ភ្នំពេញ៖ នៅក្នុងសភា កាលពីនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នៅវិមានរដ្ឋសភា។នៅក្នុងជំនួបភាគីទាំងពីរបានផ្តោតទៅលើបញ្ហាព្រំដែន ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ការចាប់ខ្លួនមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន១៤នាក់ ការអនុវត្តកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ និងបញ្ហាមួយចំនួនទៀត ។
សមាសភាព នៃគណបក្សសង្គ្រោះជាតិ រួមមានលោកកឹម សុខា លោកប៉ុល ហំម និងលោក អេង ឆៃអ៊ាង។ ចំណែកគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង រួមទាំងមន្ត្រីជាន់ខ្ពស់ពីររូបទៀតគឺលោកសក់ សេដ្ឋា និងលោក កើត រិទ្ធ ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំថា ការជួបគ្នានេះ តាមការព្រមព្រៀងគ្នារវាងសម្តេចជាមួយលោកកឹម សុខា ដែលបានកំណត់យកថ្ងៃទី១០ សីហា វេលាម៉ោង៥ល្ងាចនេះ។ ការជួបនេះ ស្របតាមវប្បធម៌សន្ទនាដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានព្រមព្រៀងគ្នាកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បញ្ជាក់ថា សម្តេចមិនបោះបង់ចោលការជួបពិភាក្សាគ្នានេះទេ ។ សម្តេចក្រឡាហោម បានថ្លែងទៅកាន់លោក កឹម សុខា នៅក្នុងកិច្ចប្រជុំពិភាក្សាថា “គួរតែបញ្ចប់ត្រឹមហ្នឹងមិនចាំបាច់ទៅដល់ថ្នាក់ដឹកនាំកំពូលទេ”។
បន្ទាប់ពីចប់កិច្ចជំនួបជាង១ម៉ោង ទាំងលោកកឹម សុខា និងសម្តេចក្រឡាហោមស ខេង មិនបានថ្លែងប្រាប់ក្រុមអ្នកកាសែតអំពីលទ្ធផល នៃកិច្ចប្រជុំនោះទេ។ ប៉ុន្តែលោកសក់ សេដ្ឋា តំណាងខាងគណបក្សប្រជាជននកម្ពុជា និងលោកអេង ឆៃអ៊ាង តំណាងគណបក្សសង្គ្រោះជាតិ បានធ្វើសន្និសីទកាសែតរួមគ្នាអំពីលទ្ធផលនៃកិច្ចប្រជុំ ។
លោកសក់ សេដ្ឋា បានថ្លែងថា ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាទៅលើការពិនិត្យឡើងវិញូវសមិទ្ធិផលនៃការអនុវត្តកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ និងការព្រមព្រៀងគ្នាបង្កើតឡើងនូវវប្បធម៌សន្ទនារវាងសម្តេចតេជោ ហ៊ុន សែន និងលោកសម រង្ស៊ី។ ហើយថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាអំពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយសេចក្តីព្រាងច្បាប់នេះ កំពុងតែស្ថិតនៅក្នុងការពិនិត្យមើលធម្មនុញ្ញភាព នៃច្បាប់ដោយក្រុមប្រឹក្សាធម្មនុញ្ញ ហើយនៅពេលអនុវត្តបើសិនណាជាមានការប៉ះពារទៅលើសិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដោយគណបក្សទាងពីរបានព្រមព្រៀងគ្នាថា នឹងពិនិត្យមើលនូវបញ្ហាដែលមានផលប៉ះពាល់ ហើយនឹងធ្វើវិសោធនកម្មពិនិត្យមើលដោះស្រាយបញ្ហាផលប៉ះពាល់ ។
លោកបានបន្តថា ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាព្រំដែន ហើយបានព្រមព្រៀងគ្នាថា បញ្ហាព្រំដែនគឺជាបញ្ហារបស់ជាតិទាំងមូល គឺជាបញ្ហាអធិបតេយ្យភាព និងជាផលប្រយោជន៍ជាតិទាំងមូល។ ហើយគណបក្សទាំងពីរសូមអំពាវនាវដល់គណបក្សនយោបាយដទៃទៀត ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាលផ្សេងៗ និងអ្នកពាក់ព័ន្ធទាំងអស់សូមមេត្តាកុំយកបញ្ហាព្រំដែននេះ ដើម្បីនឹងធ្វើជាបញ្ហាដោយឡែករបស់ក្រុមនេះ ក្រុមនោះ ហើយខិតខំរួមគ្នាដោះស្រាយបញ្ហានេះ នៅក្នុងស្មារតីជាតិ ផលប្រយោជន៍ជាតិរបស់យើងឲ្យបានខ្ពស់បំផុត ។
លោកសក់ សេដ្ឋា បានបញ្ជាក់ក់ថា ទាក់ទងការចាប់ខ្លួនអ្នកប្រព្រឹត្តបទល្មើសកន្លងមកនេះ គឺជានីតិវិធីរបស់តុលាការ ហើយថ្នាក់ដឹកនាំគណបក្សទាំងពីរក៏បានឯកភាពគ្នាថា ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ទៅដល់នីតិវិធីច្បាប់ និងសមត្ថកិច្ចរបស់តុលាការនោះទេ ។
លោកអេង ឆៃអ៊ាង បានថ្លែងថា នៅក្នុងជំនួបថ្នាក់ដឹកនាំគណបក្សទាំងពីរ ក៏បានពិភាក្សាគ្នាលើការចាប់ខ្លួនមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ បានពិភាក្សាគ្នាច្រើន ហើយត្រូវប្រើប្រាស់វិធានការច្បាប់ដើម្បីដោះស្រាយនេះ តាមនីតិវិធីច្បាប់ និងរកមេធាវីដើម្បីការពារអ្នកដែលចាប់ខ្លួន។ ហើយទាក់ទងនិងតំណាងរាស្ត្រ៧រូប គឺយោងអភ័យឯកសិទ្ធិតុលាការមិនអាចមកចាប់ខ្លួនបានទេ ប៉ុន្តែនីតិវិធីតុលាការគឺជារឿងមួយដែលគេអាចប្រើប្រាស់នីតិវិធី ជាយន្តការរបស់តុលាការ ៕