ភ្នំពេញ៖ ទីបំផុតអភិបាលរងខណ្ឌពោធិ៍សែនជ័យមួយរូបបានដឹកនាំកងកម្លាំងចុះផ្អាកបណ្ដោះអាសន្នស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងនៅក្នុងភូមិ-សង្កាត់សំរោងក្រោម ក្រោយពីរកឃើញថា ម្ចាស់ស្ថានីយ៍នេះ បានសាងសង់រំលោភចូលដីចិញ្ចើមផ្លូវប្រមាណជាង២០ម៉ែត្ររួចមកនោះ ។
ការចុះផ្អាកដំណើរការអាជីវកម្មស្ថានីយ៍ប្រេងខាងលើនេះ គឺធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥ ក្នុងឱកាសចុះត្រួតពិនិត្យមើលស្ថានីយ៍បូបទឹក និងប្រឡាយប្រព័ន្ធលូនានានៅភាគខាងលិចនិងខាងជើងរាជធានីភ្នំពេញ បានស្តីបន្ទោសអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដែលបណ្តែតបណ្តោយឲ្យម្ចាស់ស្ថានីយ៍ប្រេងមួយនេះសាងសង់រំលោភចូលដីចិញ្ចើមផ្លូវនោះរួចមក ។
បើយោងតាមការពិនិត្យជាក់ស្ដែងឃើញថា ស្ថានីយ៍ប្រេងមួយនេះបានសង់រំលោភទាំងខាងផ្លូវរថភ្លើងនិងផ្លូវបេតុង បើវាស់ចេញពីអ័ក្សផ្លូវបេតុង៣០ម៉ែត្រចូលដល់ពាក់កណ្ដាលស្ថានីយ៍ប្រេងនេះ ហើយបើវាស់ពីអ័ក្សផ្លូវរថភ្លើង៣០ម៉ែត្រក៏ចូលដល់ពាក់កណ្ដាលស្ថានីយ៍ដែរ។ ដូច្នេះឃើញថាគេសង់រំលោភចូលទាំងផ្លូវរថភ្លើងនិងផ្លូវបេតុងអូដឹមកប់ស្រូវ ។
បញ្ហានេះ ប្រជាពលរដ្ឋខ្លះក៏បានសម្ដែងការមិនពេញចិត្ត ចំពោះទង្វើរបស់អាជ្ញាធរនេះថា កាលពីគេសាងសង់ គេបានទៅសុំច្បាប់ត្រឹមត្រូវមិនមែនចេះតែសង់តាមការនឹកឃើញទេ ប៉ុន្តែអាជ្ញាធរចេះតែបិទភ្នែកឲ្យ ដោយមិនមានការត្រួតពិនិត្យត្រឹមត្រូវ ហើយនៅពេលថ្នាក់លើស្ដីបន្ទោសបែបនេះទើបរត់ជាន់ជើងគ្នាចុះមកបិទផ្អាកអាជីវកម្មគេតែម្ដង។ ពួគគាត់និយាយថា រឿងនេះកុំនិយាយថាមិនដឹងនោះ ព្រោះប្រជាពលរដ្ឋសូម្បីសង់ជម្រកតូចតាចក៏ស្ទើរតែទៅសុំច្បាប់ដល់អាជ្ញាធរដែរ។ បើមិនសុំវិញប្រហែលពីរឬបីម៉ោងក្រោយមកភ្នាក់ងារពិសេសរបស់គេនឹងមកដល់ភ្លាមជាមិនខានឡើយ ។
ទាក់ទិននឹងការបិទទីតាំងខាងលើ គេមិនទាន់ដឹងថាការផ្អាកនេះមានសុពលភាពប៉ុន្មានថ្ងៃទេនោះទេ។ គេជឿជាក់ថាមិនយូរប៉ុន្មានទេគេនឹងអាចដំណើរការឡើងវិញជាមិនខានឯការចុះផ្អាកនេះវាគ្រាន់តែផ្នែកមួយនៃការគោះទឹកឲ្យត្រីចូលស៊ងតែប៉ុណ្ណោះ ៕