ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា នេះ អនុរក្សពន្ធនាគារព្រៃស បានបញ្ជូនលោក លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះករណីប្រព្រឹត្តអំពើពុករលួយទឹកប្រាក់ជាង៧លានដុល្លារអាមេរិកនិងមានមាសសុទ្ធជាង១២គីឡូក្រាម ។សវនាការនេះដឹកនាំដោយលោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ។
គួររំលឹកថា លោក ស៊ុត ឌីណា ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ចំនួន២បទល្មើស គឺ បទកេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧និង៥៩៨ នៃក្រមព្រហ្មទណ្ឌ និង បទរំលោភអំណាច តាមមាត្រា៣៥ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ។
កន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយរកឃើញថា លោក ស៊ុត ឌីណា មានលុយមិនប្រក្រតីចំនួន៧,២លានដុល្លារអាមេរិក និងមានមាស១២,៧៤គីឡូក្រាម ៕
ដោយ៖ ចេស្តា