ខេត្តកំពត៖ ស្ត្រីជាម្តាយ និងកូនប្រុសអាយុ២ឆ្នាំបានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែជនសង្ស័យជាប្តីបានយកចបកាប់ប្រហារ បង្កឲ្យមានការតក់ស្លុតនិងភ្ញាក់ផ្អើល កាលពីវេលាព្រឹកទៀបភ្លឺថ្ងៃទី១៩ ធ្នូ ២០១៦ នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។ ជនសង្ស័យបានប្រើចបវាយសម្លាប់ ប្រពន្ធនិងកូនប្រុសអាយុទើប២ឆ្នាំរបស់ខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
មន្រ្តីនគរបាលមូលដ្ឋានក្រុងកំពត បានឲ្យដឹងថា ជនបង្កមាន ឈ្មោះ អ៊ុំ រស្មី ហៅ ហ្សូ អាយុ៣៥ឆ្នាំ នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានសម្លាប់ប្រពន្ធ ឈ្មោះម៉ក់ សារ៉ាយ អាយុ២៤ឆ្នាំ និងកូនប្រុសឈ្មោះថា រដ្ឋពិសិដ្ឋ អាយុ២ឆ្នាំ ។ ប្រភពបានបញ្ជាក់ទៀតថា ជនសង្ស័យប្រើចបវាយសម្លាប់តែម្តង ហើយមូលហេតុដោយសារជនសង្ស័យមានជំងឺសរសៃប្រសាទ ហើយករណីនេះសមត្ថកិច្ចបានទទួលដំណឹង នៅពេលក្រុមគ្រួសារយកថ្នាំមកផ្ទះជនសង្ស័យ ទើបឃើញករណីនេះហើយក៏រាយការណ៍តែម្ដង។
សមត្ថកិច្ច បាននិងកំពុងតាមចាប់ជនបង្កជាប្តី ពីព្រោះក្រោយសម្លាប់ប្រពន្ធ និងកូនហើយ ជននេះបានរត់គេចខ្លួន ៕