ភ្នំពេញ៖ អតីតFreshie Girl សម្រស់បានកញ្ញា លឹម មួយហ្គិច បានប្រកាសវិលរកការងារសិល្បៈជាថ្មី ក្រោយពីអវត្តមានអស់ជាច្រើនខែ។ ក្រោយវិលវិញតារាសម្តែងរូបនេះទទួលបានការងារថ្មីៗបន្តបន្ទាប់ដ៏គួរឲ្យភ្ញាក់ផ្អើល។
ដោយធ្លាប់មានប្រវត្តិការងារសិល្បៈ និងបានសាងស្នាដៃជាច្រើននោះតារាសម្តែងនិងជាពិធីការិនីលឹមមួយហ្គិចបានសម្រេចចិត្តផ្អាកគម្រោងមុខជំនួញចោលនិងងាកមកក្តាប់ឱកាសការងារសិល្បៈជាថ្មី។ តារាស្រីសាច់សខ្ចីរូបនេះលើកឡើងថា ការបិទមុខរបរដែលជាប្រភពចំណូលធំក្នុងការរស់នៅព្រោះរូបនាងត្រូវបានគេទាក់ទងកក់ការសម្តែងពីមួយទៅមួយមិនអាចចោលតទៅទៀតបាន។ បើរំលឹកពីអតីតកាលស្រីស្អាតសាច់សញញឹមស្អាតរូបនេះពិតជាបន្សល់នូវស្នាដៃសិល្បៈជាច្រើនគួរសមមុននឹងនាងផ្អាកសិល្បៈងាកទៅប្រកបមុខរបររកស៊ីនោះ។
មួយហ្គិចគឺជាអតីតFreshie Girl ស្រីស្អាតម្នាក់កាលពីឆ្នាំ២០១៤ដែលឆ្លងដល់វគ្គចុងក្រោយទោះមិនបានលើកពានតែសម្រស់របស់នាងត្រូវបានផលិតករមួយចំនួនទំនាក់ទំនងរហូតទទួលបានការងារជាច្រើនអំឡុងពេលនាងសាងស្នាដៃសិល្ប:។ រឿងដែលនាងធ្លាប់សម្តែងគឺរឿង”ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍” “ផ្កាទីងមោង” “ម្ជុលបាតសមុទ្រ”កន្លងមក។ ថ្មីៗនេះនឹងទទួលបានការងារសិល្បៈជាច្រើនបូករួមទាំងការចូលរួមសម្តែងក្នុងខ្សែភាពយន្តរឿង”ព្យុះជីវិតចិត្តអ្នកលេង” និងរឿង”សង្រ្គាមមរតក” ដែលបញ្ចាំងនៅស្ថានីយ៍ទូរទស្សន៍បាយ័ននាពេលខាងមុខនេះ។ ក្រៅពីការងារសម្តែងនាងក៏ទទួលបានការងារច្រើនក្នុងពេលនេះដូចជាធ្វើជាពិធីការិនីនៅទូរទស្សន៍បាយ័ន កម្មវិធីនិយាយពីបាល់ទាត់ជាដើម។ ក្រៅពីនេះមានភាពយន្តបីបួនទៀតដែលនាងបានថតហើយនឹងគ្រោងបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ល្បីៗដោយរំពឹងថា នឹងកាន់តែលេចធ្លោរក្នុងការងារសិល្បៈ។
តារាស្រីដែលធ្លាប់បង្អូតសម្រស់នៅប្រទេសម៉ាឡេស៊ីនិងនៅទីក្រុងហុងកុងរូបនេះបាននិយាយទៀតថា ពេលងាកមកសិល្បៈវិញនាងកំពុងតែសម្តែងក្នុងរឿង”ម្ជុលបាតសមុទ្រ”និងរឿង”ព្យុះជីវិតចិត្តអ្នកលេង”ដែលនាងដើរតួស្រីស្រឡាញ់ស្រីសុទ្ធតែជាស្នាដៃប្លែកនិងរំពឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ ស្របពេលជាមួយគ្នានិងការវិលចូលសិល្បៈវិញនេះនាងបន្តការរំពឹងថា បងប្អូនទស្សនិកជននិងជួយគាំទ្រការងារសិល្បៈរបស់នាងហើយបណ្តាផលិតកម្មនានាដែលត្រូវការរូបនាងសម្តែងនាងនឹងបន្តថតជូនព្រោះសិល្បៈនាងស្រឡាញ់យូរមកហើយ។
សម្រាប់រឿងរ៉ាវបេះដូងវិញតារាស្រីសម្តីបានរូបនេះលើកឡើងថា នាងមិនទាន់មានបុរសណាក្នុងចិត្តនៅឡើយ ប៉ុន្តែនាងចង់ទុកពេលវេលាច្រើនជាមួយនឹងការងារសិល្បៈជៀសវាងការចំណាយពេលគិតច្រើនតែរឿងស្នេហានោះ៕
ដោយ៖ វឌ្ឍនា