នៅក្នុងការបោះឆ្នោតជាសម្ងាត់នៅថ្ងៃទី១០ខែសីហានេះ បណ្តាតំណាងរាស្ត្រក្នុងបក្សកាន់អំណាចអូស្ត្រាលីបានបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រមកពីរដ្ឋវិចទ័ររៀលោក Tony Smith ធ្វើជាប្រធានរដ្ឋសភាលើកទី៣០របស់អូស្ត្រាលី ជំនួសលោកស្រីBronwyn Bishop ដែលបានលាលែងចេញពីតំណែងកាលពីមួយសប្តាហ៍មុន ដោយរងការចោទប្រកាន់ចាយវាយខ្ជះខ្ចាយហិរញ្ញវត្ថុ ។
លោកTony Smith មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានក្រោយតែងតាំងទៅកាន់តំណែងប្រធានរដ្ឋសភា ដោយលោកបានថ្លែងអំណរគុណដល់បណ្តាតំណាងរាស្ត្រដែលផ្តល់ទំនុកចិត្តបោះឆ្នោតគាំទ្រលោកឲ្យកាន់តំណែងដ៏សំខាន់ក្នុងស្ថាប័នបង្កើតច្បាប់នេះ។លោកបានសន្យាថា និងខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីបម្រើដល់ពលរដ្ឋទាំងមូល។ លោកបន្តទៀតថា នេះជាតួនាទីដ៏សំខាន់ និងយ៉ាងលំបាក តែលោកសន្យានឹងខិតខំបំពេញកតព្វកិច្ចរបស់ខ្លួនដែលបានផ្តល់ឲ្យ ។
លោកTony Smith ត្រូវបានគេចាត់ទុកថាជាបុគ្គលតែងតែគៀងគរឲ្យមានសាមគ្គីភាពរបស់គណបក្សទាំងអស់ក្នុងសភាដើម្បីផលប្រយោជន៍រួមជាតិជាធំ។ លោកបានសន្យាទៀតថានិងធ្វើឲ្យមានតុល្យភាពរវាងបក្សកាន់អំណាចនិងបក្សប្រឆាំងនៅក្នុងសភា។ ប្រធានរដ្ឋភាថ្មីត្រូវបានតំណាងរាស្ត្របក្សប្រឆាំងលោក Bill Shorten និងនាយករដ្ឋមន្ត្រីTony Abbott ព្រមទាំងសមាជិកក្នុងជួររដ្ឋាភិបាលបានជួនពរលោក ដោយបង្ហាញក្តីសង្ឃឹមថាលោកនឹងធ្វើឲ្យបញ្ចប់វិបត្តិដែលកើតឡើងនៅក្នុងសភា ។