ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ប្អូនៗបញ្ញវ័ន្តដែលមានចំណូលចិត្ត ក្នុងការអភិវឌ្ឍ ខ្លួនជាម្ចាស់សហគ្រិនទាំងឡាយ នឹងទទួលបានជោគជ័យ ជាមិនខានសម្រាប់កាប្រកួតប្រជែង លើឆាកសមាហរណកម្មអាស៊ាន ដែលនឹងចាប់ផ្តើមនាចុងឆ្នាំ២០១៥ សំអាងលើសេចក្តីតស៊ូរបស់ប្អូនៗ ប្រកបដោយសុឆន្ទៈ ក្លាហាន ព្យាយាម ស្របទៅតាមសភាពការនយោបាយ កំពុងអំណោយផល គ្រប់បែបយ៉ាង នៅកម្ពុជា ជាពិសេស ប្រទេសកម្ពុជា ជាប្រទេសដែល មានសុខសន្តិភាព ជាប្រទេសដែលមានធនធានធម្មជាតិ និងវត្ថុធាតុដើមគ្រប់គ្រាន់ សម្រាប់ទាញយកមកប្រើប្រាស់ និងកែច្នៃនានា ហើយអ្វីដែលរឹតតែអាចផ្តល់ទំនុកចិត្តសម្រាប់សហគ្រិន វិនិយោគិន គឺអត្រាសេដ្ឋកិច្ចកម្ពុជា មានកំណើន គួរឲ្យកត់សម្គាល់ ជាក់ស្តែងកម្ពុជា ឤចសម្រេចបាននូវកំណើនសេដ្ឋកិច្ច ក្នុងអត្រា៧,៣ភាគរយ ក្នុងឆ្នាំ២០១៣ និងប្រមាណ៧ភាគរយ ក្នុងឆ្នាំ២០១៤ ហើយនៅឆ្នាំ២០១៥ ការព្យាករណ៍បង្ហាញថា សេដ្ឋកិច្ចកម្ពុជានឹងឤចសម្រេចបានកំណើន ជុំវិញ៧ភាគរយបន្តទៀត ។
លោកអូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់បែបនេះ ក្នុងខណៈដែលលោកជូបសំណេះសំណាល ផ្ដល់បទពិសោធន៍លើមុខជំនួញសេដ្ឋកិច្ច ជូនដល់ សិស្ស និស្សិត បញ្ញវ័ន្ដប្រមាណជាង៨៩នាក់ នៅសណ្ឋាគារសាន់វ៉េភ្នំពេញ កាលពីថ្ងៃទី១០ ខែសីាហា ឆ្នំា ២០១៥ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ នេះជាឱកាសមួយ ដែលប្អូនៗ ជាសិស្ស និស្សិត បញ្ញវ័ន្ដ ត្រូវទទួលនូវបទពិសោធន៍ពីមុខរបរជំនួញ ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ក្នុងគោលបំណង ដើម្បីឲ្យប្អូនៗយក បទពិសោធន៍នេះទៅអនុវត្ដជាក់ស្ដែងជាមួយសហគមន៍អាស៊ាននៅចុងឆ្នំា២០១៥។ ថ្ងៃនេះជាឱកាសល្អ សម្រាប់ បញ្ញវ័ន្ដ ជាសហគ្រិន ដែលមកពី ៤ ប្រទេស រួមមាន បញ្ញវ័ន្ដមកពីប្រទេសសាំងហ្គាពួរ តៃវ៉ាន់ ឥណ្ឌូណេស៊ី និងកម្ពុជា ការផ្ដល់បទពិសោធន៍នេះ ជាការរៀបចំឡើងពីមូលនិធិវេទិកា សេដ្ឋកិច្ចពិភព ឥស្លាម(WIEF) ។
លោកអូស្មាន ហាស្សាន់ ក៏បានជំរុញឲ្យ សិស្ស និស្សិត បញ្ញវ័ន្ត ត្រូវយកចិត្តទុកដាក់ទទួលយកទ្រឹស្ដី ត្រូវតស៊ូមតិ និង ឆក់យកឳកាសគ្រប់វិធីសាស្រ្ត ដើម្បីបានចូលរួម ទទួលបានបទពិសោធន៍ល្អៗពីសំណាក់សាស្រ្តាចារ្យជំនាញទាំងជាតិ និង អន្តរជាតិ ។ ក្នុងឱកាសនេះលោកក៏បានផ្ដល់នូវ បទពិសោធ ន៍លើមុខជំនួញ អាជីវកម្ម វិស័យសំណង់ កំពុងពេញនិយម វិស័យធនាគារ វិស័យអប់រំ លើមុខរបរអត្រាប្តូរប្រាក់ និងវិសយ័ផ្សេងៗជាច្រើនទៀតត្រូវបានធានាឲ្យមានស្ថេរភាពនៅកម្ពុជា ។
ជាក់ស្ដែង វិស័យអត្រាប្ដូប្រាក់នៅកម្ពុជា ត្រូវបានរក្សាស្ថេរភាព ក្នុងរង្វង់ ៤០៥០រៀល ក្នុងមួយដុល្លារឤមេរិក អស់រយៈ ពេលជាង២០ ឆ្នាំមកហើយ។ ចំណែក ស្ថាប័នធនាគារ មានចំនួនកើនឡើង ជាលំដាប់ ដែលមកដល់ពេលនេះ កម្ពុជាមានធនាគារចំនួន៣៥ និងស្ថាប័នមីក្រូហរញ្ញវត្ថុ ជាច្រើនទៀត ។
ក្នុងឱកាសនោះ លោកក៍បានស្នើឲ្យមូលនិធិ នៃវេទិកាសេដ្ឋកិច្ចពិភពឥស្លាម(WIEF) សូមឲ្យជួយគាំទ្រដល់គំនិតផ្តួចផ្តើម នៃការបង្កើត នូវស្ថាប័ន មីក្រួហិរញ្ញវត្ថុឥស្លាម ដែលអាចឈាន បង្កើនឲ្យមានធនាគារឥស្លាម នៅប្រទេសកម្ពុជា ក្នុងពេលអនាគត ដើម្បីចូលរួមចំណែកជា មួយរាជរដ្ឋាភិបាលកម្ពុជា លើការងារលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយភាពក្រីក្រ ៕
ដោយ៖ សំរិត