រាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ១៩៧៩មានប្រជាជនរស់នៅមិនដល់១ម៉ឺននាក់ទេដែលកាលណោះតាមនាយជាលដឹងប្រជាជនម្នាក់អាចរស់នៅលើផ្ទៃដីជិតកន្លះគីឡូម៉ែត្របួនជ្រុងដែលសម្បូរដោយសំរាម គ្មានទឹក និងភ្លើងបរិបូរណ៍ដូចសព្វថ្ងៃនេះឡើយ ។ ការរស់នៅលើផ្ទៃដីដ៏ធំល្វឹងល្វើយមានតែអគារធំៗ ផ្ទះល្វែង ផ្សារ វត្តអារាម សាលារៀន និងមិនសម្បូរមនុស្សរស់នៅយ៉ាងនេះគឺមនុស្សជំនាន់នោះគ្មានចង់បានអ្វីក្រៅពីមានជីវិតរស់នៅឃើញពន្លឺព្រះអាទិត្យ សុំរស់តែមួយកម្លែកក្រោយពីងើបចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះឡើយ ពោលគឺគ្មានមហិច្ឆតាលោភលន់ចង់ បានអ្វីទៀតនោះទេ ព្រោះអ្នកខ្លះបានរស់ដោយគុណថ្ងៃ៧ មករា ១៩៧៩ គ្រាដែលអ្នកទាំងនោះខ្លះកំពុងនៅមាត់រណ្តៅមច្ចុរាជ ប៉ុល ពត ទៅហើយនោះ ។
និយាយបែបនេះនាយជាល សុំនិយាយសំដៅតែមនុស្សកើតទាន់ជំនាន់ ប៉ុល ពតដែលធ្លាប់ភ្លក់រសជាតិរបបប្រល័យពូជសាសន៍ប៉ុណ្ណោះ រីឯអ្នកកើតក្រោយថ្ងៃ៧ មករា ១៩៧៩ នាយជាលសុំធីបសិន បើទោះជាប្រឹងនិយាយឬពន្យល់ក៏ពួកគាត់មិនស្តាប់និង មិនជឿដែរអំពីទុក្ខវេទនាសម័យ៣ឆ្នាំ ៨ខែ ២០ថ្ងៃនេះ។
អ្វីដែលនាយជាលចង់និយាយនៅពេលនេះគឺប្រទេសជាតិងើបចេញពីចំណុចសូន្យ ឈានទៅរកការអភិវឌ្ឍរីកចម្រើនរុងរឿងដូចសព្វថ្ងៃនេះមានមនុស្សមួយចំនួនកំពុងភ្លើតភ្លើនជាមួយការលោភលន់ចង់មានបានមិនឆ្អែតឆ្អន់រហូតមានការកាប់សម្លាប់គ្នាគ្មានការអៀនខ្មាស ព្រោះតែការលោភលន់ ។
វាពិតជាត្រឹមត្រូវហើយកើតមកជាមនុស្សត្រូវការចង់មានបានរស់នៅដោយសេចក្តីថ្លៃថ្នូរ តែមនុស្សមួយចំនួនណានោះមិនគិតពីទង្វើរបស់ខ្លួនដែលធ្វើឲ្យប៉ះពាល់ដល់សង្គម និងអ្នកដទៃឡើយ គឺធ្វើម៉េចឲ្យតែអញរស់ទោះអ្នកណាងាប់ក៏ងាប់ទៅជាមនុស្សអាត្មា និយម។ មនុស្សអាត្មានិយមបើរស់នៅក្នុងសង្គមអភិវឌ្ឍន៍គឺត្រូវម៉ាច់តែម្តង ព្រោះពពួក មនុស្សធុននេះមិនខ្លាចទេការធ្វើទង្វើអាក្រក់ មិនខ្លាចទេច្បាប់ទម្លាប់ មិនខ្លាចទេខ្មោច និងអាចនិយាយបានថា ឲ្យតែគេមានលុយប្រើយក្សកិនម្សៅក៏បានប្រើខ្មោចឲ្យត្រេះ ពងលេងក៏បាន ។
តួយ៉ាងដូចសព្វថ្ងៃនេះខណៈប្រទេសកម្ពុជាកំពុងអភិវឌ្ឍជឿនលឿនប្រជាជនក្នុងក្រុងភ្នំពេញមានចំនួនជាង២លាននាក់ កើនច្រើនដងនៃមនុស្សឆ្នាំ១៩៧៩រស់នៅធ្វើឲ្យក្រុមអភិជនសប្បាយចិត្តនឹងការបណ្តេញអ្នកក្រដើម្បីពង្រីកមហិច្ឆតារបស់ខ្លួន។ យើងដឹងហើយថា ដើមឡើយនៅក្រុងភ្នំពេញសម្បូរដោយខ្មែរស្បែកខ្មៅរស់នៅតែ ឥឡូវខ្មែរស្បែកខ្មៅលក់ផ្ទះថ្មទៅនៅខ្ទមស្បូវឯជនបទកាត់មាត់ញក ឬលើផ្នូរខ្មោចចង់ អស់ទៅហើយ។ និយាយដល់ត្រង់នេះទើបនាយជាលខ្ញុំនឹកឃើញពាក្យពំនោលចាស់បុរាណថា «ចិនដេញខ្មែរ ខ្មែរដេញខ្មោច» មិនខុសមែន ។ ឥឡូវនេះទៀតបើមើលពីការ អភិវឌ្ឍក្នុងក្រុងភ្នំពេញយ៉ាងខ្លាំងក្លានោះអាចនិយាយបានថាសឹងរកដីសល់មួយចម្អាម គ្មានផង ហើយសូម្បីតែចេតិយ ឬឡដុតខ្មោចក៏គេបណ្តេញចេញឲ្យនៅក្រៅក្រុងដែរ។ ត្រង់នេះតើនាយជាលអាចនិយាយបានទេថា «ចិនដេញខ្មែរ ខ្មែរដេញខ្មោច ខ្មោចដេញ អាចារ្យព្លុក?» ព្រោះបើពិនិត្យជាក់ស្តែងទៅសូម្បីអាចារ្យព្លុកដុតខ្មោចក៏ត្រូវគេបណ្តញចេញរកដីនៅមិនបានដែរ ៕
ដោយ៖ នាយជាល