នៅមិនសុខ អង្គុយមិនស្រណុកចង់ស្តាប់អ្នកប្រាជ្ញប៉ាន់តែថ្ងៃនេះចង់ជជែកពីអ្វី ពាក់ ព័ន្ធនយោបាយនោះ ខ្ញុំទាញកង់កញ្ចាស់ធាក់រ៉ុយសំដៅទៅតូបកាហ្វេក្រោមដើមក្រខុបដែល ពោរពេញដោយមនុស្សចាស់ៗជាច្រើនកំពុងអង្គុយហូបកាហ្វេខ្មៅក្លែមតែចត់ និងក្លែមសម្តី ។
ខ្ញុំផ្អែកកង់កញ្ចាស់នឹងដើមក្រខុបរួចចូលទៅទៅអង្គុយតុចុងគេ រួចហៅកហ្វេទឹកកកមួយកែវមកក្រេបផ្សើមបំពង់ក ។ មិនបាន ប៉ុន្មានផងស្រាប់តែក្រុមអ្នកប្រាជ្ញទឹកតែបានជជែក គ្នារឿង ម្តាយក្មេកលោកសម រង្ស៊ី ស្លាប់ ហើយមិនឃើញវត្តមានលោកសមរង្ស៊ីមកធ្វើបុណ្យ ។
លោកពូម្នាក់បាននិយាយថា មនុស្សយើងបើទោះបីរវល់យ៉ាងណាក៏ដោយ គ្រាដែលឪពុកម្តាយ ឬបងប្អូនទទួលមរណភាព ដាច់ខាតត្រូវតែឆ្លៀតពេលទៅធ្វើបុណ្យជូនពួកគាត់ដែរ ចម្លែកអីតែលោកប្រធានខ្ញុំ(សមរង្ស៊ី) ម្តាយក្មេកស្លាប់ទាំងមូលបែរជាសម្ងំនៅក្រៅប្រទេសធ្វើ ដូចជាមិនដឹងអី ?
សម្តីនេះធ្វើឲ្យអ្នកផឹកកាហ្វេនាំគ្នាសើចគឹល ព្រោះគិតថាលោកពូម្នាក់នេះហាក់ដូចជាមិនដឹងខ្យល់អីសោះអំពីរឿងរ៉ាវរបស់លោកសម រង្ស៊ី ។ លោកតាម្នាក់ដែលអង្គុយផឹកកាហ្វេ ខ្មៅមួយកូនកែវតូចក្បែរចង្រ្កានឆុងកាហ្វេបានផ្ទុះសំណើចស្រក់កាហ្វេពីមាត់រួចនិយាយថា «កុំថា ឡើយម្តាយក្មេក សូម្បីម្តាយបង្កើត ឬជីដូនជីតាគាត់ ក៏លោកប្រធានមិនហ៊ានមកដែរ…បើចុះពីលើយន្តហោះភ្លាមមិនជាប់ខ្នោះប៉ូលិសទេ ហ៊ានភ្នាល់ ? »
ពេលឮដូច្នេះ លោកតាសក់ស ដែលអង្គុយផឹកតែចត់ក្បែរនោះដែរបានលាន់មាត់ថា ងាកគុក ងាកច្រវាក់ចឹង អ្នកណាហ៊ានចូលស្រុក ? ខ្មែរដូចគ្នាសោះមិនអនុគ្រោះគ្នាខ្លះទេហី បើគ្នាមានទុក្ខប៉ុននឹងហើយនោះ ?
លោកតាកាហ្វេខ្មៅដាក់កែវចុះ ចាប់ផ្តើមបញ្ចេញវោហាពន្យល់លោកតាតែចត់ ដោយលើកឡើងថា« នែ!តា ទីនេះស្រុកខ្មែរ ច្បាប់គឺច្បាប់ គុកគឺគុក លោកប្រធានមានទោសដោយតុលាការកាត់ទោស តិចច្រឡំថាលោកប្រធាន មិនអីហ៊ានជិះយន្តហោះមកធ្វើបុណ្យសពម៉ែក្មេកមែននោះ ច្រឡំហើយ គឺពិតជាចុះពីលើយន្តហោះមិនទាន់ទេ ប៉ូលិសនឹងពាក់អាលេខ៨(ខ្នោះ)ឲ្យគាត់មិនខាន ។
ការបកស្រាយរបស់លោកតា កាហ្វេខ្មៅ មិនទាន់ផុតពីមាត់ផង លោកតាតែចត់បន្តថា ស្រុកខ្មែរយើងបើបង្កើតច្បាប់អ្នកមានទោសគេចខ្លួនមានសិទ្ធិមកធ្វើបុណ្យសពក្រុមគ្រួសារ ដោយមិន មានការចាប់ខ្លួនពីតុលាការឬសមត្ថកិច្ចមិនដឹងសប្បាយយ៉ាងណាទេណ៎ ឧទាហរណ៍ ដូចករណីលោកប្រធានសម រង្ស៊ី ពេលនេះជាដើម ?
ពេលឮការសន្ទនាបែបនេះឡើង អ្នកផឹកកាហ្វឹសើចគឹលម្តងទៀត ហើយក្នុងនោះលោកពូក្បាលឆកម្នាក់បានលាន់មាត់ថា « ទាល់យូរ ចាំលោកប្រធានជាប់ឆ្នោតធ្វើនាយក រដ្ឋមន្រី្ត ចាំបង្កើតច្បាប់នេះឡើង ។
បានឮលោកពូក្បាលឆកនិយាយបែបនេះ ខ្ញុំសើចក្នុងពោះមួយខឹក និងគិតថា« គាត់និ យាយត្រូវម្យ៉ាងដែរ » រួចខ្ញុំក៏ហៅឲ្យគេគិតលុយកាហ្វេហើយទាញកង់កញ្ចាស់ជិះមកផ្ទះវិញទាំងហួសចិត្ត ៕
ដោយ៖ នាយ ជាល