កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានរាយការណ៍ថា ខ្យល់ព្យុះ Soudelor បានវាយប្រហារចូលទៅដល់តំបន់ភាគខាងកើតប្រទេសចិនបណ្តាលឲ្យស្លាប់មនុស្ស១៤នាក់ និង៤នាក់ផ្សេងទៀតកំពុងនៅបាត់ខ្លួន ខណៈដែលផ្នែកខ្លះនៅក្នុងប្រទេសនេះកំពុងទទួលរងគ្រោះយ៉ាងខ្លាំងដោយសារតែជំនន់ទឹកភ្លៀងមិនធ្លាប់មានក្នុងទសវត្សរ៍នោះ ។
ទីភ្នាក់ងារព័ត៌មានស៊ីនហួបានផ្សព្វផ្សាយថា មនុស្ស១២នាក់បានបាត់បង់ជីវិត ស្ថិតនៅជុំវិញទីក្រុង Wenzhou ខេត្ត Zhejiang ដោយសារតែភ្លៀងធ្លាក់ខ្លាំងលាយឡំដោយខ្យល់ព្យុះបង្កឲ្យបាក់ដី ហើយលំនៅឋានជាច្រើនខ្នងបានរងការបាក់រលំនោះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីចុងសប្តាហ៍មុន ហើយនៅជិតទីក្រុង Lishui មានសេចក្តីរាយការណ៍ថា មនុស្ស២នាក់ផ្សេងទៀតបានបាត់បង់ជីវិតដោយសារតែគ្រោះធម្មជាតិនេះដែរ ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយចិនបានបញ្ជាក់អំពីការជនរងគ្រោះដែលបានបាត់បង់ជីវិត និងអ្នកដែលបាត់ខ្លួនទាំងនេះ ។ ជនរងគ្រោះដែលនៅបាត់ខ្លួនទំនងត្រូវទឹកហូរកួចទៅបាត់ បើពុំដូច្នោះទេ គឺកប់នៅពីក្រោមលំនៅឋានដែលបាក់រលំនោះហើយ ។ មនុស្សប្រមាណ១.៥៨លាននាក់ដែលរស់នៅក្នុងទីប្រជុំជនបានរងផលប៉ះពាល់ដោយសារខ្យល់ព្យុះបក់បោកទាំងនេះ ។ គ្រោះធម្មជាតិនេះបង្កឲ្យខាត់បង់ទឹកប្រាក់ប្រមាណ៦៤៤លានដុល្លារ ។
នៅជិតតំបន់ Wencheng ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យទឹកមានកម្ពស់៦៤៥មីល្លីម៉ែត្រក្នុងរយៈពេល២៤ម៉ោង ជាការគំរាមកំហែងធ្ងន់បំផុតមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំ បន្ទាប់ពីខ្យល់ព្យុះបានបក់បោកកាលពីយប់ថ្ងៃសៅរ៍ សប្តាហ៍មុន។
ខ្យល់ព្យុះនេះបានបក់បោកមកលើខេត្ត Fujina កាត់ផ្តាច់ថាមពលអគ្គិសនី ប៉ះពាល់ដល់លំនៅឋានពលរដ្ឋប្រមាន៣លានគ្រួសារគ្មានអគ្គិសនីប្រើប្រាស់ ។ ប៉ុន្តែទោះបីយ៉ាង កាលពីព្រឹកថ្ងៃទី៩ ខែសីហា មានការដំណើរភ្ជាប់អគ្គិសនីឲ្យពលរដ្ឋប្រាស់បានខ្លះៗវិញហើយ ។
ខ្យល់ព្យុះ Soudelor ត្រូវគេចាប់ទុកថាជាខ្យល់ព្យុះដែលមានកម្លាំងបំផុតប្រចាំឆ្នាំបានបក់បោកយ៉ាងឆាប់រហ័សចូលដល់ប្រទេសចិន ។ ខ្យល់ព្យុះនេះមានដំណើរ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង ។ វាបាននិងកំពុងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ខ្ពង់រាប ។
ខ្យល់ព្យុះនេះបានវាយប្រហារនៅតៃវ៉ាន់សម្លាប់មនុស្ស៦នាក់ និង៣៧៩នាក់រងរបួស ។ វាបានធ្វើឲ្យដើមឈើ លំនៅឋានបាក់រលំជាច្រើនខ្នង ព្រមទាំងបង្កឲ្យមានបាក់ដីផងដែរនៅក្នុងប្រទេសតៃវ៉ាន់ ។ វាបានធ្វើឲ្យពលរដ្ឋជិត៤លានគ្រួសារគ្មានអគ្គិសនីប្រើប្រាស់ ៕
ប្រែសម្រួល៖ យ៉ាត