តុលាការ​ដោះ​លែង​មនុស្ស​១៧​នាក់​ពាក់ព័ន្ធ​ករណី​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ និង​ប្រើប្រាស់​ អត្តសញ្ញាណ​ខុស​ពី​អត្តសញ្ញាណ​ផ្លូវការ​ក្នុង​កិច្ចការ​សាធារណៈ​ ​

ចែករំលែក៖

ភ្នំពេញ​ ៖​ យ៉ាងតិច​មាន​មនុស្ស​ចំនួន​១៧​នាក់​ ត្រូវ​បាន​ដោះ​លែង​ដោយ​តំណាង​អយ្យការ​ និង​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​ទៅ​នឹង​ ការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ និង​ប្រើប្រាស់​អត្តសញ្ញាណ​ខុស​ពី​អត្តសញ្ញាណ​ផ្លូវការ​ក្នុង​កិច្ចការ​សាធារណៈ​ ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​ ដែល​គេ​សង្ស័យ​ថា​ អាច​នឹង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ទទួល​សំណូក​ណាមួយ​ ទើប​ឈាន​ដល់​ការ​ដោះ​លែង​ និង​ចេញ​ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​?
​ប្រភព​ពី​មន្ដ្រី​តុលាការ​បាន​ឲ្យ​ដឹង​ថា​ លោក​លី​ លី​ប​ម៉េ​ង​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ដោះ​លែង​ជន​ត្រូវ​ចោទ​ចំនួន​៥​នាក់​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ ដែល​បាន​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ និង​ប្រើប្រាស់​អត្តសញ្ញាណ​ខុស​ ពី​អត្តសញ្ញាណ​ផ្លូវការ​ ក្នុង​កិច្ចការ​សាធារណៈ​ នៃ​បទល្មើស​ដែល​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​ តាម​មាត្រា​៦២៩​ និង​៦២១​ នៃ​ក្រមព្រហ្មទណ្ឌ​។​
​ជនជាប់ចោទ​ទាំង​៥​នាក់​រួម​មាន​ ១-​ឈ្មោះ​ អេ​ង​ វុ​ត្ថា​ ភេទ​ប្រុស​ អាយុ​២៦​ ឆ្នាំ​,២-​ឈ្មោះ​ គង់​ ច​ណ្ណៈ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​,​ ៣​ ឈ្មោះ​ វ៉ា​ សិត​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​,​ ៤​ ឈ្មោះ​ ភិន​ សៅ​នាង​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​ និង​៥​ ឈ្មោះ​ សឹង​ ពិសាល​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​។​ ពួក​គេ​បាន​ ប្រព្រឹត្ត​ដូច​តទៅ​ កាលពី​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៥​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​រៀបចំ​ការ​ប្រលង​ភាសា​កូរ៉េ​ ក្រោយ​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ​សម្រាប់​ពលករ​ ដែល​មាន​ចំនួន​៧​មណ្ឌល​ ក្នុង​នោះ​មាន​មណ្ឌល​វិទ្យាល័យ​សន្ធរ​ម៉ុ​ក​,​ មណ្ឌល​អនុ​វិទ្យាល័យ​ចតុមុខ​ និង​មណ្ឌល​បឋម​សិក្សា​ព្រះ​នរោត្តម​ ដែល​ក្រសួង​រក​ឃើញ​ថា​ មាន​ជនសង្ស័យ​ចំនួន​៥​នាក់​ខាងលើ​នេះ​ បាន​ប្រើប្រាស់​អត្តសញ្ញាណ​មិន​ពិត​ ខុស​ពី​អត្តសញ្ញាណ​ផ្លូវការ​របស់​ខ្លួន​ គឺ​បាន​យក​អត្តសញ្ញាណ​បណ្ណ​ និង​បង្កាន់ដៃ​អនុញ្ញាត​ប្រឡង​ ធ្វើតេស្ដ​ភាសា​កូរ៉េ​របស់​អ្នក​ដ៏​ទៃ​ មក​បង្ហាញ​ដល់​មន្ដ្រី​អនុរក្ស​ប្រឡង​ ដើម្បី​បាន​ចូល​ប្រឡង​ជំនួស​ឲ្យ​អ្នក​ដ៏​ទៃ​ ទើប​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្ដង​។​
