បុរសចិនពីរនាក់ពាក់ព័ន្ធគ្រឿងញៀនជាច្រើនគីឡូក្រាម ត្រូវនាំមកកាត់ទោសនៅតុលាការកំពូល

ចែករំលែក៖

ភ្នំពេញ : អនុរក្សពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ បាននាំខ្លួនបុរសជនជាតិចិនពីរនាក់ មកតុលាការកំពូល ដើម្បីជំនុំជម្រះបទល្មើស”នាំចូលដឹកជញ្ជូនសារធាតុគីមី ផ្សំគ្រឿងញៀន ក្នុងគោលដៅយកទៅផលិតគ្រឿងញៀនបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ” ។

បុរសទាំងពីរនាក់មានឈ្មោះ មី គួង អាយុ៥៦៦ឆ្នាំ និង ឈ្មោះ ហ្ក ហ្សឈីង អាយុ៤០ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ២៩ឆ្នាំ និង ពិន័យ៨០លានរៀល ពីបទ “នាំចូលដឹកជញ្ជូនសារធាតុគីមី ផ្សំគ្រឿងញៀន ក្នុងគោលដៅយកទៅផលិតគ្រឿងញៀនបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ” តាមមាត្រា៣៧ ចំណុច១ ច្បាប់ស្តីពីវិសោធនកម្មគ្រឿងញៀន ប្រព្រឹត្តកាលពីអំឡុងខែមីនា ឆ្នាំ២០០៩ នៅខេត្តកំពង់ចាម តាកែវ និង រាជធានីភ្នំពេញ ។ ប៉ុន្តែការសម្រេចនេះ ជនជាប់ចោទបានប្តឹងសាទុក្ខមកតុលាការកំពូល ។

ប្រភពព័ត៌មាន បញ្ជាក់ថា ជនជាប់ចោទរស់នៅក្រុងប៉េកាំង បានមកប្រទេសកម្ពុជាហើយឲ្យអ្នកបកប្រែរកផ្ទះនៅខេត្តតាកែវ កំពង់ចាម និងភ្នំពេញ ស្តុកអីវ៉ាន់ និងសម្ភារចម្រាញ់សារធាតុរុក្ខជាតិសម្រាប់ផ្សំថ្នាំព្យាបាលរោគទឹកនោមផ្អែម និងរោគថ្លើម។

សមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនជនជាប់ចោទ ហើយដកហូតវត្ថុតាងមាន រុក្ខជាតិស្មៅ ឈ្មោះ អេហ្វាដ្រា ទម្ងន់ ២៨១១,៥ គីឡូក្រាម មានសារធាតុញៀនសុទ្ធ ៥,២ ភាគរយ ម្សៅកូសស្ទិកសូដា ៨៤៣,៥ គីឡូក្រាម ម្សៅឆាកុល អាក់ទីវផៅឌ័រ ៣៧,៨ គីឡូក្រាម អាម៉ូហ្វូផូស្វរិស ៥១ គីឡូក្រាម កាល់ស្យូមក្លរីតអេនី ដ្រូ ២០,៦ គីឡូក្រាម ជេប៊ី ១៤,២ គីឡូក្រាម ទ្រីសូដ្យូមអាសេតាត ១២,៩ គីឡូក្រាម មេទីលឡាមីនអាកុល ៧,២ គីឡូក្រាម កាល់ស្យូមក្លរិក អេនី ដ្រូ ៦,៦ គីឡូក្រាម អាយរ៉ុនផៅឌ័រ ២៦,៩ គីឡូក្រាម ប៉ូលីឌីមេទីលស៊ីឡូសាហ្វីន ៧ គីឡូក្រាម វត្ថុរាវចំនួន ២ ប៊ីដុងចំណុះ ១០៧ គីឡូក្រាម ម្សៅព៌ណខ្មៅ និងពណ៌ប្រផេះ ទម្ងន់ ១០ គីឡឡូក្រាម។

នាពេលសវនាការ ជនជាប់ចោទបានបដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ។ មេធាវីការពារក្ដីជនជាប់ចោទ គឺ លោក ឡោ គីមហ្គិច បានស្នើឲ្យតុលាការកំពូល បង្វិលសំណុំរឿងនេះ ទៅសាលាឧទ្ធរណ៍ វិញ ។

ទោះបីយ៉ាងណា ក្រោយការសួរដេញដោល លោកចៅក្រម សឹង បញ្ញាវុឌ្ឈ បានលើកពេលប្រកាសសាលដីកាទៅព្រឹកថ្ងៃទី១៤ ខែធ្នូ ខាងមុខនេះវិញ ៕   ដោយ : ចេស្តា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print