នាយឧត្តមសេនីយ៍ ប៉ុល សារឿន និងលោកអូស្មាន ហាស្សាន់ ជួបសំណេះសំណាលជាមួយ​ថ្នាក់ដឹកនាំ និងបងប្អូនខ្មែរឥស្លាមប្រមាណជិត៥០០នាក់ នៅខេត្តព្រះសីហនុ

ចែករំលែក៖

ព្រះសីហនុ៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន សមាជិក​គណៈអចិន្ត្រៃយ៍ និងជា​គណៈកម្មាធិ​ការ​កណ្តាល ប្រធានក្រុមការងារ ចុះជួយខេត្ត​ព្រះ​សី​ហនុ បានជូបសំណេះ​​សំណាល និងសាកសួរសុខទុក្ខ​ សមា​​ជិកគណបក្សប្រជាជនកម្ពុជា និងបងប្អូន ប្រជា​ពល​រដ្ឋខ្មែរឥស្លាមក្រីក្រ ប្រមាណ៤៩១​នាក់ មកពី ៤​សង្កាត់ ក្នុង​ខេត្តព្រះសីហនុ ។ ពិធីសំណេះសំណាលនេះ ក៏មានវត្តមាន​របស់​លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូ​អមនាយករដ្ឋមន្រ្តី លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីមន្រ្តី​ប្រតិ​ភូ​អម​នាយករដ្ឋមន្រ្តី និងលោក អភិបាលខេត្ត ព្រះសីហនុ កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នំា២០១៥ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ការផ្តល់ជូននូវ សិទ្ធិសេរីភាព និងអ្វីៗ គ្រប់បែបយ៉ាងពី​សំ​ណាក់​រាជរដ្ឋាភិបាល ចំពោះបងប្អូនសាសនិកខ្មែរឥស្លាម ក៏ដូចជាប្រជាពលរដ្ឋទូទៅ គឺជាគោលនយោបាយ​ដ៏​ត្រឹមត្រូវ និង យុត្តិធម៌ក្រោមការដឹក នាំដ៏ឈ្លាសវៃរបស់ប្រមុខថ្នាក់ដឹកនាំ ដែលមានសម្តេចតេជោ ជា​នា​យក​រដ្ឋមន្រ្តី។

លោកបន្តថា៖ ថ្មីៗនេះរាជរដ្ឋាភិបាលសម្រេចបញ្ចូលក្របខណ្ឌ និង ផ្តល់ប្រាក់បៀវត្ស ដល់គ្រូ​ខ្មែរឥស្លាម គឺជាការដោះបន្ទុកប្រជាពលរដ្ឋ ក៏ដូចជាការលើកកំពស់វិស័យអប់រំផងដែរ ពីព្រោះថា កន្លងមក​ប្រាក់​ឧបត្ថម្ភរបស់ពួកគាត់ គឺបានមកពីការរៃអង្គាស ពីបងប្អូន ដែលអាចផ្តល់ផលពិបាកខ្លះដល់បងប្អូន។ ដូច្នេះហើយគ្រូៗ ដែលមានជីវភាពខ្វះខាត ពីដើមមក រវល់តែនឹងការស្វែងរកការងារ​ក្រៅដើម្បីបំពេញ​តម្រូវ​ការចំណាយប្រចាំថ្ងៃ ធ្វើឲ្យ រអាក់រអួលដល់កិច្ចការងារបង្រៀន របស់គាត់ និងបង្កការប៉ះពាល់ទៅកាន់​គុណ​ភាពអប់រំធម៌សាសនាដល់ស្រទាប់កុមារ និង យុវជនខ្មែរឥស្លាម គឺពីពេលនេះទៅលែងជាបញ្ហា​ចោទ​អ្វីទៀត​ឡើយ។

លើសពីនេះទៅទៀត ដើម្បីថ្លែងអំណរគុណដល់គ្រូៗ ចំណាស់មានអាយុលើសពី ៦០ឆ្នាំ ដែលបាន​តស៊ូបង្រៀន ដោយស្ម័គ្រចិត្ត គ្មានប្រាក់បៀវត្សរ៍ រាប់សិបឆ្នាំមកហើយនោះ រាជរដ្ឋាភិបាល​បាន​សម្រេច​បញ្ចូល ​ពួកគាត់ ទៅក្នុងគ្រូជាប់កិច្ចសន្យាផងដែរ ។

