ប្រភពព័ត៌មានពីយោធារបស់អាមេរិកបានបញ្ជាក់ឲ្យប្រភពព័ត៌មានរ៉យទ័រដឹងថា សហរដ្ឋអាមេរិកបានចាប់ផ្តើមយុទ្ធនាការលើកដំបូងដោយយន្តហោះចម្បាំងវាយប្រហារតាមដែនអាកាសប្រឆាំងទៅលើក្រុមរដ្ឋអិស្លាម(IS)ចេញពីគោលដៅបន្ទាយអាកាស Incirlik នៅក្នុងទឹកដីទួរគីកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយច្បាប់របស់កម្លាំងយោធាអាមេរិកបានបញ្ជាក់ថា កម្លាំងសម្ពន្ធមិត្តដឹកនាំដោយអាមេរិកបានចាប់ផ្តើមបេសកកម្មហោះហើរទាំងយន្តហោះមានមនុស្សបើក និងទាំងយន្តហោះគ្មានមនុស្សបើក ដើម្បីប្រឆាំងទៅលើក្រុមឧទ្ទាមនៅដើមខែនេះ ។
ប្រភពព័ត៌មានពីកងកម្លាំងសន្តិសុខរបស់ទួរគីបានបញ្ជាក់ថា យន្តហោះចម្បាំងរបស់ទួរគីមិនបានពាក់ព័ន្ធចូលរួមការវាយប្រហារពីលើដែនអាកាសដោយប្រើយន្តហោះចម្បាំងមានមនុស្សបើករបស់អាមេរិកកាលពីថ្ងៃទី១២ ខែសីហាឆ្នាំ២០១៥នោះទេ ។
រដ្ឋាភិបាលទួរគីកាលពីខែមុននេះបានបើកទ្វារបន្ទាយអាកាសដែលមានសារសំខាន់ និងប្រកបដោយយុទ្ធសាស្ត្រជូលកងកម្លាំងសម្ពន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក ។ ការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាយកងទ័ពអាកាសនេះជាការផ្លាស់ប្តូរនយោបាយមួយដែលមានលក្ខណៈសំខាន់ជាទីបំផុតរបស់ទួរគី ក្រោយពីមានការស្ទាក់ស្ទើរជាច្រើនឆ្នាំក្នុងការទទួលយកធ្វើជាខ្សែត្រៀមជួរមុខដើម្បីសកម្មភាពវាយប្រហារប្រឆាំងទៅលើក្រុមអិស្លាមជ្រុលនិយម ដែលនៅមាលមីដេរដាស់តាមបណ្តោយព្រំដែនរបស់ខ្លួននោះ ។
ប៉ុន្តែទោះបីយ៉ាងណា ទីក្រុងអេនការ៉ា (Ankara) មានការស្ទាក់ស្ទើរធ្វើជាអ្នកនាំមុខប្រឆាំងទៅលើក្រុមឧទ្ទាមរដ្ឋ អិស្លាម ដែលកំពុងគ្រប់គ្រងដែនដីភាគខាងរបស់ស៊ីរី និងអីរ៉ាក់ ។ មានការដកស្រង់បញ្ជាក់ឲ្យដឹងថា ទួរគីមានការព្រួយបារម្ភភ័យខ្លាចចំពោះលទ្ធផលបតស្នងវិញពីពួកឧទ្ទាម ។
ជាលើកទីមួយហើយ កាលពីខែកក្កដា ឆ្នាំ២០១៥ កម្លាំងយោធាទួរគីបានបើកយុទ្ធនាការតាមដែនអាកាសប្រឆាំងទៅលើក្រុមឧទ្ទាមនៅលើទឹកដីស៊ីរីនោះ ៕
ប្រែសម្រួល៖ យ៉ាត