តើពិភពលោកទាំងមូលនឹងធ្លាក់នៅក្នុងដៃប្រទេសចិននិងប្រទេសរុស្ស៊ីដែរឬទេ?

ចែករំលែក៖

គម្រោងបែងចែកពិភពលោកគ្រប់គ្រងរបស់ប្រទេសមហាអំណាចយោធាចិននិងរុស្ស៊ីត្រូវបានអាមេរិកដឹងជាមុនហើយទប់ស្កាត់ទាន់ពេលវេលា បើមិនដូច្នោះទេរុស្ស៊ីនិងចិនប្រាកដជាដណ្តើមមហាអំណាចទីមួយពីអាមេរិកមកហែកចែកគ្នាគ្រប់គ្រងជាមិនខាន។

ការណ៍ដែលរុស្ស៊ីរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបានធ្វើឲ្យរុស្ស៊ីថយកម្លាំងយ៉ាងខ្លាំង ពិសេសលើវិស័យសេដ្ឋកិច្ចបានធ្វើឲ្យប្រទេសនេះមិនអាចក្រោកឡើងប្រឆាំងអាមេរិកបាន ហើយលោកពូទីនក៏បានប្រកាស ទទួលស្គាល់ថា អាមេរិកជាប្រទេសមហា អំណាចតែមួយគត់លើពិភពលោក។

ចំពោះចិនវិញក៏ដូចគ្នាដែរបើអាមេរិក មិនអាចរារាំងមហិច្ឆតាគ្រប់គ្រងសមុទ្រចិនភាគខាងត្បូងរបស់ទីក្រុងប៉េកាំងបានទេ នោះមហាអំណាចទីមួយរបស់អាមេរិកក៏ នឹងរងការបាត់បង់ដូចគ្នា។

ពិភពលោកបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាអំណាចអាមេរិកដែលមានសម្ពន្ធមិត្តដ៏រឹងមាំនិងសុទ្ធសឹងតែជាប្រទេសមហាអំណាចសេដ្ឋកិច្ច។ ទាំង នោះហើយគេអាចនិយាយបានថា ក្នុង រយៈពេល១ឬ២ទសវត្សខាងមុខមហា អំណាចពិភពលោករបស់អាមេរិកមិនរងការគំរាមកំហែងនោះឡើយ។

បើទោះបីចិននិងរុស្ស៊ីមានបំណងចង់ដណ្តើមមហាអំណាចពីអាមេរិកក្តីក៏ជារឿងមួយដ៏លំបាកដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសទាំង២មិនទាន់អាចតាមទាន់អាមេរិកនោះឡើយក្នុងរយៈពេលខ្លី បើទោះជា ចិនក្លាយជាប្រទេសមហាអំណាចសេដ្ឋ កិច្ចទី២នៅលើពិភពលោកក៏ដោយ។

បច្ចុប្បន្នចិនបានខិតខំពង្រីកអំណាចគ្រប់គ្រងនៅតំបន់សមុទ្រចិនភាគខាងត្បូង ដែលជាមូលដ្ឋានគ្រឹះនៅក្នុងការឆ្ពោះទៅ រកការគ្រប់គ្រងពិភពលោកទាំងមូល។ ចំណែកសម្ពន្ធមិត្តចិនគឺរុស្ស៊ីកំពុងតែពង្រីក ឥទ្ធិពលនៅតំបន់មជ្ឈិមបូព៌ា។ ជាច្រើន ទសវត្សកន្លងមកកម្លាំងទាហានជើងទឹក អឺរ៉ុបបានបង្ហាញវត្ដមាននៅគ្រប់ទិសទីជុំវិញ ពិភពលោកដើម្បីខួងយកធនធានធម្មជាតិជួញដូរ និងបង្កើតបណ្ដាញគ្រប់គ្រងពិភពលោកទាំងមូល។ ប៉ុន្ដែរូបភាពទាំងនោះពេល នេះត្រូវបានផ្លាស់ប្ដូរទាំងស្រុងដោយសារតែការងើបឡើងនៃប្រទេសចិននិងរុស្ស៊ី។

នៅរដូវរងាកាលពីឆ្នាំ២០១៥គេអាចមើលឃើញកម្លាំងទាហានជើងទឹកចិននៅតំបន់សមុទ្រមេឌីទែរ៉ាណេជាលើកដំបូង ចូលរួមធ្វើសកម្មភាពសមយុទ្ធជាមួយរុស្ស៊ី។ គម្រោងធ្វើសមយុទ្ធនោះត្រូវបានប្រកាសកាលពីសបា្ដហ៍កន្លងទៅនៅទីក្រុងប៉េកាំងក្រោយកិច្ចប្រជុំរវាងមន្ដ្រីយោធាប្រទេសទាំងពីរ។

