នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់កុងត្រូវជនទំនើងវាយឲ្យរបួស

ចែករំលែក៖

ខេត្តកណ្តាល៖ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់កុងទទួលរងរបួសយ៉ាងដំណំ ដោយសារជនទំនើងវាយដោយដំបង កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិជ្រុងរមាស ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យមានសភាពស្រវឹងស្រាដើរកាន់ដាវស្រែកឡូឡាតាមដងផ្លូវជាតិលេខ១១០ បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ទើបលោក ឈាង ឆេង មេភូមិទួលដូនគាំចាប់ខ្លួនជនសង្ស័យដកហូតដាវបញ្ជូនទៅឲ្យមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់កុងធ្វើការអប់រំ ។ ពេលទៅដល់លោក ងន រ៉ានី នាយរងប៉ុស្តិ៍(ជនរងគ្រោះ)បាននិយាយអប់រំណែនាំជនសង្ស័យកុំឲ្យធ្វើអញ្ចឹងទៀត ខណៈនោះជនសង្ស័យមិនស្តាប់ទេថែមទាំងរត់ចេញពីទីតាំងប៉ុស្តិ៍ ។

ភ្លាមៗនោះលោកនាយរងប៉ុស្តិ៍បានដេញតាមចាប់ខ្លួនជនសង្ស័យយកមកវិញ ក៏ត្រូវជនសង្ស័យទាញដំបងវាយសំពងត្រូវចំកំភួនដៃ រហូតបាក់ដំបងខ្ទាតត្រូវបបបូមាត់លោកនាយរងប៉ុស្តិ៍បែកឈាមតែម្តង ។ ក្រោយពីមានហេតុការណ៍កើតឡើងមន្ត្រីនគរបាលប៉ុស្តិ៍បានចុះទៅជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ប្រភពដដែលបានបន្តថា ជនរងគ្រោះឈ្មោះ ងន រ៉ានី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់កុង មានទីលំនៅភូមិព្រែកហង់ ឃុំកំពង់កុង ស្រុកកោះធំ រងរបួសលើកំភួនដៃនិងបបូរមាត់ ។ ចំណែកឯជនសង្ស័យឈ្មោះ អ៊ុច រិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំកសាងសំណុំរឿងពីបទហិង្សាដោយចេតនា និងប្រើប្រាស់អាវុធ(ដាវ)ខុសច្បាប់ ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ ៕

kdal-2 kdal-1

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print