នាំបងប្អូនទៅវាយគេដល់ផ្ទះត្រូវគេសងវិញ របួសធ្ងន់ម្នាក់ស្រាល៣នាក់ថែមទាំងជាប់គុកទៀត

ចែករំលែក៖

ខេត្តកណ្តាល៖ បុរស៣នាក់បងប្អូនបង្កើតក្នុងចំណោម៤នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកខ្សាច់កណ្តាល សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកតាមាក់ ឃាត់ខ្លួនទាំងមានរបួសដោយសារជនទាំង៣នាក់នេះ បានលើកគ្នាទៅច្បាំងដល់ផ្ទះគេ ហើយត្រូវបានម្ចាស់ផ្ទះបើកសិប្បកម្មផលិតពពុះសណ្តែងព្រួតគ្នាវាយបកវិញ បណ្តាលឲ្យរងរបួសទាំងសងខាង ប៉ុន្តែភាគីខាងម្ចាស់ផ្ទះមិនត្រូវបានឃាត់ខ្លួននោះឡើយ ។

3brother

ករណីបងប្អូនបង្កើតលើកគ្នាទៅវាយដល់ផ្ទះនេះបានកើតឡើង កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ក្រោយធ្វើសកម្មភាព៤នាក់បងប្អូនត្រូវបានភាគីខាងម្ចាស់ផ្ទះព្រួតវាយបកវិញ ដើម្បីការពារខ្លួនបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាល៣នាក់ ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួន៣នាក់យកមកឃុំបណ្តោះអាសន្ន ដោយឡែកអ្នករងរបួសធ្ងន់ត្រូវវញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ជនបង្ក៤នាក់បងប្អូននោះ ទី១-ឈ្មោះ កែវ ពិសី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាជាងផ្សាដែក រងរបួសធ្ងន់ ទី២-ឈ្មោះ កែវ វិសាល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាចុងភៅតាមរោងការ របួសស្រាល ទី៣-ឈ្មោះ កែវ រិទ្ធីសែន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាជាងផ្សាដែក រងរបួសស្រាល និងទី៤-ឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាកម្មករសំណង់ រងរបួសស្រាល ។ ទាំង៤នាក់បងប្អូននេះមានទីលំនៅភូមិ/ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន៣នាក់ក្នុងចំណោម៤នាក់​ដោយសារជនបង្កម្នាក់ឈ្មោះ កែវ ពិសី រងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ភាគីខាងម្ចាស់ផ្ទះនោះ ទី១-ឈ្មោះ ឡេង ណៃគី ភេទប្រុស អាយុ៣០ឆ្នាំ ជាម្ចាស់សិប្បកម្មផលិតពពុះសណ្តែក រងរបួសក្បាលមួយកន្លែង ត្រជៀកមួយកន្លែង ទី២-ឈ្មោះ អ៊ិត រិទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជាអ្នកបើកបររថយន្ត រងរបួសលើផ្ទៃមុខ ទី៣-ឈ្មោះ ថន ថេត ហៅឆក ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជាកម្មករនៅក្នុងសិប្បផលិតពពុះសណ្តែក និងទី៤-ឈ្មោះ ជា សុខឡូត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាកម្មករនៅក្នុងសិប្បផលិតពពុះសណ្តែក ។

លោក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា មុនពេលវាយតបគ្នាជនបង្កម្នាក់ ក្នុងចំណោម៤នាក់បងប្អូន បានមានជម្លោះជាមួយនិងកម្មករម្នាក់ឈ្មោះ ជា សុខឡូត ធ្វើការក្នុងសិប្បផលិតពពុះសណ្តែកតាំងពីល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥ តែពុំទាន់បានប្រើអំពើហិង្សានោះទេ ដោយសារអ្នកជិតខាងជួយឃាត់ ។

លុះដល់ល្ងាចថ្ងៃទី១០ ជនបង្កម្នាក់បានទូរស័ព្ទហៅបងប្អូនរបស់ខ្លួន៣នាក់ទៀតឲ្យមកជួយ ពេលជុំគ្នាទាំង៤នាក់បងប្អូនបានធ្វើដំណើរទៅផ្ទះសិប្បកម្មផលិតពពុះសណ្តែកក្នុងបំណងសួររកឈ្មោះ ជា សុខឡូត ដែលជាគូរទំនាស់ ។ ពេលទៅដល់ទីតាំងម្ចាស់សិប្បកម្មបានប្រាប់ថាឈ្មោះនេះមិននៅទេ ហើយកុំមករករឿងទៀត…. គ្រាន់តែម្ចាស់សិប្បកម្មនិយាយបែបនេះបានធ្វើឲ្យជនបង្កទាំង៤នាក់ បងប្អូនព្រួតគ្នាវាយទៅលើម្ចាស់សិប្បកម្មតែម្តង គ្រានោះកម្មករ៣ននាក់ទៀតបានមកជួយថៅកែរបស់ខ្លួនព្រួតវាយទៅលើជនបង្កទាំង៤នាក់បងប្អូនវិញ បណ្តាលឲ្យរងរបួសទាំងសងខាង ។

ក្រោយកើតហេតុជនបង្ក៣នាក់បងប្អូនបង្កើតក្នុងចំណោម៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែកភាគីខាងម្ចាស់ផ្ទះ រួមទាំងកម្មកររងរបួសស្រាលមិនត្រូវបានឃាត់ខ្លួននោះឡើយ ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print