វិភាគព័ត៌មានអន្តរជាតិ៖ ស៊ីរីអរគុណរុស្ស៊ីនិងចិនដែលបានច្រានចោលសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងដាម៉ាកាសបានបង្ហាញ ការដឹងគុណដល់រដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងប៉េកាំងដែលបានច្រានចោលសេចក្តីសម្រេចស្តីពីបទឈប់បាញ់នៅ ទីក្រុងអាឡែបប៉ូ ដែលរៀបចំឡើងដោយ អង្គការសហប្រជាជាតិ។

កិច្ចព្រមព្រៀងឈប់បាញ់នៅទីក្រុងអាឡែបប៉ូនឹងផ្តល់ឱកាសដល់ក្រុមភេរវកម្ម បង្កើតកម្លាំងជាថ្មីនិងប្រមូលផ្តុំគ្នា បន្ទាប់ពីក្រុមនេះបានបាត់បង់ទីតាំងជាច្រើននៅ ក្នុងក្រុង។

ក្រសួងការបរទេសស៊ីរីបានឲ្យដឹងថា ការកម្ចាត់ក្រុមភេរវកម្មគឺជាវិធីសាស្ត្រតែ មួយគត់ដើម្បីកាត់បន្ថយទុក្ខលំបាករបស់ពលរដ្ឋ និងជួយដល់ពលរដ្ឋមានការរស់នៅប្រសើរជាងមុន។

អ្នកឯកទេសវិភាគរបស់ស៊ីរីបានឲ្យដឹងថា ការបដិសេធរបស់រុស្ស៊ីនិងចិនបានធ្វើឲ្យ គម្រោងការពារក្រុមភេរវកម្មរបស់ប្រទេសលោកខាងលិចត្រូវបរាជ័យ។ កន្លងមកឲ្យ តែក្រុមភេរវកម្មរងការវាយប្រហារខ្លាំងពីទាហានរដ្ឋាភិបាលទាំងនៅក្នុងប្រទេសស៊ីរី និងអីុរ៉ាក់ អាមេរិកនិងលោកខាងលិចបានខិតខំរកគ្រប់ហេតុផលដើម្បីការពារក្រោមជំនួយមនុស្សធម៌និងការពារពលរដ្ឋស្លូតត្រង់តាមពិតគឺជាការការពារក្រុមភេរវកម្មទៅវិញ។

កាលពីពេលកន្លងទៅថ្មីៗប្រធានាធិបតី ស៊ីរីលោក បាសាអាល់ អាសាដបានបញ្ជាក់ ថា អាមេរិកវាយប្រហារតាមដែនអាកាស រយៈពេលជាង១ម៉ោងទៅលើកម្លាំងទាហាន រដ្ឋាភិបាលស៊ីរីសម្លាប់ទាហាន៦២នាក់។

សារព័ត៌មាន AP បានដកស្រង់សម្តីលោកអាល់អាសាដប្រកាសថា នេះមិនមែន ជារឿងច្រឡំនោះឡើយគឺជាចេតនាក្នុងការ វាយប្រហារដោយយន្តហោះអាមេរិក៤គ្រឿង ទៅលើទីតាំងរបស់ទាហានស៊ីរីរយៈពេលជាងមួយម៉ោង។ លោក អាសាដ បន្តទៀត ថា យន្តហោះអាមេរិកវាយប្រហារទៅលើទីតាំងជាច្រើនក្នុងនោះមានទាំងជំរំយោធារដ្ឋាភិបាលស៊ីរីផងដែរ។

ទាហានអាមេរិកបានវាយប្រហារជិត តំបន់ Ezzor សម្លាប់ទាហានស៊ីរី២២នាក់និងជាង១០០នាក់រងរបួស ។ មន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា ការវាយ ប្រហារខាងលើគឺជាការយល់ច្រឡំដោយអាមេរិកវាយប្រហារទៅលើក្រុមភេរវកម្មIS តែប៉ុណ្ណោះ។

លើសពីនេះទៅទៀតលោក អាល់ អាសាដ បានដាក់សំណួរសួរថា ហេតុអ្វី បានជាក្រុម IS បើកការវាយប្រហារទៅលើ ទាហានស៊ីរីក្រោយការវាយប្រហារច្រឡំ របស់អាមេរិក? សកម្មភាពទាំងនោះគឺជាចេតនាយ៉ាងពិតប្រាកដមិនមែនអចេតនានោះឡើយ។

នៅពេលដែលក្រុមភេរវកម្មបាត់បង់លំនឹងអាចនឹងត្រូវបរាជ័យនោះគឺប្រទេសលោកខាងលិចដឹកនាំដោយអាមេរិកបានប្រើប្រាស់កិច្ចព្រមព្រៀងឈប់បាញ់ដើម្បីការពារក្រុមភេរវកម្មដូចអ្វីដែលមេដឹកនាំស៊ីរីបានចោទប្រកាន់។ ក្រុមភេរវកម្មទាំងនោះគឺជាកូនចៅរបស់អាមេរិកក្នុងការលេប ទឹកដីស៊ីរីប៉ុណ្ណោះ។

