ភ្នំពេញ៖ តារាកំប្លែងស្រីអ្នកនាងមឿន និមល ហៅនាងប៉េងប៉ោង បានទម្លាយពីក្តីអស់សង្ឃឹមក្នុងការពរពោះកូនជាច្រើនលើកច្រើនសាក្រោយពីរួមរស់ជាមួយស្វាមីអស់រយៈពេល១២ឆ្នាំមកហើយ។ ការមិនទាន់ទទួលបានចំណងដៃកូនជាដំណក់ឈាមនេះក៏ធ្វើឲ្យនាងដាច់ចិត្តដេញប្តីជាទីស្រលាញ់របស់ខ្លួនទៅរកនារីផ្សេង ព្រោះតែនាងមិនចង់ឲ្យប្តីមករងការលំបាកទាំងផ្លូវកាយ និងផ្លូវចិត្តច្រើនជាមួយនាង ប៉ុន្តែស្វាមីនាងនៅតែល្អនិងមិនបោះបង់ចោលនាងគ្រប់កាលទេសៈណាក៏ដោយ។
ការទម្លាយនេះត្រូវបានធ្វើឡើងក្រោយពីពិធីមង្គលការជាថ្មីរបស់នាងត្រូវបានធ្វើឡើងចំថ្ងៃខួបគម្រប់១២ឆ្នាំនៃអាពាហ៍ពិពាហ៍របស់កូនស្រីនាយ វីតាមីនសេ រូបនេះ។ អ្នកនាងប៉េងប៉ោងបានលើកឡើងថា ពិធីរៀបការជាលើកទី២នេះគឺដើម្បីឧបកិច្ចថ្ងៃថ្មីខែថ្មីសម្រាប់ការចាប់ដៃជាមួយស្វាមីដដែលថា អ្នកនាងសុខចិត្តចំណាយថវិការៀបការជាថ្មីទាំងស្រុង បន្ទាប់ពីមានហោរាច្រើននាក់ សុទ្ធតែទស្សន៍ទាយថា ហេតុផលដែលនាំឲ្យនាងអ្នកនាង និងស្វាមីឈឺច្រើន និងមិនអាចពរពោះបានដោយសារតែអាពាហ៍ពិពាហ៍កាលពី១២ឆ្នាំមុនខុសថ្ងៃខែពោលគឺខុសពេលា។ អ្នកនាងបញ្ជាក់ដែរថា កម្មវិធីមង្គលការជាថ្មីរបស់នាងគឺត្រូវបានធ្វើឡើងតាមក្បួនខ្នាតទំនៀមទម្លាប់ប្រពៃណីខ្មែរទាំងអស់ ហើយបំណងសំខាន់របស់ពិធីនេះគឺដើម្បីសុំពរជ័យជាថ្មី ពិសេសគឺនាងចង់បានកូនម្នាក់គ្រាន់ពរនឹងគេ។ អ្នកនាងបញ្ជាក់ថាពេលនេះនាងមានវ័យ៤០ឆ្នាំហើយ ខណៈដែលស្វាមីនាងមានវ័យ៣៧ឆ្នាំ ប៉ុន្តែមិនទាន់មានកូនមួយគ្រាប់នៅឡើយ។ អ្នកនាងប៉េងប៉ោងបានបង្ហាញពីវិប្បដិសារី ដែលមានលទ្ធភាពរកលុយ និងខំតស៊ូរហូតដល់មានកេរ្តិ៍ឈ្មោះនៅក្នុងសិល្បៈ ប៉ុន្តែមិនមានកូនម្នាក់។ នាងបញ្ជាក់ថា ព្រោះតែរឿងកូននាងធ្លាប់ដេកកើតទុកច្រើនរហូតសម្រេចចិត្តបើកផ្លូវឲ្យស្វាមីស្វែងរកនារីដែលល្អ និងអាចធ្វើឲ្យស្វាមីនាងមានកូននិងសប្បាយចិត្ត ប៉ុន្តែស្វាមីនាងនៅតែមិនចាកចេញឆ្ងាយពីជីវិតនាងទេ ពោលគឺកាន់តែអាណិតនិងស្រលាញ់នាងកាន់តែខ្លាំង រហូតដល់ស្វាមីនាងពោលពាក្យមិនជ្រើសរើសយកនារីណាផ្សេងក្រៅពីនាង ហើយសុខចិត្តលំបាកគ្រប់បែបយ៉ាងដើម្បីនាង។ អ្វីដែលនាងចង់បានសម្រាប់ជីវិតស្នេហានាងជាជាងទ្រព្យសម្បត្តិនោះគឺកូនដែលជាតំណក់ឈាមរួមគ្នាមួយ ហើយនាងក៏មានជំនឿទាំងលើផ្នែកវិទ្យាសាស្ត្រនិងក្បួនទំនាយពីបុរាណដែរ ទើបនាងសម្រេចចិត្តទាំងថែទាំសុខភាពដោយធ្វើតាមការណែនាំក្រុមគ្រូពេទ្យ និងរៀបចំពិធីមង្គលការចំថ្ងៃទី២ ខែមករា ឆ្នាំ២០១៧នេះ ដែលជាពេលាល្អនោះ។
អ្នកនាងប៉េងប៉ោង បានអះអាងថា អាពាហ៍ពិពាហ៍ជាលើកទី២របស់ខ្លួន ធ្វើឡើងនៅភោជនីយដ្ឋានសេវិនប្រាយផ្សារមាន់អាំង ដោយមានតារាសិល្បៈ និងភ្ញៀវកិត្តិយសជាង៤០០នាក់ចូលរួម។ វត្តមានតារាសម្តែង តារាចម្រៀង ពិធីករល្បីឈ្មោះជាច្រើនរូបបានបង្ហាញវត្តមានក្នុងកម្មវិធីទទួលទានអាហារ និងសុំពរជ័យជាថ្មីពីមិត្តរួមអាជីពផងដែរ៕
ដោយ៖ វឌ្ឍនា