ខេត្តកំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបានឆ្មក់ចូលចាប់រឹបអូសយកឧបករណ៍បទល្មើសនេសាទ ដែលក្រុមជនល្មើសនេសាទនេះបានត្រៀមទុកធ្វើសកម្មភាព នេសាទដោយខុសច្បាប់ ។
ប្រតិបត្តិការនេះគឺធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នៅក្នុងភូមិបណ្តែតទឹករបស់ជនជាតិវៀតណាមនៃសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបាន ប្រាប់នៅរសៀលថ្ងៃដដែលថា ក្នុងប្រតិបត្តិការនេះកម្លាំងចម្រុះប្រមូលបានទូកអួន ១០គ្រឿង ទូកជន១គ្រឿង បាឡាស្មាច់ ១គ្រឿង ទូកម៉ាស៊ីន៧គ្រឿង និង អួនចំនួន ១១វង់ ស្មើនឹង៣.៨៥០ម៉ែត្រ ។ ចំពោះ ឧបករណ៍បទល្មើសដែលដកហូតបាននេះ លោកនឹងសុំគោលការណ៍ពីលោកអភិបាល ខេត្តដើម្បីដុតកម្ទេចចោលហើយចំពោះ វិធានការបន្តគឺលោកនឹងដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីកន្លែងផ្សេងទៀត ។
លោកបញ្ជាក់ថា ក្នុងពេលបង្រ្កាបនោះ ក្រុមដែលរកស៊ីល្មើសច្បាប់ នៅពេលដែល ឃើញសមត្ថកិច្ចទៅដល់ ខ្លះបានហក់ចូល ទឹកគេចខ្លួនបាត់ ហើយការបង្រ្កាបនេះគឺមានបញ្ជាផ្ទាល់ពីលោកឈួរ ច័ន្ទឌឿន អភិ បាលខេត្តកំពង់ឆ្នាំង ។
បើតាមប្រភពបានឲ្យដឹងថា ការបង្រ្កាប ជាទ្រង់ទ្រាយធំលើកនេះ ធ្វើឲ្យមានការ ងឿងឆ្ងល់ពីមជ្ឈដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង ដោយសារតែកន្លងមកក្រុមរកស៊ីបទល្មើសនេសាទដែលភាគច្រើនជាជនជាតិវៀតណាមនេះបានរកស៊ីសុខស្រួលរាប់ឆ្នាំទៅហើយ ដោយបានចំណាយលុយរត់ការទៅលើសមត្ថកិច្ច មន្រ្តីជំនាញ និងមន្រ្តីពាក់ ព័ន្ធខ្លះ ក្នុង១វង់ៗជិត១ម៉ឺនដុល្លារ ។
ប្រជាពលរដ្ឋដែលឃើញសកម្មភាព បង្រ្កាបនេះបានសាទរតែប្រជាពលរដ្ឋសូមឲ្យសមត្ថកិច្ចជំនាញត្រូវបង្ក្រាបជាប្រចាំ កុំធ្វើដូចវ៉ៃទឹកបង្អើលត្រីឲ្យចូលលប ៕ ដោយ ៖ ចន្ថា