ក្រុមបាល់បោះនារីម្ចាស់ជើងឯកកីឡាជាតិកម្ពុជាចាញ់ក្រុមអូស្រ្តាលី២៩-៥៣ក្នុងជំនួបមិត្តភាព

ចែករំលែក៖

ភ្នំពេញ៖ ជំនួបប្រកួតបាល់បោះមិត្តភាព អន្តរជាតិរវាងក្រុមជើងឯកកីឡាជាតិលើកទី១របស់កម្ពុជាតំណាងឲ្យខេត្តស្ទឹងត្រែងមកពីវិទ្យាស្ថាន Cam Ed នោះបានលេងចាញ់ក្រុមបាល់បោះនារីមកពីទីក្រុងមែលប៊នប្រទេសអូស្រ្តាលីក្នុងលទ្ធផលបច្ចេកទេស ២៩-៥៣ពិន្ទុ។ ការប្រកួតមិត្តភាព អន្តរជាតិនេះក្នុងគោលបំណងពង្រឹងសមត្ថ ភាពនិងដកស្រងបទពិសោធន៍បច្ចេកទេស កាលពីល្ងាចថៃ្ងទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នៅក្នុងវិមានពហុកីឡដ្ឋានជាតិ ។

លោកស្រី សំ សុគន្ធារី អ្នកគ្រប់គ្រងទូទៅរបស់វិទ្យាស្ថាន Cam Ed បានឲ្យដឹងថា ការប្រកួតបាល់បោះនារីជាលក្ខណៈមិត្តភាព អន្តរជាតិរវាងក្រុមបាល់បោះវិទ្យាស្ថាន Cam Ed និងក្រុមបាល់មកពីប្រទេស អូស្ត្រាលីនេះគឺក្នុងគោលបំណងពង្រឹង សមត្ថភាពបច្ចេកទេសក្នុងនាមតំណាងឲ្យក្រុមបាល់បោះនារីនៅប្រទេសកម្ពុជាទាំងអស់ដើម្បីបានបង្ហាញពីថ្វីដៃលេងដ៏ប៉ិន ប្រសប់របស់ខ្លួនទៅកាន់មិត្តអូស្ត្រាលីនិងបណ្តាប្រទេសផ្សេងៗទៀតថា កម្ពុជាកំពុងតែអភិវឌ្ឍវិស័យកីឡាបាល់បោះនារីឲ្យមានភាពល្បីរន្ទឺសម្រាប់ត្រៀមខ្លួនប្រកួតយកមេដាយ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់បោះស្ត្រីនៅលើឆាកអន្តរជាតិនានាដូច ប្រទេសដទៃទៀតដែរ។ ម្យ៉ាងវិញទៀតការប្រកួតមិត្តភាពអន្តរជាតិលើកនេះក៏ជាការកម្តៅសាច់ដុំ និងដកស្រង់បទពិសោធន៍ដើម្បី ត្រៀមខ្លួនចេញទៅប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯកទូទាំងប្រទេសនាឆ្នាំ២០១៧។

គួរបញ្ជាក់ថា ជាលទ្ធផលបច្ចេកទេស ក្រុមវិទ្យាស្ថាន Cam Ed បានលេងចាញ់ក្រុមអូស្ត្រាលីក្នុងលទ្ធផលពិន្ទុ២៩ទល់៥៣ដែល ការចាញ់ដ៏ផុយស្រួយរបស់ក្រុមកម្ពុជាខាងលើនេះបណ្តាលមកកីឡាការិនីអូស្ត្រាលីមានប្រៀបលើកាយសម្បទាដូចជាកម្ពស់និងកម្លាំង ប៉ុន្តែបច្ចេកទេសហាក់មានភាពប្រដំត្រសងគ្នា បើទោះបីកម្ពុជាលេងចាញ់ក៏ពិតមែនក៏យ៉ាងហោចណាស់ពួកគេអាចរកបានពិន្ទុសងទៅក្រុម អូស្ត្រាលីខ្លះវិញដែរគឺមិនមានន័យថាកម្ពុជាចាញ់ដាច់នោះទេ ។

ក្នុងឱកាសនោះដែរលោក Casey នាយក វិទ្យាស្ថាន Cam Ed បានប្រាប់គ្រូបង្វឹកត្រូវធ្វើការជ្រើសរើសកីឡាការិនីដែលមាន សមត្ថភាព និងទេពកោសល្យចំនួន១០ នាក់ទៀត ដើម្បីប្រមូលផ្តុំហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯកទូទាំងប្រទេសនាឆ្នាំ ២០១៧ ខណៈដែលការប្រកួតនៅឆ្នាំ២០១៦នេះ ក្រុមCam Ed បានក្លាយជាម្ចាស់ជើងឯក ហើយក៏បានជួយឲ្យខេត្តស្ទឹងត្រែងទទួលបានពានរង្វាន់លេខ១បាល់បោះនារីក្នុងការ ប្រកួតកីឡាជាតិលើកទី១ផងដែរ៕

sarim-1 sarim-2

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print