ចាប់ខ្លួនក្រុមចោរលួចដ៏សកម្ម៣នាក់ប្រចាំស្រុកបសេដ្ឋចាត់ការតាមនីតិវិធី ក្រោយបក្ខពួកឆ្លើយសារភាព

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលស្រុកបសេដ្ឋបានធ្វើការចាប់ខ្លួនបក្ខពួកក្រុមចោរលួចដ៏សកម្ម៣នាក់ប្រចាំស្រុកបរសេដ្ឋចាត់ការតាមនីតិវិធី ដើម្បីផ្តល់ក្តីសុខជូនប្រជាពលរដ្ឋហើយនិងបន្តតាមចាប់ខ្លួនមេក្លោងម្នាក់ទៀតដែលកំពុងរត់គេចខ្លួន។

ប្រតិបត្តិបង្ក្រាបនេះធ្វើឡើងតាំងពីល្ងាចថ្ងៃទី៧ដល់៩ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិច្រាលធំ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទី១.ឈ្មោះពេជ ចាន់ ភេទប្រុស អាយ៣៣ឆ្នាំ រស់នៅកន្លែងចាប់ខ្លួន(ជាអ្នកប្រព្រឹត្តផ្ទាល់) ទី២.ឈ្មោះដោក សំអូន ហៅខ្មៅ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី៣.ឈ្មោះផូ សុខា ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកទទួផលចោរកម្ម រស់នៅភូមិជុំពោធិម្រាល ជុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី សោម បូរ៉ា ស្នងការរងនគរបាលខេត្តកំពង់ស្ពឺបានប្រាប់នៅព្រឹកថ្ងៃទី៩ខែធ្នូឆ្នាំ២០១៦នេះថា ប្រតិបតិ្តការបង្ក្រាបក្រុមចោរនេះធ្វើឡើងក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ សម សាមួន ស្នងការនគរបាលខេត្តដែលដឹកនាំបញ្ជាដោយលោកផ្ទាល់ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការផងដែរ។

លោកស្នងការរងបានបញ្ជាក់ថា កាលពីថ្ងៃទី៧សមត្ថកិច្ចឃាត់បានមុខសញ្ញាទទួលផលចោរកម្មម្នាក់ឈ្មោះផូ សុខា ក្រោយធ្វើការសាកសួរចម្លើយជននេះបានឆ្លើយសារភាពថា គេបានទិញម៉ូតូ១គ្រឿងពីជនសង្ស័យ២នាក់ខាងលើ ទើបកម្លាំងលោកបើកការស្រាវជ្រាវបន្តរហូតឃាត់បានមុខសញ្ញា២នាក់នោះជាបន្តបន្ទាប់។ ក្នុងការឃាត់ខ្លួននេះដែរសមត្ថកិច្ចរបស់លោកដកហូតបានម៉ូតូម៉ាកនិច១គ្រឿងពណ៌ស និងស្លាកលេខម៉ូតូ១ផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅស្នងការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធីបន្ត។

ដោយឡែកពាក់ព័ន្ធនឹងក្រុមមុខសញ្ញាលួចម៉ូតូដ៏សកម្មនេះដែរ បើតាមមម្ត្រីនគរបាលស្រុកបសេដ្ឋមួយរូបបង្ហើបថា ក្រុមនេះនៅមានមេខ្លោងម្នាក់ទៀតដែលមានខ្នងបង្អែកជាអ្នកធំនៅស្រុក ហើយពួកគេច្រើនតែធ្វើសកម្មភាពលួចម៉ូតូនៅក្នុងទឹកដីស្រុកបសេដ្ឋតែម្តងមិនសូវហ៊ានលួចក្រៅពីស្រុកបសេដ្ឋនេះឡើយ។ ម៉ូតូដែលក្រុមជនសង្ស័យទាំងនេះលួចភាគច្រើនជាម៉ូតូហុងដាឌ្រីម សេ១២៥ ហើយមិនលើ២០គ្រឿងនោះទេ ហើយនៅពេលដែលជំនាញព្រហ្មទណ្ឌស្រុកបសេដ្ឋរៀបចំផែនការតាមចាប់ខ្លួនគឺមេក្លោងពួកគេម្នាក់ឈ្មោះលាងនោះតែងតែដឹងខ្លួនហើយរត់គេចមុនពេលសមត្ថកិច្ចទៅដល់គ្រប់ពេល។បើតាមតម្រុយសមត្ថកិច្ចដឹងថាមេខ្លោងក្រុមចោរទាំងនេះកំពុងលាក់ខ្លួននៅក្នុងទឹកដីខេត្តកំពតឯណោះ។

មជ្ឈដ្ឋានមហាជនសង្ឃឹមថា អស់លោកសមត្ថកិច្ចដែលទទួលភារកិច្ចតាមចាប់មេខ្លោងក្រុមចោររូបនេះនឹងសម្រេចបាននូវភារកិច្ចនេះប្រកបដោយជោគជ័យជាក់ជាមិនខានឡើយ។

មហាជនលើកឡើងផងដែរថា បើចាប់បានមេខ្លោងក្រុមចោរនេះម្នាក់ទៀតនោះនៅស្រុកបសេដ្ឋមិនមានការបាត់បង់ម៉ូតូទៀតឡើយព្រោះថាមេខ្លោងក្រុមចោររូបនេះមានបងប្រុសម្នាក់ជាអ្នកមានមុខមាត់នៅស្រុកបសេដ្ឋនេះតែម្តង៕

img-20161209-wa0002 img-20161209-wa0003

...

ដោយ៖ សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print