ខេត្តពោធិ៍សាត់ ៖ ព្រះសង្ឃ១អង្គគង់នៅវត្តសូរិយា បានសង្ស័យអង្ករដែលញាតិញោម យកទៅប្រគេនថា ជាអង្ករផ្លាស្ទីក ហើយក៏បានបង្ហោះក្នុងបណ្តាលសង្គម Facebook បង្កឲ្យ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ មន្ត្រីជំនាញ និងអាជ្ញាធរខេត្តពោធិ៍សាត់ ។
ក្រោយធ្វើការពិនិត្យ និងពិសោធន៍រួចមកឃើញថា អង្គរនោះមិនមែនជាអង្ករក្លែងក្លាយ ឬជាអង្ករផ្លាស្ទីកនោះទេ ហើយបានព្រមាន និងធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះគ្មានការពិត ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងវត្តសូរិយា ស្ថិតក្នុងភូមិសូរិយាលើ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ប្រភពពីមន្ត្រីកាំកុងត្រូលម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ភា្នក់ងារនគរដ្រេហ្គន ឲ្យដឹងថា ព្រះសង្ឃ១អង្គដែលបង្ហោះអង្ករផ្លាស្ទីកក្នុងបណ្តាញសង្គមFacebook នោះ មានព្រះនាម ភិក្ខុធម្មធរគណ ជៀង ស៊ីថុល ព្រះជន្ម៣៦ឆ្នាំ ។
ប្រភពបានបន្តថា ក្រោយពីបានដឹងអំពីបញ្ហានោះភ្លាម លោកបានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យ និងពិសោធន៍ដោយផ្ទាល់ ជាមួយព្រះសង្ឃគ្រប់អង្គ ក្នុងនោះមានការចូលរួមពីលោកស្រី ជុក សុផានី អភិបាលរងខេត្តផងដែរ ឃើញថាមិនមែនជាអង្ករក្លែងក្លាយនោះទេ។
មន្រ្តីកាំកុងត្រូល និងអាជ្ញាធរខេត្តដែលបានចូលរួមត្រួតពិនិត្យអង្ករនោះ បានធ្វើការព្រមានដល់ព្រះសង្ឃអង្គនោះ បើគ្មានការពិសោធន៍ណាមួយ ដូចជាដុត ឬលីងអង្ករ ដោយគ្មានការចួលរួមពីមន្ត្រីជំនាញ ក្នុងការពិសោធន៍នោះទេ សូមកុំបង្ហោះជាវីដេអូរូបភាព ឬសកម្មភាពទាក់ទងនឹងអង្ករផ្លាស្ទីក នៅក្នុងបណ្តាញសង្គម Facebook ព្រោះវាធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងទីផ្សារអង្ករកម្ពុជា ទាំងលើទីផ្សារជាតិ និងអន្តរជាតិ។
ក្រោយធ្វើការព្រមានរួចមក ភិក្ខុធម្មធរគណ ជៀង ស៊ីថុល បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ ចាប់ពីថ្ងៃនេះតទៅ៕ ដោយ ៖ សហការី