អង្គជំនុំជម្រះសាលាដំបូងនឹងបន្តបើកសវនាការលើសំណុំរឿង ០០២/០២ ប្រឆាំងនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៥ នេះ ដោយបន្តសួរដេញដោលលើភ័ស្តុតាងទាក់ទងនឹងអង្គហេតុការដ្ឋានការងារទំនប់ត្រពាំងថ្ម ស្ថិតនៅភូមិភាគពាយព្យនៃប្រទេសកម្ពុជា។ ការដ្ឋានទំនប់ត្រពាំងថ្មនេះគឺជាការដ្ឋានការងារទី៣ និងអង្គហេតុចុងក្រោយទាក់ទងនឹងការដ្ឋានការងារដែលត្រូវបានលើកមកជំនុំជម្រះនៅក្នុងសំណុំរឿង០០២/០២ ដោយស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សី មួយរូបថ្មីទៀត ។
លោក កាន ថុល អនុប្រធានកងម្នាក់នៅការដ្ឋានការងារត្រពាំងថ្ម ដែលចូលបំពេញការងារនៅការ ដ្ឋាននេះនៅខែកុម្ភៈ ឆ្នាំ ១៩៧៧ បានថ្លែងប្រាប់អង្គជំនុំជម្រះសាលាដំបូងអំពីទីកន្លែង និងទំហំការងារនៅ ការដ្ឋានការងារនោះ។ លោកក៏បានពិពណ៌នាអំពីការបែងចែកការងារដល់ប្រជាជនក្នុងការជីកដីទំនប់នោះ ព្រមទាំងពេលវេលាដែលត្រូវបំពេញការងារចាប់តាំងពីព្រឹកព្រលឹមរហូតដល់យប់ និងការអប់រំកែប្រែ ចំពោះអ្នកដែលមិនសមកម្មការងារ ។
លោក កាន ថុល បានថ្លែងថា នៅពេលមានកិច្ចប្រជុំ ថ្នាក់ដឹកនាំការ ដ្ឋានបាននិយាយពីវិន័យនៅក្នុងការបំពេញការងារ។ លោកនិយាយថា ប្រសិនបើអ្នកណាមិនគោរពតាមវិន័យដែលដាក់ចុះ នោះនឹងទទួលពិន័យដូចជាការកាត់បន្ថយរបបអាហារជាដើម។ សាក្សី កាន ថុល ក៏បានឱ្យដឹងដែរថា មេដឹកនាំនៃរបបខ្មែរក្រហមមួយចំនួនក័បានទៅពិនិត្យមើលការដ្ឋានទំនប់ត្រពាំងថ្មនេះ ហើយគណៈប្រតិភូចិនក៏បានទៅពិនិត្យការដ្ឋានផងដែរ ។
លោកកាន ថុល ក៏បានបញ្ជាក់ផងដែរថា មានការចាប់ខ្លួន និងបាត់ខ្លួនទៅលើសមាជិកដែលធ្វើការងារនៅការដ្ឋានត្រពាំងថ្ម។ គួរបញ្ជាក់ថា កាលពីចុងខែកក្កដា អង្គជំនុំជម្រះសាលាដំបូងបានស្តាប់ការផ្តល់សក្ខីកម្មដើមបណ្តឹង រដ្ឋប្បវេណីមួយរូប និងសាក្សីមួយរូបទាក់ទងនឹងអង្គហេតុការដ្ឋានការងារទំនប់ត្រាំពាងថ្ម។ លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃសាលាក្តីខ្មែរក្រហម បានថ្លែងថា នៅក្នុងការសួរដេញដោលលើភស្តុតាង ការដ្ឋានការងារទំនប់ត្រពាំងថ្មនេះ សាក្សី និងដើមបណ្តឹងរដ្ឋប្បវេណីចំនួន ១១ នាក់គ្រោងនឹងត្រូវកោហៅដោយអង្គជំនុំជម្រះសាលាដំបូងដើម្បីស្តាប់សក្ខីកម្ម ។
ការដ្ឋានការងារទំនប់ត្រពាំងថ្ម មានទីតាំងស្ថិតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវបានគេជឿថា បានកសាងឡើងចន្លោះឆ្នាំ ១៩៧៧ ដល់ឆ្នាំ ១៩៧៨ក្នុងគោលបំណងសម្រេចលើផលិកម្មស្រូវរបស់បក្សកុម្មុយនិស្តកម្ពុជា។ ទំនប់នេះមានបណ្តោយប្រវែង ១០ គីឡូម៉ត្រ និងទទឹង ៧ គីឡូម៉ែត្រ។ តាមសាក្សី មានមនុស្សចន្លោះពី១៥០០០ ទៅ២០០០០ នាក់ធ្វើការងារ ទីនោះ និងមានការចាប់ខ្លួន និងសម្លាប់មនុស្សជាច្រើន ។
លោក នេត្រ ភក្ត្រា បានថ្លែងថា អង្គជំនុំជម្រះសាលាដំបូងបានបើកសវនាការដេញ ដោលលើភស្តុតាងក្នុងសំណុំរឿង ០០២\០២ នេះ បានចំនួន ៧៩ ថ្ងៃរួចមកហើយនិងបានស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សីចំនួន ៣៣ រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ២០ រូប និងអ្នកជំនាញចំនួន ១ រូប។ អង្គហេតុដែលបានសួរដេញដោលរួចហើយរួម មាន សហករណ៍ត្រាំកក់ មន្ទីរសន្តិសុខក្រាំងតាចាន់ ការដ្ឋានការងារទំនប់ ១ មករា ការដ្ឋា ព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំង។ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា អង្គជំនុំជម្រះសាលាដំបូងគ្រលងបញ្ចប់សវនាការលើភស្តុតាង ពាក់កណ្តាលឆ្នាំ ២០១៦ ខាងមុខ ៕