0da0197b-4f36-4320-99d8-ad914e769a95

ក្មេង​ស្ទាវ​ដ៏ព្រហើនមាន​ជម្លោះ​ប្រមាថមកលើលោកមេបញ្ជាការ​រង​អាវុធហត្ថលើ​ផ្ទៃ​ប្រទេស​ ត្រូវ​តុលាការ​បន្ត​ការ​ស៊ើបអង្កេត​ ទោះបី​​បាន​បញ្ជូន​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​

nkd-36x6_outline

ភ្នំពេញ៖ រឿងរ៉ាវដែលកក្រើកគ្រប់បណ្តាញផ្សព្វផ្សាយនិងបណ្ដាញសង្គម រវាងក្មេងស្ទាវប្រមាថមកលើអាយុជីវិតលោកមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទីបំផុត តុលាការសម្រេចបញ្ជូនក្មេងស្ទាវរូបនេះទៅមណ្ឌលអប់រំកែប្រែឱកាសខ្ញុំ ដើម្បីបន្សាបគ្រឿងញៀន ។ មតិមួយចំនួួនគិតថាចំណាត់ការនេះ មិនសមនិងបទល្មើសជនបង្កបានប្រព្រឹត្តសោះ? ប៉ុន្តែរឿងនេះ ពុំទាន់បញ្ចប់នៅឡើយទេ ពោលគឺ តុលាការកំពុងស៊ើបអង្កេតបន្តទៀត ជុំវិញរឿងរ៉ាវគ្រោះថ្នាក់ចរាចរ ហើយក្មេងស្ទាវបានប្រមាថពាក្យសម្តីអសុរោះ និង បម្រុងបើករថយន្តបុកប៉ុនប៉ងមនុស្សឃាតលើលោកនន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោក កែវ សុជាតិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានី បានបញ្ជាក់ថា លោកសម្រេចចោទប្រកាន់យុវជនរូបនេះ ពីបទ ប្រើប្រាស់គ្រឿងញៀន និងបញ្ជូនទៅមណ្ឌលអប់រំកែប្រែឱកាសខ្ញុំ ដើម្បីបន្សាបគ្រឿងញៀន ។

លោក កែវ សុជាតិ បន្ថែមថា ក្មេងស្ទាវដែលមានជម្លោះជាមួយលោកឧត្តមសេនីយ៍ឯក នន្ទ សុខា គឺនៅមានមួយករណីទៀត ដែលលោកកំពុងធ្វើការស្រាវជ្រាវ និងចាត់ការបន្ត។ សម្រាប់ការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀននោះ ត្រូវបានលោកបញ្ជាក់ថា នេះជាករណីទី១ ដើម្បីបញ្ជូនរូបគេទៅធ្វើការបន្សាបគ្រឿងញៀនជាមុនសិន។

លោក កែវ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅមានមួយករណីទៀត យើងកំពុងស្រាវជ្រាវ ដើម្បីចាត់ការនៅឡើយ មិនទាន់បញ្ចប់ទេ ហើយករណីប្រើប្រាស់គ្រឿងញៀននោះយើងសម្រេចចោទប្រកាន់ និងបញ្ជូនគាត់ទៅបន្សាបគ្រឿងញៀនសិន។ ដូច្នេះសូមមជ្ឈដ្ឋានទូទៅកុំឲ្យមានការភ័ន្តច្រឡំថា រឿងគ្រោះថ្នាក់ចរាចរណ៍បែរជាចោទតែលើករណីប្រើប្រាស់គ្រឿងញៀនតែមួយទៅវិញ ហើយសូមរក្សាភាពស្ងៀមស្ងាត់»។

យ៉ាងណាក៏ដោយ លោកព្រះរាជអាជ្ញារង កែវ សុជាតិ មិនទាន់អាចបញ្ជាក់ថា ករណីដែលកំពុងចាត់ការនេះជាបទល្មើសអ្វីនៅឡើយទេ។

គួររំលឹកថា ក្មេងស្ទាវម្នាក់ឈ្មោះ ចាន់ សោភា អាយុ២៣ឆ្នាំ ជាយោធា និងត្រូវជាកូនវេជ្ជបណ្ឌិតម្នាក់ មានអាការះស្រវឹងស្រាខ្លាំងបានបើករថយន្តទៅបំបុករថយន្ត របស់លោកឧត្តមសេនីយ៏ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ស្ថិតនៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ រហូតមានអន្តរាគមន៍ពីកម្លាំងអាវុធហត្ថខណ្ឌ ចុះទៅតាមចាប់យកទៅដោះស្រាយតាមច្បាប់។

លោកឧត្តមសេនីយ៍ឯក នន្ទ សុខា និយាយថា៖ មុនពេលកើតហេតុ រថយន្តរបស់ក្មេងស្ទាវ បានបើកថយហើយពេលនោះប៉ះរថយន្តរបស់លោក លោកក៏ចុចសីុផ្លេ។ ស្រាប់តែក្មេងស្ទាវ ចុចកញ្ចក់ ហើយស្រែកមកលោកថា «ឡានអញបុកឡានហ្អែងនៅ បើបុកអញសង ហ្អែងដឹងថា អញកូននរណាគេទេ? ចាំមើលអញបើកបុកហ្អែង!»។

មិនទាន់ស្រែកចប់ផង ស្រាប់តែជននេះបានបើករថយន្ត ទៅបុកលោក និងអង្គរក្សមួយទំហឹងតែសំណាងល្អលោកលោតទាន់ ហើយបើករត់ពេលនោះ លោកបើករថយន្ត ដេញតាម រហូតទាន់ហើយ ដកកាំភ្លើងភ្ជង់ រួចកម្លាំងអាវុធហត្ថខណ្ឌ ទៅដល់ ក៏ឃាត់យកទៅខណ្ឌភ្លាមៗតែម្តង។ មានការរិះគន់ផងដែរថា៖ ជនរងគ្រោះឋានះបុ៉ណ្ណឹងហើយនៅតែស្វែងរកយុត្តិធម៍ទាំងមិនទាន់មានតម្លាភាព ចុះបើទម្រាំពលរដ្ឋសាមញ្ញវិញ តើជនបង្កអុកឡុក ដោយសារអាងលុយ អាងទម្លាប់វប្បធម៍អន្តរាគមន៍ដល់កម្រិតណា?

 

ដោយ៖ សុខ ខេមរា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print