ប្រមុខរាជរដ្ឋាភិបាលទើបតែចេញសារាចរលុបចោលការបង់ថ្លៃចំពោះប្រជាពល រដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អីតូចតាចតាមផ្សារ និងតាមចិញ្ចើមផ្លូវកាលពីថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០១៦។ ពេលឃើញសារាចរនេះធ្វើឲ្យនាយជាលខ្ញុំនឹកស្រណោះដល់អាក្តាន់ ជាក្លើ ដែលវាជាសន្តិសុខផ្សារព្រែកព្នៅហើយកន្លងមកវាពូកែទាត់កញ្ច្រែងបន្លែបង្កា មីងៗចាស់ៗមកពីស្រែលក់ត្រកួន ព្រលឹត តិចតួចគ្រាន់យកទៅដូរអង្ករស្ងោរមិន ប្រណីឡើយប្រសិនបើមីងៗទាំងនោះមិនព្រមបង់លុយកន្លែងលក់ដូរឲ្យវាទេ ។
កន្លងមកអាក្តាន់តែងអួតក្អេងក្អាងប្រាប់ខ្ញុំថា អញជាសន្តិ្តសុខផ្សារកុំចង់ខ្លាំងជាមួយ អញអ្នកលក់ដូរកំប៉ឹកកំប៉ុកណាមិនព្រមបង់ថ្លៃឲ្យអញបើមិនកញ្រ្ចែងហើរទេភ្នាល់! ហើយបើ អញមិនធ្វើអ៊ីចឹងទេបានលុយពីណាផឹកស្រាថ្នាំពេលល្ងាចនិងបានលុយពីណាយកទៅចែកមេ?
ដល់ពេលអីឡូវនេះនៅសុខៗរាជរដ្ឋាភិបាលបានចេញសារាចរលុបចោលការបង់ថ្លៃលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អីតូចតាចតាមផ្សារ និងតាមចិញ្ចើមផ្លូវទើបខ្ញុំភ្ញាក់ខ្លួន ព្រើតនឹកស្រណោះដល់អាក្តាន់ក្លើកម្សត់កម្រដែលម្តងម្កាលវាធ្លាប់ផ្ញើននោង ឃ្លោក និងបន្លែបង្ការផ្សេងៗដែលបានមកពីទាត់កញ្ច្រែងឲ្យខ្ញុំហូបខ្លះដែរ។ ស្រណោះវាពេក ខ្ញុំទាញទូរស័ព្ទចុចនិយាយទៅកាន់វា ដើម្បីសួរសុខទុក្ខទាក់ទិននឹងសារាចរថ្មីនេះ ៖
-អាឡូ! អាឡូ !
-អាឡូអ្នកណាហ្នឹង? (អាក្តាន់ស្តាប់សំឡេងខ្ញុំមិនបានវាសួរមកខ្ញុំ)
-គឺអញអាជាលនិយាយ! ម៉េចហើយឯងនិងក្រុមគ្រួសារសុខសប្បាយទេ?
-សុខ ក៏ដូចមិនសុខដែរអាជាលអើយដូចឯងដឹងស្រាប់ (អាក្តាន់ឆ្លើយ)
-តើវាយ៉ាងម៉េចបានជាឯងថាសុខក៏ដូចមិនសុខ? ខ្ញុំសួរអាក្តាន់ហើយអាក្តាន់វាឆ្លើយ ថា ដូចឯងដឹងស្រាប់មុខរបរអញពូកែទាត់កញ្ច្រែងបន្លែយកដូរស្រាថ្នាំ ឥឡូវថ្នាក់លើលែងឲ្យទារលុយកញ្ច្រែងទៀតហើយ តើបានអីលិឍ? អញធ្លាប់ទាត់កញ្ច្រែង អីឡូវអត់ កញ្ច្រែងទាត់ តើឲ្យអញធ្វើអី?
ខ្ញុំចង់អស់សំណើចតែមិនហ៊ានសើចឲ្យវាឮតែបាននិយាយលួងលោមកុំឲ្យវាបាក់ទឹកចិត្តថា ឯងកុំទាន់ខូចចិត្តអី បើឯងមានជំនាញខាងទាត់ធាក់ទៅហើយ មិនខ្វះការ ងារធ្វើទេ ឯងទៅហាត់ប្រដាល់នៅក្លិបអេ ភូថង ក៏មិនទាន់ហួសពេលដែរ ព្រោះកីឡា ប្រដាល់អីឡូវកំពុងត្រូវបានមហាជនលើកកម្ពស់ និងអាចរកប្រាក់បានច្រើនដែរ ។
អាក្តាន់ ស្រែកវ៉ាសដាក់ទូរស័ព្ទស្ទើរបែកស្លឹកត្រចៀកខ្ញុំ ហើយវានិយាយភ្លាត់ សំឡេងថា កីឡាប្រដាល់ម្រ៉ាយឯងស្អីបើជើងអញស្វិតម្ខាង ។
ខ្ញុំផ្ទុះសំណើចមួយខឹកព្រោះគិតថាខ្ញុំក៏ភ្លើដែរភ្លេចគិតថាជើងអាក្តាន់ស្វិតម្ខាង តែ ដើម្បីកុំឲ្យវាអស់សង្ឃឹមខ្ញុំប្រាប់វាជាថ្មីថា បើអស់កញ្ច្រែងបន្លែទាត់ក៏មិនអីដែរឲ្យតែឯងកែចរិតឈប់កោងកាចងាកមកធ្វើចិត្តឲ្យស្លូតបូតយ៉ាងហោចក៏មានអ្នកលក់ដូរ ឬថ្នាក់លើមើលឃើញទុកកន្លែងឲ្យរស់ដែរ ៕
ដោយ៖ នាយជាល