ខេត្តកណ្តាល៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀន៣នាក់ ក្នុងនោះម្នាក់ជាជនជាតិខ្មែរ ២នាក់ទៀតជាជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលចាប់បញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ដើម្បីចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា មុខសញ្ញាទាំង៣នាក់ខាងលើនេះទី១-ឈ្មោះ ង្វៀង យ៉ាំងកប ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម ទី២-ឈ្មោះ ឡេ ធីង៉ុក អាយុ៤៨ឆ្នាំ ជនជាតិវៀតណាម ជាប្តីប្រពន្ធនិងគ្នា បច្ចុប្បន្នស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ។ ទី៣-ឈ្មោះ ភិន ប្រាក់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ប្រភពដដែលបានបន្តថា ជនសង្ស័យ២នាក់ប្តីប្រពន្ធខាងលើនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំស្រាវជ្រាវបង្រ្កាបឃាត់ខ្លួន និង ឆែកឆេរលំនៅឋាន កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិព្រែកជ្រៃ ឃុំសំពៅពូន ស្រុកកោះធំ ដកហូតបាថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកចំនួន២កញ្ចប់ ធំ០១-តូច០១ ស្មើនឹងទម្ងន់១៩,៤ក្រាម ,ទូរស័ព្ទដៃ០៤គ្រឿង ,សម្ភារៈសម្រាប់វេចខ្ចប់ចែកចាយគ្រឿញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំផងដែរ ។
ដោយឡែកជនសង្ស័យទី៣ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន កាលពីវេលាម៉ោង១២និង២៥នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥ នៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ឆែកឆេរលំនៅឋានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០១កញ្ចប់ធំ ,អាវុធច្នៃចំនួន១ដើម និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ ។
មន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ខាងលើនេះត្រូវបានតំណាងអយ្យកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តកណ្តាលពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ៕
ដោយ៖ ស្អាងជ័យ