ហេតុអ្វីថៅកែទីតាំងវីងមិនបើកលុយឲ្យអតិថិជន?

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋម្ចាស់ ប្រាក់ដែលកូនចៅផ្ញើមកពីប្រទេសថៃចេះ តែមានចម្ងល់ថា ហេតុអ្វីបានជាថៅកែ ទីតាំងវេរលុយវីងនៅស្រុកមោងឫស្សីមិន បើកប្រាក់បញ្ញើឲ្យអតិថិជន? បើតាមការ សង្ស័យរបស់អតិថិជនជាច្រើនទំនងជា ចង់សុីដាច់ ។ យ៉ាងណាក៏ដោយស្ត្រីម្ចាស់ ទីតាំងវេរលុយវីងនេះត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនហើយ ។ តើមានរឿងអ្វីនៅពី ក្រោយខ្នងនៃការព្យាយាមមិនបើកប្រាក់ ឲ្យអតិថិជននេះ?

ស្ត្រីម្នាក់ជាម្ចាស់ទីតាំងវីងវេរលុយវីងត្រូវបានលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបញ្ជាឲ្យឃាត់ខ្លួនកាលពីវេលាម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ក្រោយពីស្ត្រីរូបនេះព្យាយាមមិនព្រមបើកលុយឲ្យអតិថិជនខ្លួនរាប់សិបនាក់ដែល កំពុងចោមរោមបើកលុយនៅកន្លែងរបស់ ខ្លួនដែលកូនចៅរបស់ពួកគាត់ផ្ញើមកពី ប្រទេសថៃ ។

លោក គិត ហ៊ាង អធិការនគរបាល ស្រុកមោងឫស្សីបានឲ្យដឹងថា ស្ត្រីដែល ត្រូវឃាត់ខ្លួនឈ្មោះ ជា សុម៉ាលី អាយុ៣២ ឆ្នាំ ជាម្ចាស់ទីតាំងវីងវេរលុយយីហោ ចំរើន សុម៉ាលី នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោង ឫស្សី (លើផ្លូវជាតិលេខ៥) ។

លោកអធិការបន្តថា ប៉ុន្មានថ្ងៃជាប់ៗគ្នាមានប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាទៅបើកលុយដែលកូនចៅពួកគាត់ផ្ញើ មកពីប្រទេសថៃនៅកន្លែងវីងវេរលុយនេះ ប៉ុន្តែស្ត្រីម្ចាស់ទីតាំងវីងមិនព្រមបើកឲ្យ ទើប លោករាយការណ៍ទៅលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ហើយលោកព្រះរាជអាជ្ញាក៏សម្រេចបញ្ជាឲ្យសមត្ថ កិច្ចឃាត់ខ្លួនស្ត្រីម្ចាស់ផ្ទះនេះជាបណ្ដោះអាសន្នតែម្ដងដើម្បីសួរនាំ ។

ក្រុមប្រជាពលរដ្ឋដែលកំពុងចោមរោមនៅកន្លែងវីងវេរលុយយីហោ ចំរើន សុម៉ាលី របស់ស្ត្រីឈ្មោះ ជា សុម៉ាលី បាននិយាយ ប្រាប់សមត្ថកិច្ចថា ពួកគេម្នាក់ៗបានមកបើក លុយដែលកូនចៅធ្វើកម្មករនៅប្រទេសថៃផ្ញើមកឲ្យតែត្រូវស្ត្រីម្ចាស់ផ្ទះវីងវេរលុយឈ្មោះ ជា សុម៉ាលី បដិសេធថា មិនមាន ទឹកប្រាក់ដែលត្រូវផ្ញើពីប្រទេសថៃមកឲ្យ ពួកគាត់ទេ។ ពួកគាត់និយាយថា អ្នកមកបើកលុយខ្លះមានទឹកប្រាក់ដែលកូនចៅខ្លួន ផ្ញើមកឲ្យដែរតែថៅកែស្រីព្យាយាមគេចវេះមិនព្រមបើកឲ្យឡើយក្រោមហេតុផល ផ្សេងៗតាមតែស្ត្រីរូបនេះចង់និយាយ ។

បើតាមការបញ្ជាក់ពីក្រុមអ្នកបើកលុយបានប្រាប់ថា មានអ្នកខ្លះត្រូវកូនចៅផ្ញើលុយ មកឲ្យច្រើនថ្ងៃហើយតែម្ចាស់វីងវេរលុយនេះនៅតែគេចវេះមិនព្រមបើកឲ្យដោយ សន្យាថ្ងៃនេះថ្ងៃនោះមិនឈប់ ។ ដូច្នេះ ហើយទើបនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ ២០១៧ ប្រជាពលរដ្ឋទាំងអស់លើកគ្នា មកតវ៉ាដល់មុខផ្ទះជាថ្មីដើម្បីសុំបើកលុយ តែម្ចាស់ផ្ទះនៅតែមិនព្រមពួកគាត់ក៏ប្ដឹង សមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្ដង ។

សមត្ថកិច្ចស្រុកមោងឫស្សីបានបង្ហើប ឲ្យដឹងថា បើតាមចម្លើយបឋមពីអតិថិជនដែលមានឈ្មោះត្រូវបើកលុយនៅទីតាំង វីងវេរលុយខាងលើនេះគឺអាចមានទំហំទឹកប្រាក់រហូតដល់រាប់លានបាត(ប្រាក់ថៃ)ឯណោះ។ មន្ត្រីដដែលបញ្ជាក់ថា ទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់នេះទំនងមិនមែន ទើបនឹងផ្ញើមកក្នុងពេលថ្មីៗនេះទេគឺអាចផ្ញើមកជាបន្តបន្ទាប់ តែម្ចាស់វីងវេរលុយនេះមិនព្រមបើកឲ្យអតិថិជនរបស់ខ្លួនដែល ទំនងស្ត្រីរូបនេះចង់ស៊ីដាច់ប្រាក់អតិថិជន នេះបើតាមការអះអាងរបស់អតិថិជនដែលកំពុងចោមរោមបើកលុយពីទីតាំងវីងវេរ លុយខាងលើ ។

លោក គិត ហ៊ាង អធិការស្រុកមោង ឫស្សីបានឲ្យដឹងថា ស្ត្រីឈ្មោះ ជា សុម៉ាលី ត្រូវបានឃាត់ខ្លួនតាមបញ្ជាលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដោយជាប់សង្ស័យពីបទឆបោក និងបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកមោង ឫស្សីដើម្បីសួរនាំមុនពេលកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមច្បាប់ ៕

btb-1 btb-2

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print