ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី១៧ ខែធ្នូបានបង្កើនប្រាក់រង្វាន់ទ្វេដង គឺរហូតដល់ទៅ ២៥លានដុល្លារ ដល់បុគ្គល ណាមួយដែលបានផ្តល់ព័ត៌មានឈាន ដល់ការចាប់ខ្លួនមេដឹកនាំក្រុមភេរវកម្មIS លោក Abu Bakr Al Bangdadi ។
មេដឹកនាំក្រុមIS មានដើមកំណើតអុីរ៉ាក់ ឈ្មោះពិតគឺ Ibrahim Al Samarrai ធ្លាប់បានប្រកាសថាជាស្តេច អ៊ិស្លាមគ្រប់គ្រងតំបន់ធំទូលាយនៅក្នុងប្រទេសអុីរ៉ាក់ និងស៊ីរីកាលពី២ឆ្នាំមុន។
នៅពេលនេះគេមិនទាន់ដឹងថា មេដឹកនាំក្រុមអ៊ិស្លាមលាក់ខ្លួននៅកន្លែងណា ឡើយប៉ុន្តែតាម ប្រភពព័ត៌មានមួយបានឲ្យ ដឹងថា មេដឹកនាំIS កំពុងតែលាក់ខ្លួននៅក្នុង ទីក្រុង Mosul ប្រទេសអុីរ៉ាក់ ឬនៅតាម ព្រំដែនប្រទេសស៊ីរី-អុីរ៉ាក់។
កាលពីខែតុលាឆ្នាំ២០១១ ក្រសួងការបរទេសអាមេរិកបានផ្តល់រង្វាន់ ១០លាន ដុល្លារដល់បុគ្គលណាម្នាក់ដែលផ្តល់ព័ត៌មានពីទីតាំងរស់នៅរបស់ Abu Bakr Al Bangdadi។
នៅពេលនេះទីក្រុង Mosul នៅអុីរ៉ាក់ និងទីក្រុងអាឡែបប៉ូ នៅក្នុងប្រទេសស៊ីរី ត្រូវបានទាហានរដ្ឋាភិបាលដណ្តើមគ្រប់គ្រងវិញទាំងស្រុង ហើយនៅតែមិនទាន់រក ឃើញមេដឹកនាំក្រុមIS ខាងលើនៅឡើយ។
ការផ្តល់ប្រាក់រង្វាន់កាន់តែកើនឡើង ខ្ពស់នៅតែមិនអាចចាប់បានមេដឹកនាំ Abu Bakr Al Bangdadi នៅឡើយ។ សកម្ម ភាពខាងលើបានធ្វើឲ្យគេនឹកឃើញដល់មេដឹកនាំក្រុមភេរវកម្មអាល់កៃដា អូស្មា ប៊ិនឡាដេន ដែលបានគេចខ្លួនជាង១០ឆ្នាំពីការតាមចាប់របស់ទាហានអាមេរិកនៅ ក្នុងប្រទេសអាហ្វហ្គានីស្ថាន៕
ប្រែសម្រួល៖ ម៉ែវ សាធី