ភ្នំពេញ៖ រថយន្តដឹកកុងតឺន័រដឹកសម្លៀកបំពាក់១មួយគ្រឿងត្រូវបានជនមិនស្គាល់មុខយកមកផ្លុងចោលនៅជាប់នឹងរបងវត្តទួលសង្កែ ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់ពីម្ចាស់ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់នៅខេត្តកំពង់ឆ្នាំងអះអាងថា បានបាត់សម្លៀកបំពាក់១កុងតឺន័រមានតម្លៃជិត១០ម៉ឺនដុល្លារហើយត្រូវគេយកមកផ្លុងចោលនៅទីនេះ ។
ហេតការណ៍បង្កឲ្យភ្ញាក់ផ្អើលឃើញរថយន្តកុងតឺន័រនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ នៅក្បែរវត្តទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ គ្រាដែលម្ចាស់សម្លៀកបំពាក់រកឃើញរថយន្តចតចោលក្បែរបងវត្ត ហើយនៅក្នុងទូកុងតឺន័របាត់អស់សម្លៀកបំពាក់រលីង ។
តំណាងក្រុមហ៊ុនបាននិយាយថា ខោអាវនៅក្នុងកុងតឺន័រ ត្រូវបានដឹកដោយក្រុមហ៊ុន អូលែ តាមរយៈរថយន្តមួយគ្រឿងម៉ាកហ៊ីណូ ពាក់ស្លាកលេខ ភ្នំពេញ 3B2858 ពីកំពង់ឆ្នាំង មកផែស្ងួតអូលែ ដែលមានទីតាំងនៅម្តុំចោមចៅ ខណ្ឌពោធិសែនជ័យនាយប់ថ្ងៃកើតហេតុ ហើយក្រោយមកក្រុមហ៊ុនបានទំនាក់ជាមួយអ្នកបើកបរមិនបានសង្ស័យមានបញ្ហាអ្វីកើតឡើងទើបនាំគ្នាដើររក មកឃើញនៅជិតរបងវត្តទួលសង្កែ គ្រាដែលអកនកបើកបរនិងព្រូគេចខ្លួនបាត់ ។បើទោះយ៉ាងណា តំណាងក្រុមហ៊ុនមិនបានទម្លាយប្រាប់អត្តសញ្ញាណជនសង្ស័យដែលជាអ្នកបើកបរ រថយន្តនោះទេ ដោយគាត់អះអាងថា សុំមិនប្រាប់ទុកតាមដាន។
ចំណែកមន្ត្រីនគរបាលប៉ុស្តិ៍ទួលសង្កែវិញបាននិយាយថា បន្ទាប់ពីហេតុការណ៍នេះកើត ឡើងម្ចាស់ក្រុមហ៊ុនសម្លៀកបំពាក់មិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឲ្យជួយអន្តរាគមន៍នោះទេ ដោយគ្រាន់តែរាយការណ៍ថា សុំយករថយន្តនេះទៅខេត្តកំពង់ឆ្នាំង និងទៅដាក់ពាក្យបណ្តឹងនៅទីនោះវិញ ៕
ដោយ៖ ប្រាថ្នា