ជប៉ុន ៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥ ដែលជាថ្ងៃទី២ នៃការស្នាក់អាស្រ័យអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើក ទី៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញពិសាអាហារពេលព្រឹក ជាមួយសមាគមន៍មិត្តភាពសភាកម្ពុជា- ជប៉ុន ដឹកនាំដោយលោក Takeo Hiranuma ប្រធានសមាគមន៍មិត្តភាពសភាកម្ពុជា-ជប៉ុន។
លោក Takeo Hiranuma មានប្រសាសន៍សម្តែងការស្វាគមន៍សាជាថ្មីម្តងទៀតដែលបានជួបពិភាក្សា ការងារក្នុងពេលអាហារពេលព្រឹកជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរបស់ប្រទេស ទាំងពីរកម្ពុជា-ជប៉ុន ជាពិសេសក្នុងរយៈពេល ៦០ឆ្នាំ បន្ទាប់ពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា។
ក្នុងជំនួបពិភាក្សាគ្នានេះ លោកប្រធានមានប្រសាសន៍ជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីពី ការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការទទួលមរណភាពរបស់ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ក្នុងនោះ លោកបានបញ្ជូនគណៈប្រតិភូរបស់សមាគមសភាមិត្តភាព កម្ពុជាជប៉ុនទៅមកចូលរួមគោរពវិញ្ញាណក្ខន្ធសពសម្ដេចអគ្គមហាធម្ម ពោធិសាល ជា ស៊ីម ដល់រាជធានីភ្នំពេញផងដែរ។
លោកប្រធានក៏បានវាយតម្លៃខ្ពស់ពីភាពរីកចម្រើនរបស់ប្រទេស កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីពិសេសទៅទៀត នោះការកសាងស្ពានត្សឹបាសា ឆ្លងកាត់ទន្លេអ្នកលឿងដែលសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗកន្លងទៅនិងរួមចំណែកជំរុញកំណើន សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឲ្យកាន់តែមានការកើនឡើងបន្លែមទៀ។
លោកបន្តថា ប្រទេសយើងទាំងពីរបានកសាងនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យនិងពេលបច្ចុប្បន្នបានក្លាយទៅជាទំនាក់ទំនងក្នុងភាពជា យុទ្ធសាស្ត្រ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ លោកTakeo Hiranuma មានប្រសាសន៍សម្តែងការគាំទ្រចំពោះច្បាប់ស្តីពីការគ្រប់គ្រង សមាគមនិងអង្គការក្រៅរដ្ឋាភិបាល ប៉ុន្តែលោកក៏មានការ ព្រួយបារម្ភពីការអនុម័តច្បាប់ ដ៏មានសារៈសំខាន់នោះដែលកម្ពុជាគ្រោងនិងអនុម័តនៅពេលខាងមុខ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ឯកភាពចំពោះការលើក ឡើងរបស់ លោក Takeo Hiranuma ដែលមានប្រសាសន៍លើកឡើងពីការរីកចម្រើននៃទំនាក់ទំនងរបស់ប្រទេស ទាំងពីរដែលបច្ចុប្បន្នបានក្លាយទៅជាទំនាក់ទំនងក្នុងភាពជាដៃគូ យុទ្ធសាស្ត្រ ។ ទាក់ទិនទៅនឹងការព្រួយបារម្ភពីការបង្កើត ច្បាប់ស្តីពីការគ្រប់គ្រងសមាគមនិងអង្គការក្រៅរដ្ឋាភិបាលសម្តេចតេ ជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ជាការពិតនៅលើពិភពលោកយើងនេះប្រហែលមានតែប្រទេសកម្ពុជាមួយគត់ដែល មិនទាន់មានច្បាប់ស្តីពីការគ្រប់គ្រងសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ។
សម្ដេចតេជោបន្តថា ការបង្កើតច្បាប់នោះគឺមិនមែនសម្លាប់សមាគមនិង អង្គការក្រៅរដ្ឋាភិបាលនោះទេផ្ទុយទៅវិញគឺដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពរបស់សមាគមន៍និងអង្គការក្រៅរដ្ឋាភិបាលនានាដែល បំពេញការងារក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ដែរថា ជាការពិតច្បាប់នោះត្រូវបានយកមកពិភាក្សាជាយូរណាស់មកហើយ ប៉ុន្តែកម្ពុជាបានពន្យាររហូតមកដល់ពេលនេះទើបយើងយកមកពិនិត្យ ពិភាក្សាហើយនៅថ្ងៃទី១០ ខែកក្កដា ខាងមុខ សេចក្តីព្រាងច្បាប់នោះនឹងបើកធ្វើសិក្ខាសាលាដើម្បីពិភាក្សាជាជំហរ ទៅលើច្បាប់ស្តីពី ការគ្រប់គ្រងសមាគមន៍និងអង្គការក្រៅរដ្ឋាភិបាលមុននឹងឈានទៅការអនុម័តក្នុងសភា។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍សំណូមពរដល់ លោក លោកស្រីជា សមាជិកសភារបស់ប្រទេសជប៉ុនបន្តការគាំទ្រដល់រដ្ឋាភិបាលជប៉ុនក្នុង ការអនុម័តរាល់សេចក្តីសំរេចណាមួយដែលទាក់ទិនទៅនឹងការគាំទ្រ ដល់គំរោងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាប្រទេសក្នុងមហាអនុតំបន់ មេគង្គនិងក្នុងក្របខ័ណ្ឌអាស៊ាន៕