ខេត្តតាកែវ៖ ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ពេលដែលក្មេងប្រុសខាងលើ បានដេញចាប់សត្វកណ្តុរពីក្រោយម៉ាស៊ីនច្រូតស្រូវ ហើយក៏ត្រូវម៉ាស៊ីនច្រូតថយក្រោយបណ្តាលឲ្យកិនស្លាប់ នៅចំណុចវាលស្រែមួយស្ថិតក្នុងភូមិកំពែងត្បូង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
លោកវរសេនីយ៍ទោ ជុំ ឈឿន អធិការនគរបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា ក្មេងរងគ្រោះ ឈ្មោះ គូ សុខជា ភេទប្រុស អាយុ ១១ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ រស់នៅក្នុងបន្ទុកឪពុកម្តាយជាកសិករ ។
ចំណែកម៉ាស៊ីនច្រូតស្រូវម៉ាកគូបូតា ៧០ ពណ៌ក្រហម លាយស ក្រោយពេលកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ ។ ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានឃើញក្មេងៗមួយក្រុមបាននាំដេញចាប់-វៃសត្វកណ្តុរពីក្រោយម៉ាស៊ីនច្រូតស្រូវ ពេលដែលកំពុងតែដេញចាប់សត្វកណ្តុរ ស្រាប់តែម៉ាស៊ីនច្រូតបើកថយក្រោយ ហើយក៏បានកិនក្មេងប្រុសរងគ្រោះបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។
លោកអធិការបានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកបានចាត់តាំង កម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីវាស់វែង និងធ្វើកំណត់ហេតុកសាងសំណុំរឿងតាមនីតិវិធី រីឯសាកសពក្មេងរងគ្រោះបានប្រគល់ ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
ដោយមានទឹកចិត្តស្រឡាញ់ និងអាណិតអាសូរ នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ លោកឧត្តមសេនីយ៍ ណុប ដារ៉ា និងលោកស្រី បានឧបត្ថម្ភជាក្តារមជ្ឈូស និងថវិកាសម្រាប់បូជាសពកុមារា គូ សុខជា អាយុ ១១ឆ្នាំ រស់នៅភូមិកំពែងត្បូង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលទទួលរងគ្រោះថ្នាក់ដោយម៉ាស៊ីនច្រូតស្រូវកិនស្លាប់ កាលពីវេលាម៉ោង ១១ និង ០០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ។
ក្នុងនាមឪពុកម្តាយ ក៏ដូចជា ស្នងការនគរបាលខេត្តតាកែវ បានថ្លែងអំណរគុណយ៉ាងជ្រៅបំផុតចំពោះលោកឧត្តមសេនីយ៍ ណុប ដារ៉ា និងលោកជំទាវ ដែលបានចូលរួមឧបត្ថម្ភ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ៕
ដោយ៖ ជីសូរកា