កូរ៉េ​ខាងជើង​រិះគន់​សមយុទ្ធ​កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក​ និង​គំរាម​បាញ់ប្រហារ​ទៅ​កាន់​សេត​វិមាន

ចែករំលែក៖

​​កាលពី​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៥​ កូរ៉េ​ខាងជើង​បាន​រិះគន់​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​ការ​ធ្វើ​សមយុទ្ធ​របស់​កម្លាំង​ទាហាន​រាប់​ពាន់​នាក់​របស់​កូរ៉េ​ខាងត្បូង​ និង​អា​មេ​រិ​ក​ស្ថិត​នៅ​តាម​បន្ទាត់​ព្រំដែន​កូរ៉េ​ខាងត្បូង​ ដោយ​កូរ៉េ​ខាងជើង​អះអាង​ថា​ នោះ​ជា​សកម្មភាព​បង្ក​សង្គ្រាម​ ។​ កូរ៉េ​ខាងជើង​បាន​គំរាម​បាញ់ប្រហារ​តាម​ដែនអាកាស​ទៅ​កាន់​ទីក្រុង​សេ​អ៊ូ​ល​ និង​សេត​វិមាន​ ថែម​ទៀត​ផង​ ។​

​សមយុទ្ធ​កម្លាំងយោធា​រួម​មាន​រយៈពេល​២​ស​ប្តា​ហ៍​ដែល​មានឈ្មោះ​ថា​ Ulchi​ Freedom​ បាន​ចាប់ផ្តើម​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​ចន្ទ​ ទី​១០​ ខែសីហា​ ។​ សមយុទ្ធ​នេះ​មានការ​ចូលរួម​ពី​កងកម្លាំង​យោធា​រាប់​ពាន់​នាក់​ និង​ពី​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ ដែល​ជា​សកម្មភាព​មួយ​ត្រៀមលក្ខណៈ​ទប់ទល់​ការ​លុកលុយ​ឈ្លានពាន​ពី​កូរ៉េ​ខាងជើង​ ។​ នេះ​ជា​ការ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​ទីក្រុង​សេ​អ៊ូ​ល​ និង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​តែងតែបាន​ធ្វើ​ឡើងជា​ប្រចាំ​ ។​ ពួក​គេ​អះអាង​ថា​ ការ​ធ្វើ​សមយុទ្ធ​ទាំងនេះ​មាន​លក្ខណៈ​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ទីក្រុង​ព្យុ​ង​យ៉ាង​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ដល់​សកម្មភាព​ធ្វើ​សមយុទ្ធ​ទាំងនេះ​ ហើយ​បាន​ព្រមាន​ថា​ពី​ការ​បាញ់ប្រហារ​ដោយ​ប្រើ​អាវុធ​មហា​ប្រល័យ​លោក​នុយក្លេអ៊ែរ​ទៀត​ផង​ ។​

​ការ​ធ្វើ​សមយុទ្ធ​រួម​ដែល​មានឈ្មោះ​ថា​ Ulchi​ Freedom​ នៅ​ក្នុងឆ្នាំនេះ​បាន​កើតឡើង​ចំ​ពេល​ដែល​កំពុង​មាន​ស្ថាន​ការ​តានតឹង​ខ្លាំង​ឡើង​នៅ​ឧបទ្វីប​កូរ៉េ​ បន្ទាប់​ពី​មានការ​លួច​កប់​គ្រាប់​មីន​បណ្តាល​ឲ្យ​ផ្ទុះ​នៅ​តាម​បន្ទាត់​ព្រំដែន​កូរ៉េ​ខាងត្បូង​ ខណៈ​ដែល​មានការ​ដើរ​ល្បាត​របស់​កងកម្លាំង​ការពារ​ព្រំដែន​ ហើយ​ដែល​ទីក្រុង​សេ​អ៊ូ​ល​ចាត់​ទុក​ថា​ ជា​ទ​ង្វើ​របស់​កូរ៉េ​ខាងជើង​នោះ​ ។​

​គណៈកម្មាធិការ​សន្តិភាព​ និង​បង្រួបបង្រួម​កូរ៉េ​ខាងជើង​ (CPRK)​ ដែល​ជា​គណៈកម្មាធិការ​មួយ​ត្រួតពិនិត្យ​មើល​ទូទៅ​បញ្ហា​ទាំងឡាយ​ឆ្លងកាត់​តាម​ព្រំដែន​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ថ្កោលទោស​ទៅ​លើ​ការ​ធ្វើ​សមយុទ្ធ​ Ulchi​ Freedom​ នេះ​ ។​ CPRK​ បាន​ចាត់​ទុក​សមយុទ្ធ​នេះ​ថា​ជា​ការ​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ​ប្រឆាំង​ជាមួយ​កូរ៉េ​ខាងជើង​ ។​

​សេចក្តី​ថ្លែង​ការ​ដដែល​នេះ​បញ្ជាក់​ថា​ សមយុទ្ធ​យោធា​រួម​ទ្រង់ទ្រាយ​ធំ​បែប​នេះ​ ជា​ការ​ប្រកាសសង្គ្រាម​មួយ​យ៉ាង​ពិតប្រាកដ​ និង​ឆាបរហ័ស​បំផុត​ ។​ ការ​ប៉ះទង្គិច​ជាយថាហេតុ​ដោយ​កងកម្លាំង​ធា​អាច​នឹង​កើតឡើង​ ហើយ​ការ​ប៉ះទង្គិច​នោះ​កាន់តែ​ទ្រង់ទ្រាយ​ធំ​ហួស​ពី​ការ​គ្រប់គ្រង​ ដោយសារ​តែ​សកម្មភាព​សមយុទ្ធ​នេះ​ ។​

​ប្រភព​បន្ត​ថា​ អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​គួរតែ​ដឹង​ហើយ​ថា​ សកម្មភាព​របស់​ពួក​គេ​ទាំងនេះ​ជា​ការ​បង្ករឿង​ដ៏​ធំធេង​បំផុត​ ហើយ​កុំ​ភ្លេច​ថា​ សេត​វិមាន​ និង​វិមាន​ពណ៌​ខៀវ​របស់​ប្រធានាធិបតី​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​ គឺជា​គោលដៅ​នៃ​កាំ​ជ្រុ​ច​មី​ស៊ី​ល​ប្រភេទ​Ultra-precision​ របស់​កូរ៉េ​ខាងជើង​ឲ្យ​សោះ​ ៕​

...

ប្រែសម្រួល៖ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print