ម្ដាយជំពាក់លុយ៨០ដុល្លារ ហៅកូនស្រីទៅវាយដល់ផ្ទះព្រោះខឹងមិនប្រាប់លេខទូរស័ព្ទ

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីវ័យប្រហែល៣០ឆ្នាំម្នាក់ បានហៅក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ទៀតទៅជួប ហើយបានសុំលេខ ទូរស័ព្ទម្ដាយរបស់នាង ដើម្បីទូរស័ព្ទទៅទារលុយ ព្រោះម្ដាយក្មេងស្រីខាងលើនោះ ជំពាក់លុយចំនួន៨០ដុល្លារ មិនព្រមសង ហើយ ខណៈក្មេងស្រីនោះទៅដល់បែរជាបង្កជម្លោះប្រើហិង្សារប្រតាយប្រតប់គ្នារងរបួសបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីជាម្ចាស់ បំណុលដែលបង្ករបួសស្នាមលើក្មេងស្រីជាអនិតិជននោះឈ្មោះ  ពៅ អាយុប្រមាណ៣០ឆ្នាំមុខរបរជាអាជីវករលក់គ្រឿងអលង្ការកាឡៃ នៅក្នុងផ្សារទួលពង្រ ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ឃឹម សុវណ្ណារី អាយុ១៦ឆ្នាំ មុខរបរបញ្ចូលភ្លេងទូរស័ព្ទ មានស្រុកកំណើត នៅក្នុងភូមិ-ឃុំ-ស្រុកសំបូរ ខេត្តក្រចេះ មានម្តាយឈ្មោះ ហ៊ុក វណ្ណី អាយុ៣០ឆ្នាំ មានមុខរបរលក់ទឹកអំពៅ ស្នាក់ផ្ទះជួលភូមិទួលពង្រ ជាមួយគ្នាដែរ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រី ជាម្ចាស់បំណុលបានហៅក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ដែលជាកូនរបស់ឈ្មោះ ហ៊ុក វណ្ណី អ្នកជំពាក់លុយទៅជួប ហើយបានសុំលេខ ទូរស័ព្ទម្ដាយរបស់ម្តាយ ដើម្បីទូរស័ព្ទទារលុយ ព្រោះម្ដាយក្មេងស្រី ជំពាក់លុយចំនួន៨០ដុល្លារ មិនមានលទ្ធភាពសង ។ ប៉ុន្តែខណៈនោះនាងមិនបានប្រាប់ទេ ស្រាប់តែស្រ្តីម្ចាស់ បំណុល មានការខឹងសម្បា បង្កជាជម្លោះប្រតាយប្រតប់គ្នាកើតឡើង បណ្ដាលឲ្យ ក្មេងស្រីរងគ្រោះរបួសដាច់ រយះដៃដោយសារក្រចក របស់ស្រ្តីម្ចាស់បំណុលរូបនោះ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា ជម្លោះហិង្សានេះបានបង្កឲ្យមានការភ្ញាក់ផ្អើល ព្រោះមនុស្សចាស់វាយក្មេងឲ្យមានរបួសស្នាមបែបនេះ ហើយមានមនុស្សទៅចោមរោមមើល យ៉ាងច្រើនទៀតផង និងបានចូលទៅជួយចាប់ឃាត់ មិនឲ្យស្រ្តីម្ចាស់បំណុលនោះវាយធ្វើបាបក្មេងផងដែរ ។
ក្រោយពេលកើតហេតុ ស្រ្តីខាងលើនិងក្មេងស្រីរងគ្រោះ ត្រូវបានសន្តិសុខផ្សារនាំទៅកាន់ទីស្នាក់ការផ្សារទួល ពង្រនោះ ដើម្បីដោះស្រាយគ្នា ប៉ុន្តែភ្លាមៗនោះស្រ្តីដៃដល់ មិនបានទទួលខុសនោះទេ បានបដិសេធ ថាខ្លួនមិនបានវាយទៅលើក្មេងស្រីនោះទេ គឺជាការប្រតាយប្រតប់គ្នា ទៅវិញទៅមកតែប៉ុណ្ណោះ ។ ម្យ៉ាងខ្លួន មានបីកូនតូចនៅក្នុងដៃទៀតផង។

បន្ទាប់ពីមានការប្រកែកគ្នាបែបនេះ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ បានបម្រុងនាំខ្លួនទៅកាន់ប៉ុស្ដិ៍ ទើបស្រ្តីរូបនោះសុខចិត្ត សម្របសម្រួលគ្នាជាមួយ ក្មេងស្រីរងគ្រោះ បញ្ចប់រឿងដោយការលុបចោលបំណុលដែលម្ដាយក្មេងស្រីនោះជំពាក់ ៕

image2 image4 image3

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print