ជាការពិតណាស់ចិនប្រាកដជាពេញ ចិត្ដយ៉ាងខ្លាំងនៅពេលដែលនាវាចម្បាំង របស់កម្លាំងទាហានជើងទឹកចិនបង្ហាញវត្ដមាននៅតំបន់សមុទ្រដែលគេចាត់ទុកថា ជាបេះដូងនៃសម្ពន្ធមិត្ដអឺរ៉ុប។ ប៉ុន្ដែការធ្វើ សមយុទ្ធនោះមិនត្រឹមតែជាតំណាង ប៉ុណ្ណោះទេគឺវាបានបង្ហាញយ៉ាងច្បាស់ពី ដំណើរឆ្ពោះទៅមុខដ៏សំខាន់របស់ចិន និង រុស្ស៊ីដែលចាប់ដៃគ្នារៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ពិភពលោកឡើងវិញនៅ ពេលដ៏ខ្លីខាងមុខនេះ។

រដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុង មូស្គូតែងតែប្រឆាំងរាល់សកម្មភាពយោធា របស់លោកខាងលិចនៅជិតព្រំដែនរបស់ខ្លួន។ ចិនបានប្រតិកម្មយ៉ាងខ្លាំងពេលមាន យន្ដហោះយាមល្បាតរបស់កម្លាំងទាហានជើងទឹកអាមេរិកហោះហើរជិតព្រំដែន សមុទ្ររបស់ខ្លួន។ ចំណែករុស្ស៊ីក៏កំពុង រារាំងគម្រោងឆ្ពោះទៅទិសខាងកើតរបស់អង្គការណាតូដើម្បីដាក់បញ្ចូលសមាជិកថ្មី ដែលជាប្រទេសអតីតសហភាពសូវៀតក្នុងគោលដៅឡោមព័ទ្ធប្រទេសរុស្ស៊ីមិនឱ្យ ងើបរួច។

ដូច្នេះការធ្វើសមយុទ្ធរួមនៅពេលខាងមុខនៅសមុទ្រមេឌីទែរ៉ាណេជាសារដ៏មានសារសំខាន់ និងច្បាស់លាស់ដល់ប្រទេសលោកខាងលិច។ ប្រសិនបើណាតូនៅតែបន្ដយាមល្បាតជិតព្រំដែនចិន និងរុស្ស៊ី ប្រទេសទាំង២ក៏អាចចូលទៅកៀកព្រំដែនណាតូនិងអាមេរិកផងដែរ។

ខាងក្រោយនៃគម្រោងធ្វើសមយុទ្ធរួមជាយុទ្ធសាស្ដ្រស៊ីជម្រៅរបស់ចិននិងរុស្ស៊ីក្នុងគោលដៅរៀបចំសណ្ដាប់ធ្នាប់សន្ដិសុខ ពិភពលោកឡើងវិញនោះគឺពឹងផ្អែកទៅលើឥទ្ធិពលប្រទេសទាំងពីរ។ ទាំង ចិននិងរុស្ស៊ីបានយល់ឃើញថា ប្រទេស ទាំង២មានសិទ្ធិច្រានចោលឬទទួលយក នូវអ្វីដែលកំពុងតែកើតមាននៅក្នុងប្រទេស ជិតខាង។

រុស្ស៊ីបានចាត់ទុកអ៊ុយក្រែនថា ជាប្រទេស ស្ថិតនៅក្រោមអាណានិគមរបស់ទីក្រុង មូស្គូជាច្រើនទសវត្សកន្លងមក ហើយពេលនេះបើអ៊ុយក្រែនចូលជាសមាជិកសហគមន៍ អឺរ៉ុបគឺជារឿងមិនអាចទទួលយកបាន ឡើយ។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ក៏ជំរុញទស្សនៈបង្កើតសម្ពន្ធមិត្ដអាស៊ីអឺរ៉ុបដើម្បីស្ដារកិត្ដិយសរបស់រុស្ស៊ីដែរ នៅតំបន់ដែលប្រទេសខ្លួនមានឥទ្ធិពលទៅលើជាយូរយារណាស់មកហើយនោះ។

កន្លងមកថ្មីៗចិនក៏បានស្វែងរកវិធី សាស្ដ្របង្កើនឥទ្ធិពលរបស់ខ្លួននៅទ្វីបអាស៊ីដោយពឹងផ្អែកទៅលើកំណើនសេដ្ឋកិច្ចយ៉ាងខ្ពស់របស់ខ្លួន។ ប៉ុន្ដែចិនបែរជាអនុ វត្ដគោលនយោបាយគំរាមកំហែងដល់ សន្ដិសុខប្រទេសជិតខាងទៅវិញ។ បច្ចុប្បន្ន ចិនកំពុងជ្រៀតជ្រែកចូលក្នុងវិវាទដែនអធិប តេយ្យជាមួយប្រទេសជាច្រើនដែលមានព្រំដែនគោក និងព្រំដែនសមុទ្រជាប់គ្នាក្នុងនោះមានទាំងប្រទេសឥណ្ឌា និងជប៉ុនព្រមទាំងបណ្ដាប្រទេសតំបន់អាស៊ីភាគអាគ្នេយ៍។ កាលពីឆ្នាំ២០១៣ចិនក៏បានប្រកាសបង្កើត តំបន់ការពារដែនអាកាសនៅតំបន់សមុទ្រចិនភាគខាងកើតក្នុងគោលដៅគ្រប់គ្រងទៅលើប្រជុំកោះដែលមានវិវាទ។

