ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋក្នុងភូមិអន្លុងក្រមួន ឃុំស្រែប្ញស្សីស្រុកថាឡាបរីវ៉ាត់បាននាំគ្នារិះគន់លោកមេឃុំថា មិនបានយកចិត្តទុកដាក់ចំពោះផ្លូវក្នុងភូមិ-ឃុំ ដែលរងការខូចខាត បណ្តើរៗ កន្លែងខ្លះ ខូចស្ទើរតែទាំងស្រុង ខ្លះទៀតទឹកហូរជ្រោះធ្វើឲ្យដាច់ផ្លូវ បង្កឲ្យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរជាច្រើនមកហើយ ខ្លះទៀតអាចឈានដល់បាត់ បង់អាយុជីវិតទៀតផង ។
ប្រជាពលរដ្ឋបាននិយាយថា ផ្លូវមួយខ្សែនេះកសាងឡើងដោយលុយមូលនិធិឃុំតាំងពី ឆ្នាំ២០១៣មកម៉្លេះ ។ ផ្លូវនេះគ្មានប្រព័ន្ធលូរសម្រាប់រំដោះទឹកហូរចេញនោះទេ ។ម្យ៉ាងវិញទៀត នៅពេលរដូវវស្សាធ្វើឲ្យទឹកជន់លិចផ្លូវពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមក ។ ពួគគាត់បានសំណូមពរដល់អាជ្ញាធរឃុំ-ស្រុក និងខេត្ត មេត្តាជួយមើលផ្លូវក្នុងភូមិនេះផង សូមកុំមើលរំលងអី ។ គាត់បន្តទៀតថា មានកន្លែងខ្លះបាក់លូរកាត់ផ្លូវបង្កទៅជាជង្ហុកធ្វើឲ្យអ្នកធ្វើដំណើរជួបគ្រោះថ្នាក់ដល់អាយុជីវិតក៏មាន ។ ជារួមគ្មានការទទួលខុសត្រូវសូម្បីតែដាក់ស្លាកសញ្ញាចរាចរណ៍ ស្លាកចំណាំងផ្លាតដើម្បីឲ្យអ្នកធ្វើដំណើរ មានការប្រុងប្រយ័ត្នក៍គ្មានដែរ ។ នេះហើយជាកង្វល់របស់ពួគគាត់ដែលចង់លើកឡើង ។
ជុំវិញការលើកឡើងពីប្រជាពលរដ្ឋ លោក លួន ណាន មេឃុំស្រែប្ញស្សីបានប្រាប់ឲ្យ នគរដ្រេហ្គនដឹងថា ផ្លូវមួយខ្សែនេះធ្វើតាំងពីឆ្នាំ២០១៣មកម៉្លេះ វាល្មមខូចខាតខ្លះហើយ ព្រោះប្រជាពលរដ្ឋដឹកជញ្ចូនផលកសិផលធ្ងន់ៗ ជាពិសេសដឹកឈើតាមរថយន្តនឹងម៉ូតូជា រៀងរាល់ថ្ងៃផងនោះ រឿងអីវាមិនខូច ។ បញ្ហាផ្លូវដាច់នោះគាត់អត់ដឹងដែរ ចាំលោកឲ្យក្រុមការងារទៅមើលហើយនឹងដាក់ស្លាកសញ្ញាការពារគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរបណ្តោះអាសន្នសិន ទម្រាំមានថវិកាមូលនិធិឃុំធ្លាក់មកលោកនឹងធ្វើការជួស ជុលឡើងវិញ។
លោកមេឃុំបន្តទៀតថា ម្យ៉ាងវិញទៀតថវិកាមូលនិធិសម្រាប់ទ្រទ្រង់ឃុំពីមុនក្នុងមួយឆ្នាំ៧០លានរៀល តែឥឡូវនៅសល់តែ៤៦លានរៀលទេ ព្រោះក្រសួងកាត់មកបញ្ចូលប្រាក់បៀវត្តន៍ឲ្យមេឃុំនឹង ក្រុមព្រឹក្សាឃុំនឹងមេភូមិសមាជិកភូមិដើម្បីឲ្យសំស្របទៅនឹងតម្លៃការងាររបស់ពួគគាត់ ៕ ដោយ ៖ មាស សុផាត