សម្តីរបស់មន្ត្រីក្រសួងវប្បធម៌មួយឃ្លាល្មមធ្វើឲ្យ ដេនីក្វាន់ ឆ្អែតបាយ

ចែករំលែក៖

ភ្នំពេញ៖ ពាក្យ”ល្បីថ្លៃថ្នូរ និងល្បីមិនថ្លៃថ្នូរ” ត្រូវបានលោកថៃ នរៈសត្យា រដ្ឋាលេខាធិការក្រសួងវប្បធម៌បានលើកឡើងក្រោយលេចចេញការរិះគន់ជាថ្មីទៅលើរូបថតសិចស៊ីរបស់តារាសម្តែងស្រីដេនី ក្វាន់។ ការទម្លាយសារលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់មន្រ្តីខាងលើក៏ក្រោយពេលដែលលេចចេញការរិះគន់មួយចំនួនពីសំណាក់មហាជនទាក់ទិននឹងឥទ្ធិពលរបស់ក្រសួងទៅលើសិល្បករខាងលើ។

កាលពីព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៦ តារាសម្តែង ដេនី ក្វាន់បានបញ្ចេញរូបថតសិចស៊ីចំនួន៥សន្លឹកជាថ្មីដែលនាងទទួលបានទាំងការរិះគន់ និងសរសើរ។ រិះគន់ព្រោះតែគេគិតថា នាងបានធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃជាស្ត្រីខ្មែរ ពិសេសបានផ្គើនទៅនឹងការណែនាំរបស់មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកន្លងមក។ ការរិះគន់នេះក៏សំដៅទៅលើក្រសួងដែលគ្មានលទ្ធភាពក្នុងការទប់ស្កាក់ភាពសិចស៊ីជ្រុលហួសហេតុទៅលើសិល្បកររូបនេះផងដែរ។

តបទៅនឹងការរិះគន់លោក ថៃ នរៈសត្យាបានលើកឡើងក្នុងសារអេឡិចត្រូវនិចក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “ខ្ញុំយល់ថា ឥតមាននរណាម្នាក់ផ្គើនជាមួយខ្ញុំឡើយ គឺគេផ្គើនចំពោះខ្លួនគេទៅវិញទេ !។ ខ្ញុំគ្រាន់តែបានបំពេញកិច្ចការតាមតួនាទីដោយពុំមានរង្គាសចិត្ត ហើយបែរជាកាន់តែអាណិតដល់អ្នកដែលចចេសទាំងឡាយទៅវិញ ដោយខ្ញុំយល់ថា ការស្គាល់ខ្លួនឯងច្បាស់ និងស្គាល់មហាជនច្បាស់ ទើបជាមនុស្សដែលយល់ដឹងពីតម្លៃ និងគុណតម្លៃរបស់ខ្លួន ព្រមទាំងកាលវេលាជាក់ស្តែងនៃសង្គមបរិយាកាសរស់នៅរបស់ខ្លួន”។

លោករដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរូបនេះបន្តថា ”ខ្ញុំក៏តែងតែបាននិយាយរួចហើយថា ” អ្នកប្រើសេរីភាពរហូតដល់អស់វានឹងអស់សេរីភាពប្រើ ” អ្នកប្រើសេរីភាពហួស ស្មើនឹងរំលួសសេរីភាពរបស់ខ្លួន ឲ្យកាន់តែសាបសូន្យទៅ “…… ។ ខ្ញុំគ្មានចេតនាចង់បៀតបៀននរណាម្នាក់ឡើយ ហើយគ្រាន់តែចង់ប្រាប់ថា ល្បីថ្លៃថ្នូរ និងល្បីមិនថ្លៃថ្នូរ តើសុភាពស្ត្រី និងបុរសយើងគួរជ្រើសយកមួយណាប៉ុណ្ណោះ !?”។

លោកបន្តថា “យើងខ្ញុំធ្វើការងារតាមវិជ្ជាជីវៈ ដែលមានលិខិតបទដ្ឋានគតិយុត្តិនានាជាមូលដ្ឋាន ហើយក៏អបស្ទបជាមួយមនោសញ្ចេតនាផងដែរ ព្រោះយើងខ្ញុំយល់ថា ច្បាប់តែឯកឯងមិនអាចធ្វើអ្វីបានឡើយ ដូចនេះយើងនឹងយកក្រមសីលធម៌នៃអ្នកសិល្បៈជាត្រីវិស័យគោលការណ៍គ្រឹះ គួបផ្សំជាមួយសត្យានុម័តនៃក្រុមប្រឹក្សាវិន័យ និងក្រុមប្រឹក្សាពិន័យ ដើម្បីអនុវត្តន៍ការងាររបស់យើងឲ្យមានប្រសិទ្ធភាពចំពោះមុខ រាជរដ្ឋាភិបាល និងស្រទាប់មហាជននៃព្រះរាជាណាចក្រកម្ពុជា “។

គេចាំបានដែរថា កាលពីចុងខែកញ្ញាឆ្នាំ២០១៦នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំឲ្យមានកម្មវិធីសិក្ខាសាសាមតិបំពេញបន្ថែមលើសេចក្តីព្រាង”ក្រមសីលធម៌នៃអ្នកសិល្បៈ”ប្រយោជន៍ឲ្យសិល្បករផលិតករដែលកំពុងធ្វើសកម្មភាពទាក់ទងនឹងវិស័យសិល្បៈ វប្បធម៌ដែលបានប្រព្រឹត្តិផ្ទុយនឹងក្រមសីលធម៌អ្នកសិល្បៈនឹងទទួលការពិន័យតាមរយៈការណែនាំ ស្តីបន្ទោស ព្រមានជាលាយលក្ខណ៍អក្សរផ្សព្វផ្សាយជាសាធារណៈ ឬផ្អាកមិនឲ្យធ្វើសកម្មភាពទាក់ទងនិងវិស័យសិល្បៈមួយរយៈពេល។

គេនៅមិនទាន់ដឹងនៅឡើយទេថា តើតារាសម្តែងសិចស៊ីដែលធ្លាប់ឆ្លងកាត់ការអប់រំណែនាំពីមន្ត្រីក្រសួងម្តងរួចមកហើយនេះនឹងត្រូវបានក្រសួងធ្វើចំណាត់ការបែបណានៅឡើយ៕

deny-6 deny-3 deny-4 deny-8 deny-2 deny-1 deny-7

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print