ទស្សនៈមួយចំនួនរបស់លោកខាង លិចបានលើកឡើងថា ដើម្បីសន្ដិភាពគួរតែទទួលស្គាល់ឥទ្ធិពលរបស់រុស្ស៊ីនិងចិននៅ ក្នុងតំបន់។ ឆ្លើយតបទៅនឹងបទសម្ភាសន៍មួយអតីតរដ្ឋមន្ដ្រីការបរទេសអាមេរិកលោក Henry Kissinger បាននិយាយ ដោយចំៗថា មានមូលហេតុជាច្រើនដែលធ្វើឱ្យអ៊ុយក្រែនមិនអាចសម្រេចអនាគត របស់ខ្លួនបានដោយសារប្រទេសនេះស្ថិតក្រោមឥទ្ធិពលរបស់រុស្ស៊ី។ ដូច្នេះដើម្បី សន្ដិភាពលោកខាងលិចក៏ត្រូវទទួលស្គាល់ ឥទ្ធិពលទាំងនោះផងដែរ។

រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ពិតជាមិនទទួល ស្គាល់នូវការចូលមកកៀកទាំងនោះរបស់ រុស្ស៊ីនិងចិនឡើយ។ អនុប្រធានក្រុមប្រឹក្សា សន្ដិសុខជាតិអាមេរិកក៏បានប្រឆាំងទៅ នឹងទស្សនៈជាប្រទេសមហាអំណាចនៅ ក្នុងតំបន់ផងដែរ។

ជាមួយនឹងសក្ដានុពលទាំងសេដ្ឋកិច្ច និងយោធានាពេលបច្ចុប្បន្នអាមេរិកអាច នឹងបង្កើនឥទ្ធិពលនៅគ្រប់ទិសទីជុំវិញ ពិភពលោក ។ ចំពោះរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោននាពេលបច្ចុប្បន្នមិនបានប្រើប្រាស់ ទស្សនៈជាប្រទេសមហាអំណាច ក្នុងតំបន់ទៀតឡើយគឺជាមហាអំណាច ពិភពលោកទាំងមូល។ អាមេរិកបានដាក់កម្លាំងទាហានជើងទឹកជាច្រើននៅជប៉ុន កូរ៉េខាងត្បូងទីតាំងទ័ពអាកាសនៅបារ៉ែន និងកាតារ ។

ចំណែកណាតូក៏បានបង្កើតទីតាំងយោធានៅគ្រប់ទិសទីជុំវិញពិភពលោកដែរ ជា ពិសេសគឺប្រទេសដែលជាសមាជិក។
ជាការពិតចិននិងរុស្ស៊ីពិតជាមានក្តីព្រួយបារម្ភយ៉ាងខ្លាំងដែលប្រទេសទាំង២អាចប្រឈមនឹងការនៅឯកោនៅក្នុងយុទ្ធ សាស្ដ្ររារាំងអាមេរិក។ អាមេរិកមានសម្ពន្ធ មិត្ដនៅគ្រប់ទិសទីជុំវិញពិភពលោក ហើយបើសហរដ្ឋអាមេរិកកាត់ផ្ដាច់ទំនាក់ទំនងជាមួយប្រទេសទាំង២នោះប្រទេសដទៃទៀតក៏ត្រូវដើរតាមអាមេរិកកាត់ផ្ដាច់ទំនាក់ ទំនងដូចគ្នាដែរ។ ទាំងនោះហើយចិន និងរុស្ស៊ីប្រាកដជានៅឯកោ។

ការណ៍ដែលចិននិងរុស្ស៊ីចង់អនុវត្ដ យុទ្ធសាស្ដ្ររៀបចំពិភពលោកឡើងវិញ មិនមែនជារឿងងាយស្រួលនោះទេ ពី ព្រោះបច្ចុប្បន្នយុទ្ធសាស្ដ្រនៅលើពិភពលោកស្ថិតក្រោមការរៀបចំរបស់អាមេរិក និងសម្ពន្ធមិត្ដ។ បើចិននិងរុស្ស៊ីចង់ធ្វើរឿងនោះបានជោគជ័យលុះត្រាណាតែយក ឈ្នះអាមេរិកជាមុនសិន។ ការយកឈ្នះ អាមេរិកក្លាយជាប្រទេសមហាអំណាចទី១លើពិភពលោកមិនមែនជារឿងដែលអាច កើតឡើង២-៣ឆ្នាំខាងមុខនោះឡើយគឺ ចិននិងរុស្ស៊ីចាំបាច់ត្រូវប្រើរយៈពេលពី ២០ឆ្នាំឡើងទៅ ហើយក៏មិនប្រាកដថា យកឈ្នះអាមេរិកទាំងស្រុងនោះដែរ៕

7

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print