​ពាក់ព័ន្ធ​នឹង​មនុស្ស​ទាំង​៥​នាក់​នេះ​ ប្រព្រឹត្ត​នៅ​បទល្មើស​ខាងលើ​ តំណាង​អយ្យការ​ លោក​មាស​ ច័ន្ទ​ពិសិដ្ឋ​ កាលពី​ថ្ងៃ​ទី​១​ ខែកក្កដា​ ឆ្នាំ​២០១៥​ បាន​ចេញ​ដីការ​សន្និដ្ឋាន​បញ្ជូន​ រឿង​ឲ្យ​ស៊ើបសួរ​បន្ត​ទៅ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​លី​ លី​ប​ម៉េ​ង​ ចាត់ការ​បន្ត​តាម​នីតិវិធី​។​ ប៉ុ​ន្ត​នៅ​រសៀល​ថ្ងៃ​ទី​ ១​ ខែកក្កដា​ ឆ្នាំ​២០១៥​ដដែល​នោះ​ ចៅក្រម​ស៊ើបសួរ​ លោក​លី​ លី​ប​ម៉េ​ង​ បាន​ចេញ​ដីការ​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​។​
​ករណី​នេះ​ លោក​មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ បាន​ប្រាប់​នគរវត្ត​ឲ្យ​ដឹង​ថា​ “​ខ្ញុំ​មិន​បាន​ដោះ​លែង​ទេ​ គឺ​មាន​ឯកសារ​ច្បាស់លាស់​ដែល​ខ្ញុំ​បាន​ធ្វើ​ ដីការ​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ ទៅ​លោក​លី​ លី​ប​ម៉េ​ង​ បន្ត​តាម​នីតិវិធី​”​។​ លោក​បន្ត​ថា​ នេះ​ជា​រឿង​ចៅក្រម​ស៊ើបសួរ​។​
​ដោយឡែក​លោក​ លី​ លី​ប​ម៉េ​ង​ ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ នា​រសៀល​ថ្ងៃ​ទី​៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ ប្រាប់​នគរវត្ត​តាម​ទូរស័ព្ទ​ថា​ “​ពួក​គេ​ជាប់ចោទ​ពី​បទ​ប្រើប្រាស់​អត្តសញ្ញាណ​ខុស​ពី​អត្តសញ្ញាណ​ផ្លូវការ​ ក្នុង​កិច្ចការ​សាធារណៈ​ ដោយឡែក​អ្នក​ក្លែង​លិខិត​សាធារណៈ​ គឺ​ឈ្មោះ​សុធា​ និង​គូកន​ដែល​ពួក​គេ​ទាំង​២​នាក់​គេចខ្លួន​។​ ដូច្នេះ​ការ​ប្រើប្រាស់​អត្តសញ្ញាណ​ខុស​ពី​អត្តសញ្ញាណ​ផ្លូវការ​ ជា​បទល្មើស​ត្រូវ​ផ្តន្ទាទោស​ពី​១-៦​ខែ​ ទើប​ខ្ញុំ​ចេញ​ដីកា​ សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​។​
​គួរ​រំលឹក​ថា​ ករណី​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ និង​ប្រើប្រាស់​អត្តសញ្ញាណ​ ខុស​ពី​អត្តសញ្ញាណ​ផ្លូវការ​ ក្នុង​កិច្ចការ​សាធារណៈ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ ឃាត់ខ្លួន​មនុស្ស​ចំនួន​១៧​នាក់​។​ ជនសង្ស័យ​៥​នាក់​ធ្វើ​របាយការណ៍​សំយោគ​បទល្មើស​បញ្ជូន​មក​តំណាង​អយ្យកា​រលោក​មាស​ ច័ន្ទ​ពិសិដ្ឋ​ ចាត់ការ​បន្ត​តាម​នីតិវិធី​ ហើយ​ចំនួន​១២​នាក់​ផ្សេង​ទៀត​ បញ្ជូន​ទៅ​តំណាង​អយ្យការ​ លោក​ វង្ស​ ប៊ុ​ន​វិសុទ្ធ​ ប៉ុន្តែ​អ្នក​ទាំងនោះ​ត្រូវ​បាន​ដោះ​លែង​ទាំងអស់​។​
​លោក​ វង្ស​ ប៊ុ​ន​វិសុទ្ធ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​នឹង​ករណី​ដោះ​លែង​ជនសង្ស័យ​១២​នាក់​ ក្លែងបន្លំ​ឯកសារ​សាធារណៈ​ និង​ប្រើប្រាស់​អត្តសញ្ញាណ​ខុស​ពី​អត្តសញ្ញាណ​ផ្លូវការ​ ក្នុង​កិច្ចការ​សាធារណៈ​នោះ​ កាលពី​រសៀល​ថ្ងៃ​ទី​៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ បាន​ប្រាប់​នគរវត្ត​តាម​ទូរស័ព្ទ​ថា​ “​យើង​បាន​ពិនិត្យ​ទៅ​លើ​ឯកសារ​ឃើញ​ថា​ ពុំ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​កំណត់​បទល្មើស​ ទើប​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​វិញ​។​”
​ករណី​ស្រ​ដៀង​នេះ​ផង​ដែរ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ធ្លាប់​បាន​ចាប់ខ្លួន​មនុស្ស​មួយ​ចំនួន​ ពាក់ព័ន្ធ​ការ​ចូល​ប្រឡង​ជំនួស​ សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​កាលពី​១​ឆ្នាំ​ កន្លង​ទៅ​ ហើយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តែង​បាន​រំលឹក​ក្នុង​រឿង​នេះ​ ដើម្បី​រឹត​បន្តឹង​ ដល់​ការ​ប្រឡង​ក្រោយៗ​ទៀត​ មិន​អនុញ្ញាត​ឲ្យ​ជនខិលខូច​ប្រព្រឹត្ត​បទល្មើស​ប្រឡង​ជំនួស​បេក្ខជន​។​
