ក្រុងប៉ោយប៉ែត៖ ម៉ូតូ៦០គ្រឿង ដែលម្ចាស់មករត់ឌុបនៅច្រកទ្វារអន្តជាតិប៉ោយប៉ែត បង្កភាពអនាធិបតេយ្យ ត្រូវកម្លាំងនគរបាលអន្តោប្រវេសន៍ចាប់រក្សារទុករយៈពេលពីរម៉ោង ដើម្បីហៅម្ចាស់ទៅអប់រំ ។
ហេតុការណ៍នេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចច្រកទ្វារអន្តជាតិប៉ោយប៉ែត ឋិតក្នុងភូមិក្បាលស្ពាន់០១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកជុំ សារ៉េត នាយរងប៉ុស្ដិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានប្រសាសន៍ថាៈ ជុំវិញការបង្ក្រាបអ្នករត់ម៉ូតូឌុបនៅច្រកទ្វារប៉ោយប៉ែតនេះ លោកនឹងធ្វើជាប្រចាំ ព្រោះម៉ូតូឌុបដែលរត់នៅចំណុចនោះ ធ្វើឲ្យប៉ះពាល់ផ្នែកសណ្ដាប់ធ្នាប់ ម្យ៉ាងទៀតធ្វើឲ្យកកស្ទះនៃការធ្វើដំណើរ បង្កផលប៉ះពាល់ភ្ញៀវជាតិ និងអន្តជាតិ ដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វារក្នុងដំណើរកំសាន្តទៅរមនីយដ្ឋានផ្សេងៗ ក្នុងប្ររទេសកម្ពុជាយើង ។
លោកថា ក្រុមម៉ូតូឌុបនៅច្រកទ្វារខាងលើនេះ សមត្ថកិច្ចនឹងអប់រំធ្វើការណែនាំកុំឲ្យមករត់ឌុបនៅចំណុចច្រកទ្វារអន្តរជាតិទៀត បើសិនជាមិនព្រមធ្វើតាមសេចក្ដីណែនាំរបស់មន្រ្តីលើកទី១ទេ យើងនឹងចាប់យកទៅកន្លែងស្នាក់ការដើម្បីអប់រំជាលើកទី០២ ។
លោកបញ្ជាក់ថា៖ បើសិនជាការណែនាំលើកទី០២ មិនព្រមស្ដាប់បង្គាប់ទេនោះ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមម៉ូតូឌុប ដែលបង្កភាពអណាធិប្បេត្យនៅច្រកទ្វារអន្តជាតិបង្កផលប៉ះពាល់។
គួររំលឹកផងដែរថា៖ ចំពោះក្រុមម៉ូតូឌុប ម៉ូតូកង់បី ឬរថយន្តដឹកទំនិញ កំពុងតែបង្កការកកស្ទះនៅតាមផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខមណ្ឌលសុខភាពប៉ោយប៉ែត១ធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិមានការរិះគន់ជាខ្លាំងចំពោះសមត្ថកិច្ចផែនសណ្ដាប់ធ្នាប់សាធារណៈក្រុងប៉ោយប៉ែត ដែលបណ្ដោយឲ្យរថយន្ត ឬម៉ូតូចតតាមផ្លូវជាតិកកស្ទះជារៀងរាល់ថ្ងៃ ៕
ដោយ៖ វណ្ណា