ភ្នំពេញ៖ ជនអាណាថាប្រុសស្រី១៥នាក់ដែលនាំគ្នាទៅប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន និងមានឧបករណ៍ល្មើសច្បាប់មួយចំនួនត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ និងនគរបាលប៉ុស្តិ៍ទឹកថ្លាធ្វើការឃាត់ខ្លួន រុះរើជម្រកអនាធិតេយ្យក្នុងដីឡូតិ៍ទំនេរមួូយកន្លែង ដោយដកហូតឧបករណប្រើប្រាស់គ្រឿងញៀន និងឧបករណ៍ល្មើសមួយចំនួនធំ។
ការឃាត់ខ្លួនជនសង្ស័យទាំង១៥នាក់នេះធ្វើឡើងកាលពីម៉ោង១៦និង៣៥នាទីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចដីឡូតិ៍មួយកន្លែង ផ្លូវលំ ក្រុមទី៨ ភូមិបុរីកម្មករអតីត(ភូមិត្រពាំងឈូក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោក សុខ សុផល នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ថ្លា បានឲ្យដឹងថា ក្រោយពីមានបណ្តឹងតាមទូរស័ព្ទរបស់ប្រជាពលរដ្ឋសូមឲ្យចុះពិនិត្យទីតាំងខាងលើទើបលោកសុំគោលការណ៍ពីលោកវរសេនីយន៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌដើម្បីដឹកនាំកម្លាំងចុះទៅពិនិត្យខណៈទៅដល់បានឃើញមនុស្សប្រុសស្រីទាំងនោះបានមកប្រមូលផ្តុំគ្នាសង់រោងបោះតង់អនាធិតេយ្យក្នុងដីឡូតិ៍ទំនេរនោះបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋជិតខាងទើបសមត្ថកិច្ចបានឃាត់ខ្លួនជាក់ស្តែងធ្វើការឆែកឆេរឃើញមានឧបករណ៍ប្រើប្រាស់គ្រឿងញៀន និងឧបករណ៍ល្មើសច្បាប់មួយចំនួនដូចជា(ដាវ សាមូរ៉ៃ ពូថៅ កាំបិត កន្ហ្រៃ រណា) ។
នៅចំពោះមុខសមត្ថកិច្ចពួកគេបានឆ្លើយសារភាពថា ពួកខ្លួនសុទ្ធតែអ្នករើសអេតចាយទេតែដោយមិនមានជម្រកស្នាក់នៅទើបនាំគ្នាមកបោះទីតាំងនៅចំណុចខាងលើតែម្តងទៅ។ លោកបន្តទៀតថា ក្រុមជនអនាថាដែលសមត្ថកិច្ចចុះឃាត់ខ្លួនទាំង១៥នាក់នេះ គឺមានប្រុសចំនួន១១នាក់ និងស្រី៤នាក់មានមុខរបរជាអ្នករើសអេតចាយទាំងអស់ ជាពិសេសមានជាប់ពាក់ព័ន្ធនិងការប្រើប្រាស់គ្រឿងទាំងអស់។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង១៥នាក់កំពុងឃាត់ខ្លួនសារសួរបន្ថែមនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕
ដោយ៖ តុង សីហា