ភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួង សុខាភិបាល ដែលបានចេញកាលពីខែតុលា ឲ្យដឹងថា អនុក្រឹត្យស្តីពីការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូប ភាពលើកញ្ចប់ផលិតផលថ្នាំជក់ ដែលមាន ទំហំ៥៥ភាគរយ បានចូលជាធរមានហើយចាប់តាំងពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ។ ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះក្រុមហ៊ុនផលិតផលថ្នាំជក់មួយចំនួនពុំទាន់អនុវត្តបានពេញលេញនៅឡើយទេ ។
បន្ថែមលើសពីនេះ ទៀត គ្រប់ក្រុមហ៊ុនផលិតផលថ្នាំជក់មិនទាន់គោរពបានលើ វិធានការចំពោះការ ផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហកម្មថ្នាំជក់ ដូចដែលមាន ចែងក្នុងច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់នៅឡើយទេដោយបន្តការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលថ្នាំជក់ ក្រោមរូបភាពជាច្រើនដូចជាតាមរថយន្តនិងក្រុមស្ត្រីចល័ត ។ ចំណែកក្រុមហ៊ុនខ្លះនៅតែបន្ត ផ្តល់រង្វាន់ដល់អ្នកជក់ដដែលជាដើមនោះ។ តែយ៉ាងណាក្តីក្រសួងនឹងចាត់វិធានការប្រសិនបើក្រុមហ៊ុនទាំងនោះនៅតែបន្តសកម្មភាពយ៉ាងដូច្នេះទៀតនោះ ។
លិខិតរបស់ក្រសួងសុខាភិបាលដដែលបានបន្តទៀតថា ក្រុមហ៊ុនខ្លះទៀត នៅតែបន្តដាក់តាំងទូលក់ផលិតផលមិន ត្រឹមត្រូវតាមប្រកាសរបស់ក្រសួងសុខាភិបាលទេ ដូចជាដាក់តាំងធុងបារីលើសពីមួយហើយធុងបារី និងផ្ទៃតាំងផលិតផលថ្នាំជក់មានចំនួនលើសការកំណត់ ដោយមានទំហំ ធំ និងពណ៌ខុសពីការកំណត់របស់ក្រសួង ដោយសារ ធុងទាំងនោះ មានរូបភាពផ្សាយ ពាណិជ្ជកម្មបារីជាពណ៌ ជានិមិត្តសញ្ញា ក្រុមហ៊ុនជាដើម ។
អាស្រ័យនេះហើយ ក្រសួងសុខាភិបាល សូមព្រមានដល់ក្រុមហ៊ុនផលិតផលថ្នាំ ជក់ទាំងអស់កុំឲ្យបន្តរំលោភច្បាប់ទៀត ។ ក្នុងករណីមិនគោរពលិខិតព្រមាននេះ ក្រសួងសុខាភិបាលនឹងផាកពិន័យក្រុម ហ៊ុនផលិតផលថ្នាំ ជក់ដែលល្មើសទាំងនេះ ដូចមានចែងក្នុង ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ជាធរមាននាពេលខាង មុខឆាប់ៗនេះ ៕
ដោយ ៖ ហេង នរិន្ទ្រ