអប់រំណែនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលភ្នំពេញថ្មី និងហៅសាច់ញាតិឲ្យមកធានាយកត្រឡប់ទៅផ្ទះវិញ៕
...
ដោយ៖ តុង សីហា