ភ្នំពេញ៖ លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំដែលត្រូវបានថ្នាក់លើសម្រួលការងារទៅកាន់តំណែងថ្មីចេញពីស្នងការខេត្តត្បូងឃ្មំុ ហើយតំណែងនេះត្រូវបានលោក បែន រ័ត្ន មកកាន់ជំនួសនោះ បានធ្វើអោយគាត់ខកចិត្តនិងមិនទាន់អស់ចិត្ត ទើបលោកបានសសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់យ៉ាងដូច្នេះថា៖
(នាទីចុងក្រោយលើទឹកដីត្បូងឃ្មុំ) ហើយលោកបន្តទៀតថា៖ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុតចំពោះនាយ នាយរង និងពលនគរបាលដែលបាននិងកំពុងខិតខំលះបង់គ្រប់បែបយ៉ាងក្នុងការរក្សា និងធានាបាននូវស្ថេរភាពសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ។ ខ្ញុំសូមអរគុណនិងវាយតំលៃខ្ពស់ចំពោះឆន្ទះនិងការគាំទ្រដ៏មុតស្រួចនេះ ប៉ុន្តែខ្ញុំសោកស្តាយដោយសារពេលវេលា ធ្វើអោយអ្នកខកបំណងពាក់កណ្តាលទីព្រោះខ្ញុំត្រូវឃ្លាតពីអ្នកជាទីស្រឡាញ់ដោយមិនបានប្រាប់ជាមុន។ បើខ្ញុំមិនបានធ្វើអ្វីអោយអ្នកឈឹចាប់ទេនោះ ភាពកក់ក្តៅជំនឿទុកចិត្តនឹងបន្តនិរន្តរភាពជាសំណាញ់សង្គមរឹងមាំជានិច្ច។ ចូររឹងមាំ ក្រោកឈរ រួមកំលាំងយើងនឹងឈ្នះ “យើងមិនគួរស្លាប់មុនពេលដែលយើងត្រូវស្លាប់ឡើយ”។ ចូរអ្នកចាំថា ” អ្នកម្តាយបានបង្កើតយើងមក យើងមានកាតព្វកិច្ចតបស្នងជាកូនកតញ្ញូ “កុំស្រឡាញ់តែម្តាយអ្នក បើអ្នកធ្វើបាបអ្នកដ៏ទៃអ្នកក៏វិនាសដែរ” ព្រះព្រហ្ម មេត្តា ករុណា មុទិតា ឧបេក្ខា គ្មានចំពោះអ្នកឡើយ។ ខ្ញុំសូមលាអ្នកជាទីស្រឡាញ់ដោយក្តីស្រណោះបំផុត “មានជីវិត មានសង្ឃឹម” ៕
ដោយ៖ សុខ ខេមរា