ខេត្ដកំពត៖ សាលាខេត្ដកំពតបាន សម្រេចដកហូតដីទំហំបឹង៥៣៣ហិកតាស្ថិតក្នុងឃុំតានី និងឃុំភ្នំកុង ស្រុកអង្គរ ជ័យមកធ្វើជាសម្បត្ដិរដ្ឋ និងបម្រើជា ប្រយោជន៍សាធារណៈ បន្ទាប់ពីផ្ទៃដីបឹង នេះត្រូវបានក្រុមឈ្មួញនិងប្រជាពលរដ្ឋមួយចំនួនរំលោភយកតាំងពីឆ្នាំ២០១១ មកនោះ ។
លោក ខូយ ខុនហួរ អភិបាលខេត្ដកំពត នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥នេះ បានធ្វើដំណើរចុះទៅដល់ទីតាំងកន្លែងផ្ទៃបឹងដែលត្រូវគេរំលោភយកហើយបាន ជួបរកដំណោះស្រាយជាមួយប្រជាពល រដ្ឋនិងសម្រេចដកហូតយកផ្ទៃដីបឹងមកទុកជាសម្បត្ដិរដ្ឋ ។ លោក ខូយ ខុនហួរ បានឱ្យដឹងថា ផ្ទៃដីបឹងតាចាងត្រូវបាន ប្រជាពលរដ្ឋ និងឈ្មួញមួយចំនួនរំលោភ យកហើយបិទទំនប់កាយប្រឡាយចាក់ដីបង្កឱ្យប៉ះពាល់ដល់ការប្រើប្រាស់ទឹកបង្កបង្កើនផលនិងការនេសាទរបស់ប្រជា ពលរដ្ឋ ។
លោកអភិបាលខេត្ដ បានឱ្យដឹងថា ក្រោយជំនួបដោះស្រាយពេញមួយព្រឹកសាលាខេត្ដសម្រេចដកហូតនិងរក្សាផ្ទៃបឹងចំនួន៥៣៣ហិកតាទុកជាសម្បត្ដិរដ្ឋ វិញព្រោះឃុំទាំងពីរនេះបានបញ្ចប់ការ ចុះបញ្ចីដីធ្លីលក្ខណៈជាប្រព័ន្ធតាំងពីឆ្នាំ ២០០៥មកម្ល៉េះ ។ លោកអភិបាលខេត្ដ ក៏បានសម្រេចបើកប្រព័ន្ធស្ទាក់ទឹកទាំងអស់ឱ្យចរន្ដទឹកហូរដូចដើមឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ ។
ផ្ទៃដីបឹងដែលដកហូតត្រូវបានប្រគល់ឱ្យមន្ទីរធនធានទឹកគ្រប់គ្រងហើយបើ មានគម្រោងអភិវឌ្ឍត្រូវអនុវត្ដតាម និតិវិធីនិងមានការចូលរួមពីប្រជាពល រដ្ឋផងដែរ ។ ប្រជាពលរដ្ឋមានសិទ្ធិប្រើ ប្រាស់ក្នុងជីវភាពរស់នៅយកទឹកបង្ក បង្កើនផលនិងនេសាទជាដើមប៉ុន្ដែត្រូវ គោរពតាមច្បាប់ ។ ការដកហូតផ្ទៃ បឹងមកបម្រើប្រយោជន៍សាធារណៈនេះទទួលបានការឯកភាពនិងសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋនៅជុំវិញបឹងតាចាង ៕
ដោយ៖ ហេង នរិន្ទ្រ