ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីស្ទឹងសែន លោក ហង្ស សុវណ្ណារិទ្ធិ ទើបនឹងធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាមួយនឹងស្នាដៃបទចម្រៀងថ្មីពិរោះរណ្តំចិត្តមួយចំនួន។ តារាចម្រៀងរូបនេះក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញស្នាដៃបទចម្រៀងថ្មីជាមួយនឹងក្បាច់រាំ និងក្រុមរាំជាច្រើននាក់ដើម្បីធ្វើឲ្យកក្រើកឆាកតន្ត្រីនានានៅពេលខាងមុខនេះ។
ការបញ្ជាក់ពីគោលជំហរថ្មីនេះបានធ្វើឡើងក្រោយតារាចម្រៀង ហង្ស សុវណ្ណារិទ្ធិទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រពិសេសក្រុមយុវវ័យជាមួយនឹងបទចម្រៀងថ្មីពិរោះមួយចំនួនដូចជា”បែកពីគេមិនមែនដើម្បីអូន” បទ”ឱកាសច្រើនដងអូននៅមិនកែ”ជាដើម។ បទចម្រៀងទាំងនេះក៏បានធ្វើឲ្យ ហង្ស សុវណ្ណារិទ្ធិ ចាប់ផ្តើមលេចមុខមាត់ខ្លាំងក្នុងកម្មវិធីប្រគុំតន្ត្រីចុងសប្តាហ៍របស់ស្ថានីយទូរទស្សន៍នានា។
តារាចម្រៀងវ័យ២៥ឆ្នាំរូបនេះបញ្ជាក់ថា ក្រោយចុះកិច្ចសន្យាច្រៀងឲ្យផលិតកម្មរស្មីស្ទឹងសែនអស់រយៈពេលជាង២ឆ្នាំនេះលោកបានសម្រេចការងារសិល្បៈជាច្រើនក្នុងនោះមានបទចម្រៀងមិនក្រោម៣០បទដែលត្រូវបានច្រៀង និងដាក់លក់នៅលើទីផ្សារ។ អតីតតារាសម្តែងដែលវិវត្តន៍ខ្លួនជាតារាចម្រៀងរូបនេះបញ្ជាក់ដែរថា ឆាប់ៗនេះលោកនឹងបង្ហាញស្នាដៃបទចម្រៀងមួយចំនួនពិសេសគឺបទចម្រៀងដែលច្រៀងតាមលំនាំមរតកដើម និងបទចម្រៀងថ្មីOriginal Song ដែលនិពន្ធដោយកូនខ្មែរផងដែរ។ អ្វីដែលពិសេសលោកនឹងច្រៀងបទចម្រៀងមួយមានចំណងជើងថា”សំបុក្រឥតបា”ដែលជាបទចម្រៀងរៀបរាប់ពីជីវិតពិតរបស់លោកដែលរស់នៅដោយទុក្ខលំបាកពេលដែលមានតែម្តាយ ឥតឪពុកនោះ។ លោកថា បទចម្រៀងថ្មី”អាតឿមាសបង”ដែលជាស្នាដៃបទចម្រៀងថ្មីញាក់កន្ត្រាក់អារម្មណ៍ក៏នឹងត្រូវយកមកច្រៀងក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។ លោកថា ថ្មីៗនេះលោកបានបង្កើតក្រុមរាំថ្មីដែលមានសមាជិករហូតដល់១០នាក់ដើម្បីបំពេញតម្រូវការទៅតាមទីផ្សារខណៈដែលលោកនិងក្រុមរាំកំពុងតែហ្វឹកហាត់ជារៀងរាល់ថ្ងៃផងដែរ។
លោកថាបទចម្រៀងមួយចំនួនដែលទទួលបានការគាំទ្រច្រើនពីទស្សនិកជនក៏នឹងត្រៀមចេញលក់ជាMVក្នុងពេលដ៏ខ្លីខាងមុននេះផងដែរ។
បើទោះបីជាចាប់ផ្តើមមានទីផ្សារច្រើនក្តីក៏តារាចម្រៀង ហង្ស សុវណ្ណារិទ្ធិនៅតែគិតថាលោកទើបនឹងសម្រេចបានជោគជ័យប្រមាន៦០ភាគរយប៉ុណ្ណោះ ហើយលោកនឹងបន្តការខិតខំប្រឹងប្រែងទៀតដើម្បីបម្រើអារម្មណ៍ទស្សនិកជន។ លោកជឿជាក់ដែរថា សម្រាប់ដើមឆ្នាំ២០១៧ខាងមុខនេះតទៅលោកនឹងមានអ្វីដែលថ្មីប្លែកសម្រាប់បម្រើការកម្សាន្តរបស់អ្នកគាំទ្រផងដែរ៕
ដោយ៖ វឌ្ឍនា