​មន្ត្រី​ក្រសួង​ការងារ​បា​នប​ង្កើ​ប​ថា​ ការ​ប្រឡង​ភាសា​កូរ៉េ​ក្រោម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ​សម្រាប់​ពលករ​ រហូត​ដល់​មាន​អំពើ​ពុក​រលួយ​ ក្លែងបន្លំ​ឯកសារ​សាធារណៈ​ ប្រើប្រាស់​អត្តសញ្ញាណ​ខុស​ពី​អត្តសញ្ញាណ​ផ្លូវការ​ពេល​ប្រឡង​ មាន​ន័យ​ថា​ ទាំង​សាលា​ និង​អ្នកគ្រប់គ្រង​អាច​នឹង​ពាក់ព័ន្ធ​ក្នុង​អំពើ​ក្លែង​ទាំងនេះ​ ដូច្នេះ​ទាំង​តំណាង​អយ្យការ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ មិន​គួរ​ដោះ​លែង​ក្នុង​បទល្មើស​នេះ​ ដែល​ពុំ​បាន​ឈាន​ដល់​ការ​បើក​ការ​ស៊ើបអង្កេត​តាមដាន​ រក​ឲ្យ​ឃើញ​ជន​ណាខ្លះ​ ដែល​ពាក់ព័ន្ធ​ក្នុង​បទល្មើស​នេះ​។​
​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា​ ប្រសិនបើ​ចៅក្រម​គាត់​ដោះ​លែង​ជន​ត្រូវ​ចោទ​ មាន​ន័យ​ថា​ ចេញ​ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ អាច​ជា​ការ​ត្រឹមត្រូវ​ ពីព្រោះ​បទល្មើស​ដែល​មាន​ចែង​ផ្ដន្ទាទោស​ ត្រឹម​១-៦​ខែ​មិន​ត្រូវ​ ដាក់​ឃុំ​ជន​ត្រូវ​ចោទ​នោះ​ឡើយ​។​ ប៉ុន្តែ​បើ​ជាប់ចោទ​ពី​បទ​ក្លែង​លិខិត​សាធារណៈ​ ដែល​ជា​បទឧក្រិដ្ឋ​ គឺ​ការ​ដោះ​លែង​មិន​អាច​ធ្វើ​ទៅ​បាន​។​ ប៉ុន្តែ​ក្នុង​រឿង​នេះ​ ទាំង​តំណាង​អយ្យការ​ និង​ចៅក្រម​ស៊ើបសួរ​ គាត់​អាច​ត្រូវរ៉ូវ​គ្នា​ ទើប​តំណាង​អយ្យការ​ចោទ​ទៅ​លើ​ឈ្មោះ​សុធា​ និង​គូកន​ ដែល​គេចខ្លួន​ចោទ​ពី​បទ​ ក្លែង​លិខិត​សាធារណៈ​ ហើយ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ចោទ​ពី​បទ​ ប្រើប្រាស់​អត្តសញ្ញាណ​ខុស​ពី​ អត្តសញ្ញាណ​ផ្លូវការ​ក្នុង​កិច្ចការ​សាធារណៈ​ បទល្មើស​ដែល​មាន​ចែង​ ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា​៦២១​ នៃ​ក្រមព្រហ្មទណ្ឌ​ ទើប​លោក​លី​ លី​ប​ម៉េ​ង​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​សម្រេច​ដាក់​ឲ្យ​ជន​ត្រូវ​ចោទ​ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​។​
​ដោយឡែក​ព្រះរាជអាជ្ញា​រង​លោក​ វង្ស​ ប៊ុ​ន​វិសុទ្ធ​ សម្រេច​ដោះ​លែង​ឆៅៗ​ទាំង​១២​នាក់​ ក៏​ជា​រឿង​មិន​ប្រក្រតី​ បើ​ទោះជា​គាត់​លើក​ឡើង​ថា​ គ្មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ចោទប្រកាន់​ទៅ​លើ​ជនសង្ស័យ​ទាំង​១២​នាក់​នោះ​ក៏​ដោយ​។​ ម្យ៉ាងវិញទៀត​ ការ​ដោះ​លែង​មនុស្ស​ប្រព្រឹត្ត​បែប​នេះ​ ពិតជា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ទាំង​តំណាង​អយ្យការ​ ទាំង​ចៅក្រម​ស៊ើបសួរ​ កំពុង​តែ​ដើរ​ច្រាសទិស​ដៅ​គ្នា​ចំពោះ​ការ​រឹត​បន្តឹង​ ការ​បំបាត់​អំពើ​ពុក​រលួយ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​កំពុង​កំណែ​ក​ទម្រង់​និង​ពង្រឹង​រឿង​នេះ​៕​

20150703-155554.jpg

20150703-155605.jpg

...

20150703-155614.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print