ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ជាប់ពាក់ព័ន្ធនិងប្រើអំពើហិង្សាដោយចេតនាទៅលើនារីម្នាក់ដែលជាសង្សាររបស់ខ្លួន។ ក្រោយស្រ្តីរងគ្រោះបានមកដាក់ពាក្យប្តឹងទៅលើជនដៃដល់ដែលបានវាយនាងបាក់ធ្មេញ និងស្នាមមុខខណៈដែលនាងអង្គុយនិយាយសាសងជាមួយប្រុសផ្សេងក្នុងពិធីមង្គលការមួយកន្លែង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនដៃដល់មានឈ្មោះ ហេវ ផល្លី អាយុ២៣ឆ្នាំ រស់នៅផ្ទះជួលក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ចំណែកនារីរងគ្រោះមានឈ្មោះប្រម ពិសី អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិអូរឫស្សីក្រោម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
បើតាមប្រភពព័ត៌មានពីអាវុធហត្ថក្រុងប៉ោយប៉ែតឱ្យដឹងថា មូលហេតុដែលនាំឱ្យជនដៃដល់ជាសង្សារវាយនារីរងគ្រោះដោយសាររឿងប្រច័ណ្ឌ ជនដៃដល់ទូរស័ព្ទទៅនាងរងគ្រោះ មិនលើកទូរស័ព្ទ ហើយបានឃើញនាងអង្គុយនៅក្បែរប្រុសផ្សេង សាសងរឿងស្នេហា ។ ជនដៃដល់ឃើញបែបនោះទ្រាំពុំបានឈឺចិត្តក្តៅក្រហាយក៏ស្ទុះវាយនាងជាសង្សារជាច្រើនកណ្តាប់ដៃចំផ្ទៃមុខ និងមាត់បណ្តាលឱ្យបាក់ធ្មេញមុខចំនួន២ផងដែរ។
ជនដៃដល់ត្រូវបានចាប់បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការយកទៅចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ សំ វិច្ឆិកា