អាមេរិកបានឡើងគម្រោងបែងចែកទឹក ដីស៊ីរីទៅជាតំបន់តូចៗគ្រប់គ្រងដោយមេដឹកនាំដែលមានភាពស្មោះត្រង់នឹងរដ្ឋា ភិបាលទីក្រុងវ៉ាស៊ីនតោន។

សារព័ត៌មាន Sputnik បានដកស្រង់ សម្តីអ្នកឯកទេសពីស៊ីរីបញ្ជាក់ថា សកម្មភាព កន្លងមករបស់អាមេរិកនៅក្នុងប្រទេសស៊ីរី គឺជាផែនការBដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី បានលើកឡើងកាល ពីខែកុម្ភៈឆ្នាំ២០១៦។

នៅក្នុងផែនការនោះទីក្រុងវ៉ាស៊ីនតោននឹងពិភាក្សាពីការបែងចែកស៊ីរីទៅជាតំបន់ស្វយ័តគ្រប់គ្រងដោយមេដឹកនាំស្មោះត្រង់ជាមួយទីក្រុងវ៉ាស៊ីនតោន។ តំបន់ទាំងនោះកាត់ផ្តាច់ចេញពីរដ្ឋាភិបាលលោក អាល់អាសាដ ហើយក្រុមទាំងនោះនឹងមិន ពិភាក្សាស្វែងរកសន្តិភាពជាមួយរដ្ឋាភិបាល ស៊ីរីឡើយ។

ដើម្បីសម្រេចនូវគោលដៅទាំងនោះ ទីក្រុងវ៉ាស៊ីនតោនបានខិតខំជួយដល់កម្លាំង សេរីស៊ីរីនិងក្រុមតូចៗជាច្រើនទៀតដែលប្រឆាំងនឹងរដ្ឋាភិបាលលោក អាល់អាសាដ ក្នុងនោះមានទាំងក្រុម Turkomans ជាក្រុម បងប្អូនអ៊ិស្លាមផងដែរ។

សកម្មភាពខាងលើក្រោយពេលដែល រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានទទួលស្គាល់ថា គម្រោងផ្តួលរំលំរដ្ឋាភិបាលលោក អាល់អាសាដ បរាជ័យ។ ហេតុនេះហើយមានតែផែនការបំបែកទឹកដីស៊ីរីប៉ុណ្ណោះ។

សកម្មភាពខាងលើស្របពេលដែល ទួរគី បើកការវាយប្រហារនៅតាមព្រំដែនស៊ីរី ហើយទួរគីអាចគ្រប់គ្រងនៅតំបន់នោះ ក៏ថាបាន។
នាយករដ្ឋមន្ត្រីទួរគីលោក Binali Yildirim បានប្រកាសឲ្យដឹងថា តាម បណ្តោយព្រំដែនមានប្រវែង៩១គីឡូម៉ែត្រចាប់ពី Azaz រហូតដល់ Jarabulus ត្រូវបានគ្រប់គ្រងដោយកម្លាំងទាហានទួរគីទាំងស្រុងក្រោយការបញ្ជូនកម្លាំងថ្មើរជើងវាយប្រហារនៅតាមព្រំដែននោះ។

នាយករដ្ឋមន្ត្រីទួរគីបានបញ្ជាក់កាលពីថ្ងៃទី៤ ខែកញ្ញាថា កម្លាំងថ្មើរជើងទួរគីដែល មានការគាំទ្រពីអាមេរិក និងក្រុមទាហានបះបោរស៊ីរីវាយប្រហារបណ្តេញក្រុមភេរវកម្ម IS ចេញពីតំបន់ព្រំដែនដែលពួកគេ បានគ្រប់គ្រងរយៈពេលកន្លងមក។

កន្លងមកអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) មានទីតាំងនៅក្នុងប្រទេស អង់គ្លេសបានឲ្យដឹងថា ក្រុម IS បានបាត់ បង់ទីតាំងដែលជាកន្លែងទំនាក់ទំនងដ៏ សំខាន់ជាមួយពិភពលោកគឺភូមិនៅព្រំដែន ជាប់ដងទន្លេ Sajur និង Al-Rai ។

ក្នុងថ្ងៃជាមួយគ្នានោះកម្លាំងទាហានស៊ីរី ដោយមានការគាំទ្រពីយន្តហោះចម្បាំង រុស្ស៊ីបានបើកការវាយប្រហារនៅភាគខាងត្បូងទីក្រុង Aleppo ដណ្តើមគ្រប់គ្រងបានមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាដែលក្រុមIS គ្រប់គ្រងពីមុនមក៕

siri

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print