ក្នុងឱកាសនោះលោក ក៏បានអំពាវនាវ ឲ្យមាតាបិតា សូមបញ្ជូនកូនចៅឲ្យចូលរៀន ទាំងផ្នែកទូទៅ និង​ផ្នែកសាសនា ឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យកូនចៅរបស់ខ្លួនមានចំណេះដឹង មានសីលធម៌ មានអនាគតល្អ ដើម្បី​​ ការអភិវឌ្ឍន៍ ខ្លួនឯង គ្រួសារ ក៏ដូចជាការលើកកម្ពស់វិស័យអប់រំ និង គោលនយោបាយភូមិ ឃុំមាន​សុវត្ថិភាព ។ សូមបងប្អូន បន្តការគាំទ្ររាជរដ្ឋាភិបាល ដែលកំពុងតែផ្តល់នូវសុខសន្តិភាព សេរីភាព និងគ្មាន​ការរើសអើង ចំពោះបងប្អូន​ ជារដ្ឋាភិបាលដែលកំពុងធ្វើ មិនមែនបានត្រឹមតែសន្យានោះឡើយ ។

លោក ប៉ុល សារឿន បានបញ្ជាក់ថា៖ ការពិតលោករស់នៅក្បែរៗបងប្អូន សាសនិកឥស្លាមអស់​ជាង​ពាក់កណ្តាលជីវិតមកហើយ ឃើញថា បងប្អូនយើងមានអត្តចារឹកល្អ សុភាពរាបសារ មានប្រាស្រ័យ​ទាក់ទង​គ្នាល្អ ការរស់នៅចុះសម្រុងគ្នា ហើយពុំដែលមានបញ្ហាអ្វីឡើយ។ ក្នុងប្រវត្តិសាស្រ្តបានបង្ហាញថា បងប្អូនខ្មែរ និងបងប្អូនឥស្លាម បានមានការប្រាស្រ័យទាក់ទងគ្នាល្អ តំាងពីសម័យសង្គមរាស្ដ្រនិយមមកម្លេះ ។ រហូត​មក​ដល់សម័យកាលបច្ចុប្បន្ននេះ យើងរឹតតែមានទំនាក់ទំនងល្អជាមួយគ្នា យ៉ាងស្អិតរមួតថែមទៀត។ ដូច្នេះ យើងត្រូវ បន្តវប្បធម៌ស្អិតរមួតនេះ ឲ្យបានយូរអង្វែងរហូតតទៅ ។

ក្នុងឱកាសនោះ លោកក៍បានស្យា កៀងគររកម្ចាស់ជំនួយ សប្បុរសជននានា ជួយរកថវិកាមក កសាងព្រះ វិហារឥស្លាម១ខ្នង ស្ថិតក្រុងព្រះសីហនុ ដែលមានសភាពចាស់ទ្រុឌទ្រោម នៅចំពោះមុខ វិហារនេះ ត្រូវ​បាន​កសាងឡើងតាំងពីឆ្នាំ១៩៦៣ មកម្លេះ ហើយវិហារនេះត្រូវបានឆ្លងកាត់សម័យសង្គ្រាម ត្រូវបាន​ពួកខ្មែរ​ក្រហម យកវិហារនេះ ធ្វើជាទីតាំងស្តុកស្បៀង ជាមន្ទីរពេទ្យ ជាកន្លែងចិញ្ចឹមសត្វជ្រូក មាន់ និងទា ។

ក្រោយ របបប្រល័យពូជសាស្រ្ដប៉ុលពត ត្រុវបានប្រជាពលរដ្ឋខ្មែរឥស្លាម ជួសជុល បោសសម្អាត ឡើងវិញ សម្រាប់​គោរព​តាមជំនឿសាសនារបស់ខ្លួន ទំាងសភាពចាស់ទ្រុឌទ្រោម រហូតដល់បច្ចុប្បន្ននេះ ។ ជាមួយគ្នានេះ លោក​​ និងថ្នាក់ដឹក​នាំ ក៍បានសន្យា នឹងខិតខំ ស្វះស្វែងរកជំនួយពីសប្បុរស​ជន​នានា ដើម្បីយកមកធ្វើការ​ជួយ​​ជុលកសាង​វិហារជាថ្មី​ ជូនបងប្អូន ដែលក្នុងនោះ ក៏ត្រូវសង់ឲ្យមានបណ្ណាល័យ សម្រាប់ការ​ស្រាវជ្រាវ​ចំនេះដឹង ផងដែរ ។

ក្នុងឱកាសនេះលោកក៏បាន នំាយកអំណោយ របស់សម្ដេចតេជោមកចែកជូន បងប្អូន​សាសនិក ឥស្លាមដែល បាន​ចូលរួម ទាំងអស់ចំនួន ៤៩១នាក់ ក្នុងម្នាក់ៗទទួលបាន សារុង០១ អាវយឺត០១ និងថវិការ ៥ម៉ឺនរៀល ៕​

  
  

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print