ភ្នំពេញ៖ ស្រ្តីចំណាស់ម្នាក់បានរត់មកប្តឹងនគរបាលចោមចៅជួយរកយុត្តិធម៌ជូនបន្ទាប់ពីត្រូវបានបុរសម្នាក់ចាប់ដៃរុញចូលបន្ទប់ផ្តួលប៉ុនប៉ងរំលោភតែមិនបានសម្រេចធ្វើឲ្យបុរសល្មោភកាមនោះខឹងទប់កំហឹងមិនបានវាយប៉ោងភ្នែកឆ្វេង និងចាប់បោកផ្ទប់ជញ្ជាំងប៉ោងក្បាលបែករឿងជនសង្ស័យរត់គេចខ្លួនបាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួលជាន់ទី២ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយរវល់តែទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រហូតមកដល់ល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា នេះទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ។
ស្រ្តីរងគ្រោះមានឈ្មោះ ប៊ូ ច្រឹប អាយុ៤៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៤០ ជាន់ទី២ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិសំរោង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ រងរបួសប៉ោងក្បាល ប៉ោងខៀវភ្នែកខាងឆ្វេង ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ។
តាមការរៀបរាប់ពីស្រ្តីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុក្រោយចេញពីធ្វើការងារបានបោកខោអាវយកទៅវាលនៅមុខបន្ទប់ជាន់ទី២ ខណៈពេលដែលកំពុងហាលខោអាវ ស្រាប់លេចមុខជនសង្ស័យ ដើរមកសួររកបងប្អូន ហើយចាប់អូសដៃរុញបញ្ចូលក្នុងបន្ទប់ ដាក់គន្លឹះទ្វារជាប់ចាប់ផ្តួលប៉ុនប៉ងចាប់រំលោភ តែរើបម្រាស់មិនបានសម្រេច បុរសនោះចាប់ក្បាលរុញបោកផ្ទប់ជញ្ជាំង ហើយវាយលើផ្ទៃមុខ ប្រតាយប្រតប់ រត់បើកទ្វារចេញចុះក្រោមស្រែកឲ្យអ្នកជិតខាងជួយធ្វើឲ្យជនសង្ស័យផ្អើលរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុភ្លាមក្នុងស្ថានភាពរបួសធ្ងន់ត្រូវបានអ្នកជិតខាងឌុបនាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សីរហូតមកដល់ល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា នេះទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ៕
...
ដោយ៖ សុខាសែនជ័យ