ខេត្តបន្ទាយមានជ័យ៖ អាជីវកម្មពុះដី ឡូត៍សង់ផ្ទះល្វែងលក់របស់ក្រុមហ៊ុនហ៊ុយឡេងជោគជ័យនៅលើផ្ទៃដី៦០ហិកតាស្ថិតនៅក្បែរក្បាលស្ពានបឹងឈូកជាប់ផ្លូវជាតិលេខ៦ក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន ជ័យត្រូវបានអាជ្ញាធរចុះទៅបិទអាជីវកម្មជាបណ្តោះអាសន្នក្រោយពីអាជ្ញាធរខេត្តស្រាវជ្រាវរកឃើញថាក្រុមហ៊ុនធ្វើអាជីវកម្មមានភាពមិនប្រក្រតីនៃការធ្វើជំនួញដីធ្លីនៅចំណុចខាងលើនោះ ។
អាជ្ញាធរក៏បានរកឃើញផងដែរពីការធ្វើអាជីកម្មគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដោយបានកាយចាក់ដីបិទផ្លូវរំដោះទឹក ជំនន់ហើយមានប្រជាពលរដ្ឋប្តឹងថា ក្រុម ហ៊ុនកាយយកអាចម៍ដីបណ្តាលឱ្យបាក់ស្រុត ផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋនៅចំណីមាត់ស្ទឹងម្អាក់នោះ ។
អាជីវកម្មដីធ្លីនិងសង់អគារបុរីគ្មានច្បាប់ អនុញ្ញាតត្រឹមត្រូវធ្វើឱ្យពលរដ្ឋដែលជា អតិថិជនទៅទិញដីផ្ទះល្វែងឬអគារត្រូវគេមើលឃើញថា អាចប្រឈមជាមួយផ្លូវច្បាប់ នៅពេលរដ្ឋរឹតបន្តឹងផ្នែកច្បាប់ឱ្យម្ចាស់ អគារ និងម្ចាស់ដីងាកទៅធ្វើច្បាប់អនុវត្ត តាមរបបបង់ពន្ធចូលរដ្ឋ។ បញ្ហានោះហើយ បង្កឱ្យមានភាពប្រឈមស្មុគស្មាញសម្រាប់ក្រសួងពាក់ព័ន្ធអាជ្ញាធរខេត្តដោះស្រាយជាមួយពលរដ្ឋនៅពេលថៅកែ ឬម្ចាស់ក្រុម ហ៊ុនដោះដៃមិនទទួលខុសត្រូវ ។
ការធ្វើអាជីវកម្មពុះដីឡូត៍ធ្វើផ្ទះល្វែង និងការសាងសង់អគារបុរីនៅខេត្តបន្ទាយមានជ័យ គ្រាដែលមានសេចក្តីរាយការណ៍ឱ្យដឹងថា អាជីវកម្មសំណង់បុរីពុះដីឡូត៍ សង់ផ្ទះល្វែងលក់មួយចំនួននៅក្រុងប៉ោយប៉ែតនិងនៅក្រុងសិរីសោភ័ណគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ។ បញ្ហានេះហើយ ដែលធ្វើឱ្យរដ្ឋខាតបង់ប្រាក់ចំណូលពន្ធយ៉ាងធ្ងន់ ខណៈដែលការរឹតបន្តឹងរបស់រដ្ឋ មន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជំរុញឱ្យមានការសាងសង់អគារ បុរី កាស៊ីណូ ផ្ទះល្វែងស្ថានីយប្រេងឥន្ធនៈតម្រូវឱ្យម្ចាស់ ឬក្រុមហ៊ុនកសាងឱ្យមាន ច្បាប់ទម្លាប់ត្រឹមត្រូវ ។
ការចុះផ្អាកអាជីវកម្មនៃការធ្វើជំនួញដីធ្លីរបស់ក្រុមហ៊ុន ហ៊ុយ ឡេង នៅចំណុច ខាងលើបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដឹកនាំដោយលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការចូលរួមពីមន្រ្តីនៃមន្ទីរជំនាញ ពាក់ព័ន្ធមួយចំនួនផងដែរ ។
