ភ្នំពេញ៖សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះសំណេះសំណាល និងចែកអំណោយដល់បុគ្គលិក កម្មករ អនាម័យ បរិស្ថាន នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ, កម្មកររបស់ក្រុមហ៊ុន សុិនទ្រី, បុគ្គលិករបស់ក្រុមហ៊ុន អភិវឌ្ឍន៍វិស្វកម្ម និងសំណង់ មានចំនួន២១៩៦នាក់ ដែលប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា ស្ថិតនៅផ្លូវ៦៥២ កែង២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងពីធីសំណេះសំណាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវឲ្យបងប្អូនយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ចរាចរណ៍គ្រប់ពេលវេលា ព្រោះគ្រោះថ្នាក់ចរាចរណ៍នៅតែជាកត្តាព្រួយបារម្ភជាងគេបំផុតនៅកម្ពុជា ដែលភាគច្រើនកើតឡើងដោយកត្តាមនុស្ស បើកបរមិនគោរពគ្នា មិនចេះអធ្យាស្រ័យ មិនគោរពច្បាប់ចរាចរណ៍ និងបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវបន្ថែម សូមឲ្យបងប្អូនត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះនាំឲ្យមានផលលំបាកដល់ក្រុមគ្រួសារ និងសង្គមជាតិ៕
ដោយ៖ សុខ ខេមរា