ក្រោយពេលលោក អូបាម៉ា បានប្រកាស ពីវិធីសាស្ត្រដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី ខ្លាំងជាងមុន ដោយសម្រេចបណ្តេញមន្ត្រីការទូត៣៥រូបចេញពីអាមេរិក។ រដ្ឋា ភិបាលទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា មានបំណងបំផ្លាញទំនាក់ ទំនងជាមួយទីក្រុងមូស្គូ។
កាលពីថ្ងៃទី២៩ ខែធ្នូ ប្រធានាធិបតី អូបាម៉ា បានចេញបញ្ជាបណ្តេញមន្ត្រីរុស្ស៊ី៣៥រូប ដោយចោទប្រកាន់ពីបទចារកម្មនៅអាមេរិក។ មន្ត្រីរុស្ស៊ីដែលត្រូវបណ្តេញ ចេញនោះជាប់ពាក់ព័ន្ធនឹងក្រុមចារកិច្ច ២ ផ្សេងគ្នារបស់រុស្ស៊ី ដែលបានវាយប្រហារទៅលើការបោះឆ្នោតនៅអាមេរិក ។ ក្រៅពីនេះអាមេរិកបានបិទទីតាំង២កន្លែងរបស់រុស្ស៊ីនៅក្នុងទឹកដីអាមេរិក។
សារព័ត៌មានរ៉យទ័របានផ្សាយថា អាមេរិកបានដាក់ទណ្ឌកម្មទៅលើអង្គការសន្តិសុខ សហភាពរុស្ស៊ី FSB និងអង្គការចារ កម្មយោធា GRU។ ទីតាំង២កន្លែងនៅ អាមេរិកដែល អូបាម៉ា បញ្ជាឲ្យបិទទ្វារនោះ ស្ថិតនៅទីក្រុងញូវយ៉ក និងម៉ារីឡែនដោយសង្ស័យពាក់ព័ន្ធប្រមូលព័ត៌មានចារកម្មពីអាមេរិក។
មន្ត្រីការបរទេស៣៥រូប របស់រុស្ស៊ី ត្រូវចាកចេញពីអាមេរិកក្នុងរយៈពេល ៧២ម៉ោង។ នេះជាការដាក់ទណ្ឌកម្មតឹងតែងបំផុតទៅលើរុស្ស៊ីពាក់ព័ន្ធនឹងសកម្មភាពចារកម្ម។ សកម្មភាពខាងលើកើត ឡើងនៅពេលដែលលោក អូបាម៉ា ជិត បញ្ចប់អាណត្តិ នៅសល់តែប៉ុន្មានថ្ងៃទៀត ប៉ុណ្ណោះ។ សកម្មភាពខាងលើបានធ្វើឲ្យ ទំនាក់ទំនងរវាងអាមេរិក នឹងរុស្ស៊ីកាន់តែតានតឹងជាងពេលណាៗទាំងអស់បន្ទាប់ពីសង្គ្រាមត្រជាក់។
ក្រសួងចារកិច្ចអាមេរិកបានប្រកាសថា ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានចេញបញ្ជាដោយផ្ទាល់ទៅលើការបោះឆ្នោតនៅអាមេរិក ដោយក្រុមហែកឃើររុស្ស៊ីបាន វាយប្រហារចូលក្នុងប្រព័ន្ធកុំព្យូទ័រលួចព័ត៌មានរបស់គណបក្សប្រជាធិបតេយ្យ ទើប ធ្វើឲ្យលោកស្រី ហ៊ីលឡារី គ្លីនតុន ចាញ់ នៅក្នុងការបោះឆ្នោត៕
ប្រែសម្រួល៖ ម៉ែវ សាធី