លោក លី សារី អភិបាលរងខេត្តបន្ទាយ មានជ័យបានប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ថា អាជ្ញាធរខេត្តបាន ចុះទៅពិនិត្យទីតាំងជាក់ស្តែងមិនបានជួប ប្រធានក្រុមហ៊ុននោះទេ គ្រាន់តែជួបខាងតំណាងក្រុមហ៊ុនប៉ុណ្ណោះ។ អាជ្ញាធរខេត្តក៏ បានធ្វើលិខិតអញ្ជើញឱ្យប្រធានក្រុមហ៊ុនចូលខ្លួនមកដោះស្រាយឱ្យងាកមកធ្វើច្បាប់ ទម្លាប់ឱ្យបានត្រឹមត្រូវ និងឱ្យកែសម្រួលឡើងវិញតាមការងារបច្ចេកទេសដូចជា តាមគម្រោងប្លង់ពាក់ព័ន្ធបរិស្ថាន អូរ ប្រឡាយ ចំណីផ្លូវ និងឱ្យសិក្សាគម្រោង ប្លង់ឱ្យបានច្បាស់លាស់ដើម្បីដាក់ឆ្លង គណៈកម្មការខេត្តជាអ្នកត្រួតពិនិត្យ និង សម្រេច ។
លោក លី សារី អភិបាលរងខេត្តបញ្ជាក់ ឱ្យដឹងទៀតថា មកដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៦ ប្រធានក្រុមហ៊ុនហ៊ុយឡេងជោគ ជ័យមិនទាន់ចូលខ្លួនមកដោះស្រាយនៅឡើយទេ។ កិច្ចការងារនេះអាជ្ញាធរខេត្តក៏បានគាំទ្រដល់ក្រុមហ៊ុនដែលបានមកដាក់ទុនវិនិយោគសម្រាប់ការអភិវឌ្ឍនៅក្នុង ប្រទេសតែអាជ្ញាធរគ្រាន់តែចង់ឱ្យក្រុម ហ៊ុនមានការអភិវឌ្ឍដោយអនុវត្តតាមគោល ការណ៍ច្បាប់ឱ្យបានច្បាស់លាស់ដើម្បី បញ្ចៀសបញ្ហាប្រឈមនៅថ្ងៃក្រោយ ។
ជុំវិញបញ្ហាខាងលើអ្នកយកព័ត៌មាន នគរវត្តបានព្យាយាមទំនាក់ទំនងទៅប្រធាន ក្រុមហ៊ុន ហ៊ុយ ឡេង ជោគជ័យ ដើម្បីឱ្យ ជួយបំភ្លឺ ប៉ុន្តែទូរស័ព្ទរបស់លោកមិនអាចទាក់ទងបានឡើយ ។
សូមបញ្ជាក់ថា ការធ្វើអាជីវកម្មដីធ្លីពុះ ដីសង់ផ្ទះល្វែង ឬសាងសង់អគារបុរីនិង កសាងផ្សារសម្រាប់ធ្វើអាជីវកម្មដីធ្លីនៅខេត្ត បន្ទាយមានជ័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវគេមើលឃើញថា មានការីក ដុះដាលយ៉ាងសន្ធឹកសន្ធាប់ ប៉ុន្តែសេចក្តី រាយការណ៍ឱ្យដឹងថា អាជីវកម្មដីធ្លីអគារបុរី សំណង់ផ្សារមួយចំនួនត្រូវគេរាយការណ៍ឱ្យដឹងថាមិនទាន់មានច្បាប់ទម្លាប់ត្រឹមត្រូវនៅឡើយទេទាំងច្បាប់សាងសង់ និងច្បាប់ធ្វើអាជីវកម្មជាហេតុធ្វើឱ្យរដ្ឋខាតបង់ប្រាក់ ពន្ធចំណូល។ អាជ្ញាធរខេត្តនិងក្រសួងពាក់ ព័ន្ធគួរណាស់តែចុះត្រួតពិនិត្យការធ្វើអាជីកម្មនោះឡើងវិញដើម្បីបញ្ចៀសបញ្ហា ប្រឈមនៃការតវ៉ារបស់ប្រជាពលដ្ឋដែលមិនបានដឹងនាំគ្នាទៅទិញដី និងអគារគ្មានច្បាប់ជាហេតុធ្វើឱ្យពលរដ្ឋមានការខាតបង់ និងប្រឈមជាមួយផ្លូវច្បាប់នោះទៀតផង៕
ដោយ៖ សំ វិច្ឆិកា